website_news:2022130901

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរខេត្ត និងសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេស ពង្រឹងការទប់ស្កាត់ការជួញដូរមនុស្ស និងករណីគ្រឿងញៀន ឆ្លងដែន

https://gntimes.com/news/6266 ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២

ប៉ៃលិន៖ លោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការរត់ពន្ធមនុស្ស (ជួញដូរមនុស្ស) បទល្មើសគ្រឿងញៀន ឆ្លងដែន តែងតែកើតមានជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តជាប់ព្រំដែន ប៉ុន្តែសមត្ថកិច្ច ក៏បានបង្ក្រាបជាច្រើនករណីដែរ ដូច្នេះ សូមឲ្យអាជ្ញាធរខេត្ត និងសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ត្រូវពង្រឹងការទប់ស្កាត់ ករណីជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន ឆ្លងដែន ជាបន្តទៀត ។ លោក អ៊ុត សំអន មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តប៉ៃលិន កាលពីល្ងាចថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២២ នៅសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។

លោក អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ គណៈអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ត្រូវរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ។ ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរខេត្ត ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ជាពិសេស បង្កើនការចូលរួមទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ ។

សូមបញ្ជាក់ថា អភិបាលរងខេត្តប៉ៃលិន ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន៖ ទី១. លោក ម៉ើង លីដា ឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តប៉ៃលិន, ទី២. លោក អ៊ុន ប៊ុនលី ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពីនាយករដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន, ទី៣. លោក រស់ នឿន ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីនាយករងរដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន, ទី៤. លោក សោ សុវណ្ណ ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពីនាយករងរដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន, ទី៥. លោក ងួន លីណា ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៤ ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន និងទី៦. លោក សុខ ពិសី ឋានន្តរស័ក្កិវរអភិបាល ថ្នាក់លេខ៣ ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ផងដែរ ៕ អត្ថបទ សុវណ្ណារិទ្ធ

website_news/2022130901.txt · Last modified: 2022/09/13 09:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki