website_news:2022131206

អ្នកធ្វើការងារសិទ្ធិស្ត្រីទទូចឲ្យរដ្ឋាភិបាលបង្កើតច្បាប់ប្រឆាំងការរើសអើងលើស្ត្រី និងយែនឌ័រ

https://www.rfi.fr/km//20221212-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 12/12/2022

គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី (NGO-CEDAW) ទទួចឲ្យរដ្ឋាភិបាលកម្ពុជាដាក់ចេញជាជំហានចាំបាច់ដើម្បីឆ្ពោះទៅរកជោគជ័យលើកការងារប្រឆាំងការរើសអើងលើស្ត្រី និងអ្នកដែលមិនកំណត់អត្តសញ្ញាណយែនឌ័រ។ ការទទួចបែបនេះធ្វើឡើងសម្រាប់យុទ្ធនាការ១៦ថ្ងៃ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក៏ដូចជាសម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២២នេះផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃទី៩ធ្នូដែលទើបតែចេញផ្សាយជាសាធារណៈនៅថ្ងៃទី១២ធ្នូ អង្គការមិនមែនរដ្ឋាភិបាលចំនួន១៧ស្ថាប័នដែលធ្វើការងារផ្តោតលើសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលបង្កើតច្បាប់ប្រឆាំងនឹងការរើសអើងដែលមានលក្ខណៈពេញលេញ។ នោះដើម្បីធានាថាយន្តការច្បាប់នេះត្រូវបានអនុវត្តនូវសិទ្ធិរបស់ស្ត្រី ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញាស៊ី-ដ ហើយលុបចោលរាល់មាត្រាទាំងអស់នៅក្នុងច្បាប់ទាំងឡាយណាដែលមិនស្របនឹងសិទ្ធិទាំងនេះ។ ក្រៅពីការអំពាវនាវឲ្យបង្កើតប្រឆាំងការរើសអើង ក្រុមអង្គការទាំងនោះ ក៏អំពាវនាវឲ្យរដ្ឋាភិបាល បម្រុងថវិកាជំនួយរយៈពេលវែងសម្រាប់អនុវត្តការងារបញ្ជ្រាបយែនឌ័រ ប្រយោជន៍បង្កើនសមភាពយែនឌ័រលើគ្រប់វិស័យ។ រដ្ឋាភិបាលក៏ចាំបាច់ធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដើម្បីឆ្លុះបញ្ចាំងថាសិទ្ធិរបស់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាស្របទៅតាមជម្រើសរបស់ពួកគេក្នុងការទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។

ក្រុមអ្នកធ្វើការខាងសិទ្ធិ ក៏ទទួចផងដែរឲ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិខាងការងារ(ILO)លេខ១៩០ស្តីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ និងផ្តល់និយមន័យគ្រប់ជ្រុងជ្រោយ និងផ្តល់ដំណោះស្រាយគ្រប់ទម្រង់នៃការបៀតបៀន។ អំពើបៀតបៀននេះ ត្រូវបានអង្គការសង្គមស៊ីវិលកត់សំគាល់ថា តែងតែកើតឡើងទៅលើស្ត្រីជាអ្នកតវ៉ានៅក្រុមហ៊ុនណាហ្គាវើលដ៍ពីសំណាក់កងសន្តិសុខ ហើយបុគ្គលដែលប្រព្រឹត្តិគួរតែត្រូវចាប់ឲ្យទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ៕

website_news/2022131206.txt · Last modified: 2022/12/13 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki