website_news:2022131208

រដ្ឋមន្ត្រីការងារ ដាក់ឲ្យប្រើប្រាស់សៀវភៅគោលការណ៍ ណែនាំស្តីពីអធិការកិច្ចការងារ ជាផែនទីបង្ហាញផ្លូវ សម្រាប់ចុះធ្វើអធិការកិច្ចការងារ

http://freshnewsasia.com/index.php/en/localnews/269338-2022-12-12-07-41-20.html 2022-12-12 02:41pm

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ នូវសៀវភៅគោលការណ៍ណែនាំ ស្តីពីអធិការកិច្ចការងារ ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់ សម្រាប់អធិការការងារ សម្រាប់ពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣។

លោក អ៉ិត សំហេង បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកែសម្រួលយន្តការអធិការកិច្ចការងារ តាមរយៈការច្របាច់បញ្ចូលគ្នាក្រុមអធិការកិច្ចការងារច្រើនក្រុមឱ្យទៅជាក្រុមអធិការកិច្ចការងារតែមួយ និងទំនើបកម្មការធ្វើអធិការកិច្ចការងារផ្ទៃក្នុង សំដៅលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ ដោយក្រសួងបានបន្តពង្រឹងយន្តការក្រុមអធិការកិច្ចការងារតែមួយ សំដៅកាត់បន្ថយការរំខានដល់ប្រតិបត្តិការអាជីវកម្ម កាត់បន្ថយបន្ទុករបស់ម្ចាស់រោងចក្រ សហគ្រាស និងធានាប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងចុះអធិការកិច្ច ដោយផ្តោតលើចំណាត់ថ្នាក់នៃកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសនីមួយៗ។ គិតត្រឹម៩ខែ ឆ្នាំ២០២២ ក្រសួងបានចុះអធិការកិច្ចការងារសរុបចំនួន ៣ ៤៦៤លើក ក្នុងនោះអធិការកិច្ចការងារសាមញ្ញចំនួន ៣ ៣៤៤លើក ចុះធ្វើអធិការកិច្ចតាមដានការដាក់កំហិតចំនួន ១០លើក និងចុះអធិការកិច្ចការងារពិសេសចំនួន ១១០លើក។

តាមរយៈការចុះអធិការកិច្ចការងារនេះ ពិនិត្យឃើញថា អត្រារោងចក្រ សហគ្រាស ដែលមិនអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានទាក់ទងនឹងវិស័យការងារមានការថយចុះជាបន្តបន្ទាប់។ ក្រសួងបានអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងវិស័យការងារឱ្យក្លាយជាអធិការការងារ អធិការពេទ្យការងារ និងអភិបាលការងារ ដោយបានផ្តល់វិក្រឹត្យការដល់មន្ត្រីអធិការកិច្ចការងារ ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ជាមន្ត្រីនគរបាលយុត្តិធម៌។ បន្ថែមលើនេះទៀត ដើម្បីគ្រប់គ្រងទិន្នន័យអធិការកិច្ចការងារ សំដៅពង្រឹងប្រសិទ្ធភាពនៃចុះអធិការកិច្ចការងារ ក្រសួងបានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃ១ ខែមករា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា តាមរយៈវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់សំដៅពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់បរិយាយកាសវិនិយោគនៅកម្ពុជាក្នុងនោះ បានកំណត់នូវអាទិភាពក្នុងការរៀបចំក្រុមអធិការកិច្ចអន្តរស្ថាប័ន និងចុះតែមួយលើកចំពោះគោលដៅតែមួយ ដោយច្របាច់បញ្ចូលក្រុមអធិការកិច្ចទាំងអស់ឱ្យទៅជាក្រុមតែមួយនិងចុះតែមួយលើកក្នុង១ឆ្នាំ ចំពោះគោលដៅមួយ ដោយរៀបចំជាបញ្ជីសកម្មភាពអធិការកិច្ចនិងការកំណត់ពេលវេលាចុះឱ្យបានច្បាស់លាស់ លើកលែងតែមានករណីចាំបាច់ ឬករណីមានបទល្មើស ដែលត្រូវឱ្យមានការធ្វើអធិការកិច្ចពិសេសដោយឡែក របស់ក្រុមការងារជំនាញមានសមត្ថកិច្ច។ បច្ចុប្បន្ន ក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្ដរស្ថាប័នក្នុងវិស័យចំនួន ៣ ត្រូវបានបង្កើត រួមមាន វិស័យកម្មន្ដសាល, វិស័យ កសិកម្ម និងវិស័យឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធចំនួន ៦ ដូចជា វិស័យកម្មន្ដសាល វិស័យកសិកម្ម និងវិស័យឧស្សាហកម្មទេសចរណ៍។ លោករដ្ឋមន្ត្រីសង្ឃឹមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នឹងចូលរួមអនុវត្តតាមសៀវភៅគោលការណ៍ណែនាំនេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងណែនាំនូវចំណុចមួយចំនួនដូចខាងក្រោម៖

១. អគ្គនាយកដ្ឋានការងារបន្តអនុវត្តឱ្យបានសមស្រប និងទទួលបន្ទុកដឹកនាំសម្របសម្រួល ភាគីពាក់ព័ន្ធ ក្នុងតាមដាន និងត្រួតពិនិត្យលើការអនុវត្តរាល់វិធានការ និងសកម្មភាពដែលបានដាក់ចេញក្នុងសៀវភៅគោលការណ៍ណែនាំនេះ ឱ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមការរំពឹងទុក។

២. អធិការការងារទាំងអស់ត្រូវតែស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការចុះធ្វើអធិការកិច្ចការងារ សំដៅធានាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។

៣. អធិការការងារទាំងអស់ត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីក្លាយជាអធិការងារដែលមានសមត្ថភាពក្នុងការបំពេញ ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕

website_news/2022131208.txt · Last modified: 2022/12/13 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki