website_news:2022140302

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៣៦ស្ថាប័ន ស្នើឱ្យអាជ្ញាធរខ្មែរត្រូវដោះស្រាយ និងលុបបំបាត់ទាសភាពនៅកម្ពុជា

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 11/03/2022 - 07:08

បណ្តាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៣៦ស្ថាប័ន នៅថ្ងៃទី១០ មីនា ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទទូចឱ្យអាជ្ញាធរកម្ពុជាត្រូវចាត់វិធានការ និងដាក់ចេញនូវសកម្មភាពលុបបំបាត់ទាសភាពនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍នោះ អង្គការសង្គមស៊ីវិលបានអះអាងថា សកម្មភាពជួញដូរមនុស្សចូលមកកម្ពុជាមានការកើនឡើងខ្លាំងដែលបានបង្កឱ្យកើតមានការធ្វើពលកម្មដោយបង្ខំនិងរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ។ក្នុងសេចក្តីថ្លែងការណ៍រួមរបស់បណ្តាអង្គការសង្គមស៊ីវិល និងសិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិចំនួន៣៦ស្ថាប័ន បានចេញមកសម្តែងការព្រួយបារម្ភកាន់តែខ្លាំង ជុំវិញស្ថានភាពជួញដូរមនុស្សចូលប្រទេសកម្ពុជា។ របាយការណ៍ជាច្រើនបានបង្ហាញថា កម្រិតជួយដូរមនុស្សចូលមកកម្ពុជាយ៉ាងសំបើប បានបង្កឱ្យមានសកម្មភាពធ្វើពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅតាមបរិវេណអគារនានា នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍មួយចំនួនបានបង្ហាញថា ភាគច្រើននៃបរិវេណអគារទាំងនោះ គឺស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែក៏មានដែរ ការរំលោភបំពានស្រដៀងគ្នានេះ ត្រូវបានអង្គការជាតិនិងអន្តរជាតិរកឃើញថា កំពុងកើតមានឡើង នៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តមួយចំនួនទៀត។

បើតាម កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២២ សកម្មភាពជួយដូរ និងការរំលោភបំពានដែលកើតមានឡើងក្នុងប្រទេសកម្ពុជា ភាគច្រើនគឺជាប់ពាក់ព័ន្ធនឹងជនបរទេសដែលត្រូវបានចាប់ជំរិត លក់ ជួយដូរ ឬត្រូវបានបោកបញ្ឆោតឱ្យទទួលបានការងារនៅស្រុកខ្មែរ។ ជនបរទេសរាប់ពាន់នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងបរិវេណអគារធំៗ និងបង្ខំឱ្យធ្វើការដែលពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត ដែលដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា។ ជារួមមានការទទូចស្នើឱ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនេះ ធ្វើឡើងបន្ទាប់ពី បណ្តាស្ថានទូតប្រទេសចំនួន៥ ក្នុងនោះរួមមាន៖ ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសប៉ាគីស្ថាន និងប្រទេសចិន បានចេញសេចក្តីថ្លែការណ៍ព្រមានអំពីស្ថានភាពជួញដូរមនុស្សយ៉ាងច្រើនចូលមកក្នុងកម្ពុជា ដើម្បីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត។ជាក់ស្តែងអាជ្ញាធរថៃ ទើបតែទទួលបានពលរដ្ឋខ្លួនចំនួន៨នាក់វិលពីប្រទេសកម្ពុជា។ ពួកគេបានបញ្ជាក់មកកាន់កាសែតបាងកកប៉ុស្តិ៍ថា ជនចាប់ជំរិតបានវាយដំ និងបង្អត់អាហារពួកគេ ក្រោយបដិសេធមិនចូលរួមការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត។ លើសពីនេះទៅ ជនរងទារុណកម្មទាំងអស់នោះ គឺត្រូវបូមឈាមលក់ថែមទៀតផងដែរ ខណៈពួកគេប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត។

ជុំវិញរឿងនេះ លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា កម្ពុជាពិតជាមានករណីនេះកើតឡើងមែន ក៏ប៉ុន្តែអាជ្ញាធរបានបង្ក្រាបស្ទើតែទាំងស្រុង ពោលគឺសម្រេចបាន៩៣%នៃលទ្ធផលដែលបានអនុវត្ត ខណៈសកម្មភាពជួយដូរមនុស្ស៧%ទៀតនៅបន្តកើតមាន។ លោកខៀវ សុភ័ក្ត្របញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរកំពុងបន្តដុតដៃដុតជើងធ្វើយ៉ាងណា ឱ្យសកម្មភាពសេះសល់៧%ទៀតនេះត្រូវបានបង្ក្រាប។ ដោយឡែកពាក់ព័ន្ធនឹងករណីបូមឈាមលក់អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានច្រាលចោលថា ជាព័ត៌មានមិនពិត។

ទោះបីរដ្ឋាភិបាលកម្ពុជា បានអះអាងថា កំពុងបន្តដោះស្រាយលើករណីទាំងអស់នេះ ប៉ុន្តែអង្គការសង្គមស៊ីវិលបន្តស្នើឱ្យអាជ្ញាធរកម្ពុជា បំពេញការទទួលខុសត្រូវរាល់ការរំលោភបំពាន និងការបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងលុបបំបាត់រាល់ទីតាំងដែលជាប់នឹងល្បែងស៊ីសងខុសច្បាប់ទាំងអស់បន្ថែមទៀត។

សូមបញ្ជាក់ថា បើតាមកាសែតThe Nation ប្រទេសថៃ មជ្ឈមណ្ឌលស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ក្រោមនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI)បានរកឃើញថា ស៊ីមកាតខុសច្បាប់ជាង១ម៉ឺនត្រូវបានរឹបអូសនៅក្នុងការបង្រ្កាប ខណៈស៊ីមកាតជាង ៨,៥០០ ត្រូវបានរកឃើញថា បានចុះឈ្មោះដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា៕

website_news/2022140302.txt · Last modified: 2022/03/14 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki