website_news:2022131204

ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃ ត្អូញត្អែរពីថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយមិនបើកប្រាក់ខែឲ្យពួកគាត់

https://www.rfa.org/khmer/news/social-economy/a-group-of-cambodian-workers-working-in-thailand-complain-about-their-employers-exploiting-them-for-not-paying-their-salaries-12112022182701.html ដោយ ជាតិ ចំណាន2022.12.11

ពលករខ្មែរមួយក្រុមធ្វើការសំណង់នៅប្រទេសថៃ ត្អូញត្អែរពីថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយមិនបើកប្រាក់ខែឲ្យពួកគាត់អស់ជាច្រើនខែ។ ពួកគាត់ថា ពេលទៅទាមទារបើកប្រាក់ខែ ថៅកែថៃគំរាមហៅប៉ូលិសមកចាប់ ហើយមកទល់ពេលនេះនៅមិនទាន់បានសំណងត្រឹមត្រូវពីថៅកែថៃនោះទេ។ ពលករខ្មែរប្រមាណ៥០នាក់ ធ្វើការសំណង់នៅខេត្តរ៉ាក់យ៉ង (Rak Yong) ប្រទេសថៃ ត្រូវថៅកែថៃ បោកប្រាស់ មិនព្រមបើកប្រាក់ឈ្នួលឲ្យពួកគាត់ ក្នុងម្នាក់ៗប្រហែល៣ខែហើយ។ ពួកគាត់បានចាកចេញពីថៅកែចាស់ឈ្មោះលោក វីឆា និងលោកស្រី ចេ នីម ជាអ្នកម៉ៅការសំណង់ក្រុមហ៊ុន ណាខនសាវ៉ាន់គ្រូប (Nakhon Sawan Group)ទៅរកការងារថ្មីធ្វើនៅទីក្រុងបាងកក និងនៅខេត្តផ្សេងៗទៀត ដោយមិនទាន់បានទទួលសំណងពីថៅកែចាស់នោះឡើយ។

ពលករខ្មែរម្នាក់ ធ្វើការក្នុងប្រទេសថៃជិត១០ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ លោក ដន សន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែធ្នូ ថា លោក និងពលករខ្មែរ រួមនឹង ភូមា (Myanmar) ប្រមាណ៨០នាក់ ត្រូវថៅកែថៃ ប្រើឲ្យធ្វើការ ដោយសន្យាបើកប្រាក់ខែឲ្យពួកគាត់ ប៉ុន្តែមិនព្រមបើកឱ្យអស់ជាច្រើនខែហើយឲ្យរហូតមកទល់ពេលនេះ។ លោកបន្តថា លោក និងពលករឯទៀត បានទៅរកការងារនៅកន្លែងផ្សេង ដើម្បីរកប្រាក់មកចាយវាយប្រចាំថ្ងៃ ព្រោះបើចាំថៅកែចាស់នោះ ពួកគាត់នឹងគ្មានអាហារហូបនោះទេ។លោកស្នើដល់ស្ថានទូតខ្មែរ ជួយដល់ពលករខ្មែរឲ្យទទួលបានសំណងសមរម្យពីថៅកែថៃ៖ «អត់បង! អត់! សព្វថ្ងៃអត់មានឲ្យខ្ញុំទេបង កាលណាយើងទៅទារទៅរករឿងយកតម្រួតមកគំរាមយើង។ បងដឹងថៅកែហ្នឹងវាដូចថា វាបើកលុយហើយអត់ឲ្យយើង វាអត់ឲ្យយើងបណ្ដោយបង។ ខ្ញុំធ្វើការនៅថៃយូរឆ្នាំដែរហើយ ប្រហែលជាបួនដប់ឆ្នាំ អត់ដែលប៉ះទេបង ទើបប៉ះមួយនេះឯងអត់ឲ្យយើងបណ្ដោយ»។

ចំណែកពលករខ្មែរម្នាក់ទៀត ជាអ្នកបកប្រែនៅខេត្តសុរិន្ទ (Surin) លោក ជ័យ មង្គល ប្រាប់ថា លោកតែងទៅជួយសម្របសម្រួល នៅពេលដែលថៅកែថៃកេងប្រវ័ញ្ចពលករខ្មែរ។ លោកបញ្ជាក់ថា ពលករខ្មែរជាច្រើនដែលថៅកែមិនបើកប្រាក់ឈ្នួលឲ្យ និងរងការរំលោភសិទ្ធិការងារនោះ មានដូចជា កម្មករសំណង់ កម្មកររោងចក្រ និងកម្មករក្នុងវិស័យផ្សេងទៀត។ លោកអំពាវនាវដល់ក្រសួងការងារកម្ពុជា និងស្ថានទូតខ្មែរចុះជួយពលករដែលកំពុងរងទុក្ខលំបាក ដោយសារថៅកែកេងប្រវ័ញ្ចទាំងនោះ៖ «បើថៅកែហ្នឹងមិនបើកអាប្រាក់ខែឲ្យយើង យើងអាចទៅប្ដឹងបានតើ! ខ្ញុំធ្លាប់ធ្វើបកប្រែឲ្យកម្មករខ្មែរនៅថៃប៉ុន្មានដងហើយបាទ អាហ្នុងជួនកាលគាត់អត់ដឹងណា ជួនកាលគាត់ខ្លាចគាត់ យើងមិនដឹងថាគាត់ទៅដោយស្ថានភាពយ៉ាងណានោះណា ការងារកម្មករអត់មានក្រដាសស្នាមអ៊ី អាហ្នុងធ្វើឲ្យគាត់ខ្លាច»។ កន្លងមកក៏មានពលករខ្មែរប្រមាណមួយរយនាក់ ធ្វើការសំណង់នៅទីក្រុងបាងកក ត្រូវថៅកែថៃ មិនបើកប្រាក់ខែឲ្យពួកគាត់ដែរ។ ពួកគាត់ខ្វះស្បៀងអាហារ អស់ជាច្រើនខែ ហើយក៏មិនបានទទួលសំណងពីថៅកែថៃដូចគ្នា។

ជុំវិញរឿងនេះ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (Central) លោក លឹង សុផុន លើកឡើងថា ពលករខ្មែរ ដែលភាគច្រើនថៅកែថៃមិនសូវគោរពសិទ្ធិការងាររបស់ពួកគាត់ គឺច្រើនតែពលករមានឯកសារមិនគ្រប់គ្រាន់ និងពលករដែលឆ្លងដែនទាំងប្រថុយប្រថាន។ ទោះយ៉ាងណាលោកស្នើដល់ ពលករខ្មែរត្រូវសិក្សាឲ្យបានច្បាស់លាស់ពីការងារនៅប្រទេសថៃ ដើម្បីចូលធ្វើការងារឱ្យស្របច្បាប់ ហើយជៀសវាងថៅកែរំលោភបំពាន៖ «បងប្អូនពលករដែលគេមិនបើកលុយឲ្យ ភាគច្រើនអ្នកដែលរ៉ាប់ម៉ៅតគ្នាអ៊ីចឹង ថៅកែរ៉ាប់ម៉ៅហ្នឹងគាត់ គាត់ថាពេលខ្លះទៅគាត់អត់មានលុយបើកឲ្យទៅ ពេលខ្លះទៅគាត់ចេះតែពន្យារណា មិនដឹងថាជាលេសរបស់គាត់ ឬជាស្អីទេ តែគាត់លក្ខណៈថា អើ!ចាំសន្យាអ៊ីចឹង ពលករភាគច្រើនគាត់មិនដឹងជាទៅណាគាត់អត់មានលុយក្នុងការហូបគ្រប់គ្រាន់អ៊ីចឹង គាត់ក៏លក្ខណៈនៅចាំអ៊ីចឹងទៅ ហើយធ្វើការខ្ចីលុយគេចាយហូបប្រចាំថ្ងៃអ៊ីចឹងទៅណា»។ មន្ត្រីសង្គមស៊ីវិលរូបនេះ ក៏ធ្លាប់លើកឡើងថា រដ្ឋាភិបាលខ្មែរ និងថៃ គួរតែឲ្យពលករខ្មែរធ្វើឯកសារការងារ បង់សេវាក្នុងតម្លៃសមរម្យ ដើម្បីងាយស្រួលដល់ពួកគាត់ទទួលបានការងារស្របច្បាប់។

របាយការណ៍របស់ក្រសួងការងារកម្ពុជា ឲ្យដឹងថា ពលករខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេសថៃ ហើយបានចុះក្នុងបញ្ជីការងាររបស់ក្រសួងស្របតាមស្តង់ដារប្រមាណ មួយលានពីរសែន (១.២០០.០០០) នាក់។ ចំណែករបាយការណ៍របស់អង្គការសង់ត្រាល់ (Central) រកឃើញថា ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់មានជាងពីរលាន(២.០០០.០០០)នាក់៕

website_news/2022131204.txt · Last modified: 2022/12/13 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki