website_news:2022140204

អាជ្ញាធរខេត្តឧត្តរមានជ័យ ណែនាំពលរដ្ឋឱ្យផ្អាកធ្វើដំណើរឆ្លងដែនខុសច្បាប់ទៅថៃ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 11 February 2022 | 09:52 ICT

ឧត្តរមានជ័យៈ ស្ថិតក្នុងស្ថានភាពកូវីដ ១៩ អស់រយៈពេល ២ ឆ្នាំមកនេះ សមត្ថកិច្ចខេត្តឧត្តរមានជ័យបានបង្កើនការរឹតបន្តឹង ក្នុងការបង្ក្រាបបទល្មើសនៅតាមព្រំដែន ជាពិសេសនៅតាមច្រករបៀង ដោយអាជ្ញាធរខេត្តនេះបានណែនាំឱ្យពលរដ្ឋផ្អាកការធ្វើដំណើរឆ្លងដែនខុសច្បាប់ ដែលមានហានិភ័យ និងងាកមកធ្វើការបង្កបង្កើនផលដាំដុះក្នុងស្រុកជំនួសវិញ។

នេះជាការលើកឡើងរបស់អភិបាលរងខេត្តឧត្តរមានជ័យ លោកស្រី មិន ធារី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ” នៅថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២២។ លោកស្រី មិន ធារី បានលើកឡើងថា សម្រាប់យុទ្ធសាស្ត្ររបស់ខេត្តពិតមែនតែបច្ចុប្បន្នពលរដ្ឋមិនអាចចំណាកស្រុកស្របច្បាប់ទៅប្រទេសថៃ ប៉ុន្តែគឺជាឱកាសមួយ សម្រាប់អាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយពីសក្តានុពលក្នុងស្រុកឱ្យគាត់ផ្លាស់ប្តូរផ្នត់គំនិតទៅក្រៅប្រទេស។ លោកស្រីថា៖ «គឺជារឿងល្អ មានន័យថា យើងមានឱកាសផ្សព្វផ្សាយដល់ពលរដ្ឋ តាមរយៈវិស័យផ្សេងៗឱ្យគាត់បង្កើនចំណូលជីវភាពឱ្យគាត់គិតផ្លាស់ប្តូរផ្នត់គំនិត។ ខ្ញុំទទួលស្គាល់ថា អ្នកឧត្តរមានជ័យកន្លងមក ពលរដ្ឋមួយចំនួនតូច គាត់តែងតែគិតថា ទៅធ្វើការនៅប្រទេសថៃមានចំណូលច្រើន ច្បាស់លាស់អាចផ្ញើលុយត្រឡប់មកបងប្អូនធ្វើផ្ទះសំបែងបាន ជាក់ស្តែងគាត់ទទួលបានប្រាក់កម្រៃមែន ប៉ុន្តែក្នុងកាលៈទេសៈស្ថានភាពកូវីដនេះ មិនមែនជាស្ថានភាពល្អទេ»។ ទន្ទឹមនឹងនេះដែរ លោកស្រីបានថ្លែងកោតសរសើរចំពោះមន្ទីរកសិកម្មខេត្ត ដែលបានខិតខំបង្កើតមុខរបរ និងបណ្តុះបណ្តាលបច្ចេកទេស ផ្នែកកសិកម្ម និងការចិញ្ចឹមសត្វដល់ប្រជាកសិករក្នុងខេត្ត។

លោកស្រីបញ្ជាក់ថា៖ «ក្រសួងកសិកម្មបានបង្កើនជីវភាពពលរដ្ឋនៅតាមមូលដ្ឋានដូចជាការចិញ្ចឹម ត្រី មាន់ ទា និងលើកទឹកចិត្តឱ្យដាំដុះ បង្កើនចំណូលប្រចាំថ្ងៃ ហើយក្រុមការងារបង្កើតជាបណ្តុំតាមដាន រកទីផ្សារ។ ពិតថា ទីផ្សារបច្ចុប្បន្នមានការលំបាក ប៉ុន្តែក្នុងនាមជាមន្ត្រី ដែលបម្រើប្រជាពលរដ្ឋត្រូវរកទីផ្សារ ដើម្បីបង្កើនចំណូល»។ លោកស្រីបានគូសបញ្ជាក់ថា ពលរដ្ឋដែលប្រថុយប្រថានធ្វើចំណាកស្រុកដោយខុសច្បាប់ ដើម្បីប្រាក់ចំណូលប្រចាំគ្រួសារ ប៉ុន្តែបើសិនជាគាត់មានចំណូលជាក់លាក់ក្នុងមូលដ្ឋាន គាត់មិនទៅចំណាកស្រុកទេ គឺនឹងនៅជិតគ្រួសារ ហើយមិនបែកបាក់គ្រួសារ ។ បើតាមលោកស្រី មិន ធារី ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋប្រមាណ ៧៥ ភាគរយជាកសិករដែលផ្ទៃដីនៅខេត្តនេះ គឺភាគច្រើនពលរដ្ឋមានដីបង្កបង្កើនផល។ លោកស្រីបន្តថា៖ «អ៊ីចឹងក្រៅពីធ្វើស្រែចម្ការ គាត់អាចដាំដំណាំ កសិផល បន្លែ រួមផ្សំ បង្កើនចំណូលគ្រួសារប្រចាំថ្ងៃបាន»។ ទាក់ទងនឹងយន្តការខេត្តក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ វិញលោកស្រីបញ្ជាក់ថា ៖ « យើងមានគណៈបញ្ជាការឯកភាពខេត្ត យើងមានកម្លាំងសហប្រតិបត្តិការខេត្ត កម្លាំងគយ កម្លាំងអន្តោប្រវេសន៍ មានទាំងខាងកម្លាំងការពារព្រំដែនរឹតបន្តឹងទៅលើបទល្មើសឆ្លងដែន ការពារតាមបន្ទាត់ព្រំដែន ដែលមានប្រវែង ២២៤ គីឡូម៉ែត្រ»។

ស្នងការរងទទួលការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោក រៀម សរ មានប្រសាសន៍ថា កន្លងមកមានមេខ្យល់បាននាំពលករឆ្លងដែនខុសច្បាប់តាមច្រករបៀងដោយសារខេត្តនេះ មានភូមិសាស្ត្រអំណោយផលនៅជាប់ព្រំដែនថៃងាយស្រួលដល់មេខ្យល់។ លោកបន្តថា៖ «មេខ្យល់ទាំងអស់នេះតែងតែប្រើវិធានការលួងលោមដល់ពលរដ្ឋក្រីក្រ ទីទ័លក្រ អត់មានមុខរបរច្បាស់លាស់ ឬពលរដ្ឋខ្លះ មិនសូវទទួលបានការអប់រំ គាត់ងាយរងគ្រោះក្នុងការឆបោក។ មេខ្យល់នេះពូកែបោកណាស់ ដោយសន្យាថា ធានាឱ្យមានការងារធ្វើ ទោះអត់មានច្បាប់ក៏ដោយ គាត់នឹងនាំទៅតាមច្រករបៀងដែលស្ងាត់ ប៉ុន្តែធាតុពិតមិនពិតនោះទេ គឺមានតែទទួលរងគ្រោះ ការកេងប្រវ័ញ្ចផ្នែកកម្លាំងកាយ និងកម្លាំងពលកម្ម»។ លោកថា ថ្មីៗកន្លងមកនេះ សមត្ថកិច្ចបានបង្ក្រាបមេខ្យល់ ៣ ករណី ហើយសមត្ថកិច្ចបានធ្វើការអប់រំណែនាំប្រជាពលរដ្ឋដែលរងគ្រោះ។

ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យលោក ស៊ី ប្រាសិទ្ធ បានថ្លែងថា ខេត្តនេះមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ រួមមានច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ដែលភាគច្រើនបម្រើឱ្យគោលដៅទេសចរណ៍ ការព្យាបាលជំងឺ និងការដោះដូរទំនិញតិចតួច ច្រើនជាងគោលដៅសេដ្ឋកិច្ច។ លោកបន្តថា ប៉ុន្តែក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវី ១៩ ច្រកទាំង ៣ ត្រូវបានបិទជាបណ្តោះអាសន្ន លើកលែងតែទំនិញដែលស្ថិតក្រោមច្បាប់បញ្ញត្តិស្តីពីគយ និងការឆ្លងដែនវិលត្រឡប់មកពីប្រទេសថៃរបស់ពលករខ្មែរ ខណៈច្រកជប់គគីរត្រូវបានបិទទាំងស្រុង។ ជាមួយគ្នានេះពលរដ្ឋដែលវិលត្រឡប់មកពីថៃ មិនអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញទេ។ ខេត្តឧត្តរមានជ័យមានព្រំប្រទល់ខាងកើតជាប់ខេត្តព្រះវិហារខាងលិចជាប់ខេត្តបន្ទាយមានជ័យខាងត្បូងជាប់ខេត្តសៀមរាប និងខាងជើងជាប់នឹងខេត្ត ៣ របស់ប្រទេសថៃគឺខេត្តប៊ុរីរ៉ាំ ស៊ុរិន្ទ និងស៊ីសាកេតដែលលាតសន្ធឹងតាមជួរភ្នំដងរែក ជាប់ព្រំដែនប្រទេសថៃ ដែលមានប្រវែង ២២៤ គីឡូម៉ែត្រ៕

website_news/2022140204.txt · Last modified: 2022/02/14 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki