website_news:2022140301

ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ស្នើសុំឲ្យបំបាត់អំពើទាសភាពនៅកម្ពុជា

https://www.rfa.org/ ដោយ ខែ សុណង 2022-03-10

ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ស្នើសុំឲ្យអាជ្ញាធរចាត់វិធានការរួមគ្នា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស និងទាសភាព នៅក្នុងប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការ សមាគម ជាតិនិងអន្តរជាតិនៅថ្ងៃទី១០ ខែមីនានេះ ឲ្យដឹងថា ពួកគេមានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើង នៃការជួញដូរមនុស្ស ការចាប់បង្ខំឲ្យធ្វើពលកម្ម អំពើទាសភាព និងទារុណកម្ម នៅតាមបរិវេណអគារនានា នៅកម្ពុជា។ ក្រុមអង្គការក្នុងស្រុក និងអន្តរជាតិ បានចងក្រងការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីបណ្តាញសង្គមរបស់ជនរងគ្រោះរកឃើញថា មានមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាជនបរទេស ត្រូវបានទទួលរងគ្រោះ នៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទាំងនេះ។

នាយកផ្នែកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី មុនការ ផ្សាយនេះបន្តិចថា សមត្ថកិច្ចត្រូវសហការជាមួយសហគ្រាស ដែលប្រព្រឹត្តបទល្មើសទាំងនេះ ដើម្បីស៊ើបអង្កេតឲ្យបានច្បាស់លាស់ ក្នុងការលុបបំបាត់អំពើជួញដូរនិងទាសភាព ឲ្យមានប្រសិទ្ធភាព នៅក្នុងប្រទេសកម្ពុជា៖ «នៅក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីលុបបំបាត់អំពើទាសភាពនៅក្នុងប្រទេសកម្ពុជានេះ ព្រោះរយៈពេលកន្លងមកយើងឃើញ មានការកើនឡើងនៃការជួញដូរ ការប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអ៊ីនធឺណិត ការធ្វើទារុណកម្មផ្សេងៗ សរុបមកមានជាង ១០០ករណីហើយ ដែលប្រទេសថៃ វៀតណាម ប្រទេសឥណ្ឌូនេស៊ី ដែលបានជួយរំដោះជនរងគ្រោះត្រឡប់ទៅវិញ»។

សេចក្តីថ្លែងការណ៍ដដែល ក៏បានបញ្ជាក់ថា ការរំលោភបំពានពាក់ព័ន្ធនឹងជនបរទេស ដែលត្រូវបានចាប់ជំរិត លក់ ជួញដូរ ឬត្រូវបោកបញ្ឆោត ឲ្យទទួលការងារនៅក្នុងខេត្តមួយចំនួន រួមមាន ខេត្តព្រះសីហនុ ភ្នំពេញ ពោធិ៍សាត់ កោះកុង ជាដើម។ បន្ទាប់មកពួកគេត្រូវបានឃុំខ្លួន ក្នុងបរិវេណអគារធំៗ និងត្រូវបង្ខំឲ្យធ្វើការលើសម៉ោង គ្មានពេលសំរាកជាដើម។ ជនរងគ្រោះដែលបានរត់គេចខ្លួនរួច បានរាយការណ៍ថា ពួកគេត្រូវបានធ្វើបាបទាំងរាងកាយ ផ្លូវចិត្ត រងអំពើហិង្សាពីសំណាក់ក្រុមដែលបង្ខាំងពួកគេ៕

website_news/2022140301.txt · Last modified: 2022/03/14 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki