website_news:2022131002

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ម្សិលមិញសមត្ថកិច្ចកម្ពុជាទទួលបានបណ្តឹង ៧ទៀត ដែលស្នើឲ្យជួយសង្គ្រោះ

https://freshnewsasia.com/index.php/en/localnews/260326-2022-10-11-09-47-46.html 2022-10-11 04:47pm

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៩ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ៧ករណីទៀត ដែលស្នើឲ្យជួយសង្រ្គោះជនបរទេស និងខ្មែរសរុបទាំងអស់ចំនួន ៥០នាក់។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឲ្យដឹងថា សំណើទាំង៧ករណីនេះរួមមាន៖ ស្នើឲ្យសង្រ្គោះជនជាតិខ្មែរម្នាក់ និងវៀតណាម ៤៦នាក់ ចិនម្នាក់ ឥណ្ឌូនេស៊ី ២នាក់។ បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៤៤៩ករណី មានមនុស្ស ១១៧២នាក់ មាន ១៣សញ្ជាតិ។

២៖ ស្រាវជ្រាវអង្កេតបឋមបាន ២៦២សំណើ នៅសល់ ១៨៧សំណើ (រកឃើញ ៦០៣នាក់, ឃាត់ខ្លួន ៦៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ៕

website_news/2022131002.txt · Last modified: 2022/10/13 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki