website_news:2022131003

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ថ្ងៃនេះសមត្ថកិច្ចកម្ពុជាទទួលបានបណ្តឹង៨ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស៥៧នាក់

http://freshnewsasia.com/index.php/en/localnews/260498-2022-10-11-14-21-08.html 2022-10-11 09:21pm

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១០ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ៨ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនបរទេស និងខ្មែរសរុបទាំងអស់ចំនួន ៥៧នាក់។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា សំណើទាំង៨ករណីនេះរួមមាន៖

ស្នើឱ្យសង្រ្គោះជនជាតិខ្មែរ ១នាក់, វៀតណាម ៣២នាក់, ចិន០២នាក់ ឥណ្ឌូនេស៊ី ២១នាក់ និងហ្វីលីពីន ១នាក់។ បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៤៥២ករណី មានមនុស្ស ១,១៨០នាក់ មាន ១៣សញ្ជាតិ។

២៖ ស្រាវជ្រាវអង្កេតបឋមបាន ២៥១សំណើ នៅសល់ ៦៤សំណើ (រកឃើញ ៥៦៦នាក់, ឃាត់ខ្លួន ៧៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ៕

website_news/2022131003.txt · Last modified: 2022/10/13 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki