website_news:2022130905

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយស្ថានទូតម៉ាឡេស៊ីនៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក

https://www.information.gov.kh/articles/85903 វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ០៩ ២០២២

ភ្នំពេញ ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការធ្វើការជាមួយស្ថានទូតម៉ាឡេស៊ី នៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក ខណៈដែល ឧក្រិដ្ឋកម្មទាំងនេះកើតឡើងនៅគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬធំនោះឡើយ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនា តាមទូរស័ព្ទជាមួយ ឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato' Sri Saifuddin Abdullah) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងសមភាគីម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា បានសម្ដែងនូវអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ «ជំនួយជាច្រើន» និងបានបំពេញ «ការងារដ៏ល្អ» ក្នុងការជួយសង្រ្គោះជនរងគ្រោះ។

ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរថា មានជនជាតិ ម៉ាឡេស៊ីជាច្រើននាក់ ដែលចូលមកកម្ពុជា ដើម្បីធ្វើជំនួញនិងធ្វើការយ៉ាងជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះ ដែល រងគ្រោះ ដោយសារការបោកប្រាស់ការងារ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា ថា ឧក្រិដ្ឋកម្មទាំងនេះកើតឡើងនៅគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬធំនោះទេ ហើយយើង ទាំងអស់គ្នាត្រូវតែប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ ដោយគូសបញ្ជាក់ថា មធ្យោបាយដ៏ល្អបំផុតដើម្បី ដោះស្រាយបញ្ហានេះ គឺត្រូវរួមដៃគ្នា និងមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានធានាចំពោះសមភាគីរបស់ឯកឧត្ដម អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ កម្ពុជា ក្នុងការធ្វើការជាមួយស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ទាំងនេះ៕

website_news/2022130905.txt · Last modified: 2022/09/13 09:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki