website_news:2022130704

ពលករខ្មែរស្នើសុំអន្តរាគមន៍ពីអគ្គកុងស៊ុលខ្មែរនៅថៃ បន្ទាប់ពីតម្រួតថៃតម្រូវឱ្យពួកគេបង់ប្រាក់ប្រចាំខែ ៦០០បាត

https://www.rfa.org/khmer/ ដោយ សុជីវី 2022.07.12

ពលករខ្មែរជាង ១០នាក់ ស្នើសុំអគ្គកុងស៊ុលខ្មែរនៅអារញ្ញ ប្រទេសថៃ អន្តរាគមន៍កុំឱ្យប៉ូលិសថៃបង្ខំពួកគេបង់ប្រាក់ចំនួន ៦០០បាត ក្នុងមួយខែ។ អគ្គកុងស៊ុលខ្មែរនៅអារញ្ញ បដិសេធថា គ្មានការបង្ខំឱ្យបង់លុយពីតម្រួតថៃនោះទេ។ ពលករខ្មែរអូសរទេះនៅផ្សារ៉ុងក្លឿ ជាង១០នាក់ បានទៅអគ្គកុងស៊ុលខ្មែរនៅស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ សុំអាជ្ញាធរខ្មែរឱ្យជួយពួកគេកុំឱ្យថៃបង្ខំបង់លុយប្រចាំខែ ៦០០បាត។

ពលករខ្មែរធ្វើការនៅថៃ លោក សៅ ណារិន បង្ហាញការព្រួយបារម្ភថា ការបង្ខំឱ្យពលករខ្មែរបង់លុយប្រចាំខែ៦០០បាតបន្ថែមនេះ នឹងធ្វើឱ្យជីវភាពរបស់លោកកាន់តែជួបការលំបាក។ លោកស្នើសុំឱ្យអគ្គកុងស៊ុលខ្មែរជួយដោះស្រាយបញ្ហានេះ៖ «បើសិនជាការយកលុយហ្នឹងវាស្របច្បាប់ត្រូវតែមានក្រដាសស្នាម មានវិក្កយបត្រ មានចុងសន្លឹកអីត្រឹមត្រូវ ប៉ុន្តែអានេះគឺជាការបំពានសិទ្ធិកម្មករធ្ងន់ធ្ងរណាស់ ហើយវាជាការគំរាមកំហែងមួយធ្ងន់ធ្ងរ អារបៀបហ្នឹងឱ្យបញ្ឈប់ជាបន្ទាន់ សកម្មភាពបែបហ្នឹងនោះ»។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ឌិន ពុទ្ធី ចាត់ទុកការចាប់បង្ខំឱ្យពលករខ្មែរនៅផ្សារ៉ុងក្លឿបង់លុយនេះថា ជាការជម្រិតទារប្រាក់ដោយខុសច្បាប់ ព្រោះកន្លងមក ប្រទេសកម្ពុជាបានចុះអនុស្សរណៈយោគយល់ជាមួយប្រទេសថៃថា អនុញ្ញាតដល់ពលករខ្មែរដែលធ្វើការចម្ងាយ៥០០ម៉ែត្រពីព្រំដែនខ្មែរ ថៃ មិនបាច់មានប័ណ្ណការងារ ឬការបង់លុយអ្វីផ្សេងៗឡើយ ហើយផ្សាររ៉ុងក្លឿ នៅមិនហួសពីព្រំដែនកម្ពុជា ថៃ៥០០ម៉ែត្រឡើយ ខុសពីផ្សារលើដែលនៅឆ្ងាយពីព្រំដែន។ លោកស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការចាប់ជម្រិតទាប្រាក់នេះ ព្រោះពលករខ្មែរធ្វើការនៅប្រទេសថៃកំពុងប្រឈមជីវភាពលំបាកពីការឡើងថ្លៃសាំង និងការរីករាលដាលជំងឺកូវីដ១៩។ «»

ជុំវិញរឿងនេះដែរ ជំនួយការអគ្គកុងស៊ុលខ្មែរ លោក នៀត បាន លើកឡើងថា អគ្គកុងស៊ុលខ្មែរបានទទួលការស្នើសុំអន្តរាគមន៍ពីពលករខ្មែររួចហើយ តែលោកបានបដិសេធចំពោះការចោទប្រកាន់ថាមានតម្រួតថៃបានចាប់បង្ខំពលករខ្មែរឱ្យបង់លុយ ព្រោះគ្មានភស្តុតាងណាមួយមកបញ្ជាក់ឡើយ។ លោកបញ្ជាក់ថា វាជារឿងមិនត្រឹមត្រូវនោះទេ បើសិនជាអាជ្ញាធរថៃពិតជាចាប់បង្ខំឱ្យពលករខ្មែរបង់លុយមែននោះ អគ្គកុងស៊ុលនឹងចុះជួយពលករខ្មែរ៖ «រឿងវាអត់ទាន់មានភស្តុតាងទេ គេមិនទាន់បានចាប់ បានស្អីទេបងណា គេមិនទាន់បានចាប់ទេ ខ្ញុំចុះមកធ្វើការហើយ លោកអគ្គកុងស៊ុលឱ្យខ្ញុំចុះមកធ្វើការហើយ នៅគោលដៅខាងអើ តំបន់គោលដៅគេហៅថាអើផ្សារ៉ុងក្លឿហ្នឹង»។

ប្រភពពីពលករខ្មែរឱ្យដឹងថា ពលករខ្មែរធ្វើការនៅប្រទេសថៃ តែងតែរងការគំរាមកំហែងកន្លងមកពីអាជ្ញាធរថៃ និងម្ចាស់ក្រុមហ៊ុនថៃ។ តម្រួតថៃ ដែលមានឈ្មោះជាន ជាអ្នកដឹកនាំ បានចាប់ពលករខ្មែរអូសរទេះជិត៤០នាក់នៅផ្សារ៉ុងក្លឿ យកទៅកត់ឈ្មោះ លេខទូរស័ព្ទ និងបង្ខំឱ្យបង់លុយប្រចាំខែ៦០០បាត នៅប៉ុស្តិ៍នគរបាលថៃខ្លងឡឹក កាលពីថ្ងៃទី៥ កក្កដាកន្លងទៅ។ ពលករខ្លះបានបង់លុយ តែពួកគេមិនបានទទួលវិក្កយបត្រ ឬលិខិតស្មាមថា បង់ទៅលើថ្លៃអ្វីនោះទេ។ ចំពោះអ្នកដែលមិនបានបង់លុយ តម្រួតថៃបានដាក់កំហិតឱ្យបង់លុយមុនថ្ងៃទី១៥ កក្កដា នឹងបានគម្រាមថា បើសិនជាពួកគេមិនបង់លុយប្រចាំខែទេ តម្រួតថៃនឹងឃាត់ខ្លួន ដកហូតរទេះយកទៅទុក៕

website_news/2022130704.txt · Last modified: 2022/07/13 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki