website_news:2022140203

ក្រសួងមហាផ្ទៃចុះអនុស្សរណៈជាមួយអង្គការERiKSHJALPENដើម្បីបង្ការទប់ស្កាត់ការកេងប្រវ័ញ្ញលើកុមារ

https://news.btv.com.kh/ 02/11/2022 04:02 PM

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃតាមរយៈគណៈកម្មាធិការជាតិប្រយុទ្ឋប្រឆំាងការជួញដូរមនុស្ស នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះអនុស្សរណ នៃការយោគយល់គ្នាជាមួយ អង្គការ ERiKSHJALPEN ស្តីពីសកម្មភាពបង្ការទប់ស្កាត់ ប្រយុទ្ឋប្រឆាំងរាល់ទម្រង់ នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ញលើកុមារ ខណៈអង្គការនេះបានជួយសង្រ្គោះកុមារកម្ពុជាពីការជួញដូរ និងកេងប្រវ័ញ្ញផ្លូវភេទរាប់រយនាក់ក្នុងមួយឆ្នាំៗនោះ។

ថ្លែងប្រាប់ទូរទស្សន៍ BTV បន្ទាប់ពីចុះអនុស្សរណៈនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំងការជួញដូរមនុស្ស បានលើក ឡើងថា ការចុះអនុស្សរណៈជាមួយអង្គការជាដៃគូនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ នៃការបង្ការ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងរាល់ទម្រង់នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ញលើកុមារ ខណៈបញ្ហាទាំងនេះ នៅតែមានក្តីបារម្ភនៅឡើយចំពោះប្រទេសកម្ពុជានោះ។ ជាមួយគ្នានោះដែរ លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ បានចុះអនុស្សរណៈជាមួយអង្គការជាដៃគូជាង១០មកហើយ ដោយអង្គការនីមួយៗមានសម្ព័ន្ធ មិត្តរាប់សិបផ្សេងទៀត ដែលធ្វើកិច្ចការងារទាក់ទងនឹងបញ្ហា នៃការជូញដូរ និងកេងប្រវ័ញ្ញផ្លូវភេទលើកុមារ នៅកម្ពុជានោះ។

ថ្លែងប្រាប់ទូរទស្សន៍ BTV បន្ទាប់ពីចុះអនុស្សរណៈនោះដែរ លោក កេង ប៊ុនឈឿត នាយកគ្រប់គ្រងប្រចាំអាស៊ី ERiKSHJALPEN បានឲ្យដឹងថា អង្គការរបស់លោកបានធ្វើប្រចាំនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩០មកម្លេះ ដោយបានជួយកុមារកម្ពុជារួចផុតពីការជួញដូរ កេងប្រវ័ញ្ញផ្លូវភេទ និងពីការគាប់សង្កត់ផ្សេងក្នុងមួយឆ្នាំៗរាប់រយនាក់។លោក កេង ប៊ុនឈឿត លើកឡើងផងដែរថា ការចុះអនុស្សរណៈជាមួយគណៈកម្មាធិការជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ គឺមានរយៈពេលប្រាំឆ្នាំ គឺចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៦ ដើម្បីសហការជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការគាប់សង្កត់កុមារលើទម្រង់ផ្សេងនៅកម្ពុជាឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈអង្គការនេះបានចំណាយថវិកាជាងមួយលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំលើវិស័យនេះ៕ ចក់

website_news/2022140203.txt · Last modified: 2022/02/14 09:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki