website_news:2022140201

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យកូរ៉េខាងត្បូងបង្កើនកូតាសម្រាប់ពលករកម្ពុជា និងអរគុណចំពោះការផ្តល់វ៉ាក់សាំងដល់ពួកគេ

http://freshnewsasia.com/ 2022-02-11 07:03pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ លោក មូន ជេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បង្កើនកូតា ក្នុងការទទួលយកពលករខ្មែរទៅធ្វើការនៅក្នុងប្រទេសនេះ ឱ្យបានច្រើនឡើងថែមទៀត។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា សំណើរបស់ សម្តេចតេជោបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបពិភាក្សាការងារជាមួយ លោក មូន ជេអ៉ីន អំឡុងបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។ លោកបណ្ឌិត បានអះអាងថា បន្ថែមលើការស្នើឱ្យកូរ៉េខាងត្បូង បង្កើនកូតាសម្រាប់ការទទួលយកពលករខ្មែរនេះ សម្តេចក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបាន ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលករខ្មែរនៅក្នុងប្រទេសនេះផងដែរ។ កូរ៉េជាប្រទេសដែលមានពលករខ្មែរធ្វើការច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសថៃ។ របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះ ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ ៤៥,០០០នាក់ ខណៈដែលឆ្នាំ២០២១ កន្លងទៅនេះ គ្រាដែលពិភពលោករងការរាតត្បាតជំងឺកូវីដ១៩ ប្រទេសកូរ៉េខាងត្បូង បានទទួលពលករកម្ពុជាចំនួន ២៥០០នាក់។

គិតត្រឹមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ បានចំនួនជាង ១៣០១៦០៩នាក់ (ស្រី ៥២៨៧៩៩នាក់) ក្នុងនោះប្រទេសថៃមានចំនួន ១២២០១៩៧នាក់ ប្រទេសកូរ៉េមានចំនួន ៤៥៨៦០នាក់ ប្រទេសម៉ាឡេស៊ីមានចំនួន ២៣០២៧នាក់ ប្រទេសជប៉ុនមានចំនួន ១១៤៥៣ នាក់ ប្រទេសសិង្ហបុរីមានចំនួន ៨២១ នាក់ ហុងកុងមានចំនួន ២០២ នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន ៤៣ នាក់៕

website_news/2022140201.txt · Last modified: 2022/02/14 09:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki