website_news:2022140304

កាសែតថៃ៖ ស្ត្រីថៃមួយរូបបានគេចខ្លួនរួចពីការប៉ុនប៉ងយកសរីរាង្គដោយជនជាតិចិននៅកម្ពុជា

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 12/03/2022 - 07:08

កាសែតអនឡាញថៃបានចុះផ្សាយថា ស្ត្រីជនជាតិថៃមួយរូប ដែលត្រូវបានគេល្បួងមកធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ ប្រុងនឹងក្លាយជាជនរងគ្រោះដោយសារការវះយកសរីរាង្គ ដោយក្រុមបងតូចបងធំជាជនជាតិចិន ប៉ុន្តែនាងត្រូវបានរត់គេចខ្លួនដោយត្រដាបត្រដួស។ បើតាមប្រភពជាមន្ត្រីនគរបាលជាតិថៃ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងត្រួតពិនិត្យឃើញថា ជនជាតិចិននៅកម្ពុជាទាំងនោះ បានគ្រោងចាប់ជនរងគ្រោះប្រមាញ់យកសរីរាង្គ សម្រាប់លក់នៅក្នុងទីផ្សារងងឹត។

រដ្ឋលេខាធិកានៃនគរបាលជាតិ លោក Surachate Hakparn បានគូសបញ្ជាក់ប្រាប់កាសែតអនឡាញរដ្ឋថៃជាភាសាអង់គ្លេសឈ្មោះ Thai PBS World ថាជនរងគ្រោះពីការប៉ុនប៉ងយកសរីរាង្គដោយជនទុច្ចរិតជនជាតិចិនកំពុងស្នាក់នៅកម្ពុជា គឺជាស្ត្រីជនជាតិថៃមកពីទីក្រុងបាំងកក មានវ័យ២៥ឆ្នាំ។ បើតាមលោកមន្ត្រីនគរបាលថៃ នាងត្រូវបានគេល្បូងមកធ្វើការខុសច្បាប់ ក្នុងក្រុមហ៊ុនហៅទូរស័ព្ទមួយនៅក្នុងខេត្តព្រះសីហនុ ដែលដំណើរការដោយជនជាតិចិន។ នៅពេលនាងធ្វើដំណើរពីថៃដល់កំពង់ផែក្រុងព្រះសីហនុ នាងត្រូវបានប្រាប់ឱ្យទៅធ្វើការភ្លាម។ ពេលនាងមិនព្រម នាងក៏ត្រូវគេវាយដំឃុំខ្លួនទុកឱ្យស្រេកឃ្លាន ហើយប្រាប់ឱ្យទាក់ទងទៅគ្រួសារនាងនៅប្រទេសថៃ ដើម្បីជម្រិតទារយកប្រាក់ជាថ្នូរនឹងការដោះលែងនាង។ នៅក្នុងអំឡុងពេលនៃការឃុំខ្លួននោះនាងថា នាងត្រូវចរន្តអគ្គិសនីឆក់ និងមានអ្នកបូមយកឈាមនាងដែរ។ ធ្ងន់ធ្ងរជាងនេះ នាងក៏បិះនឹងត្រូវគេវះយកសរីរាង្គរបស់នាងដែរ។ ក្រោយមក នាងបានស្វែងរកផ្លូវរតគេចខ្លួនមកដល់មន្ទីរពេទ្យក្រុងប៉ោយប៉ែត ព្រំដែនថៃ រហូតបាត់បង់ស្មារតី និងនាងក៏ត្រូវបានអាជ្ញាធរថៃនៅព្រំដែនជួយសង្គ្រោះ នៅថ្ងៃទីពុធទី៩ មិនា កន្លងទៅនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ Thai PBS World។

គិតត្រឹមម៉ោងផ្សាយនេះ វិទ្យុបារាំងអន្តរជាតិមិនទាន់បានការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅឡើយទេ។

មកដល់ពេលនេះ មានជនជាតិថៃប្រមាណ ៣០០០នាក់ ដែលធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមលោករដ្ឋលេខាធិកានៃនគរបាលជាតិ និងបន្ថែមថាប៉ូលីសថៃ និងស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ នឹងស្នើឱ្យមន្ត្រីសន្តិសុខកម្ពុជា ដោះស្រាយជាមួយក្រុមទុច្ចរិតនៅខេត្តព្រះសីហនុនេះផងដែរ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រុញឱ្យអាជ្ញាធរខេត្តឆ្នេរសមុទ្រមួយនេះ បញ្ចប់ឲ្យបានជាអតិប្បរមានូវបទល្មើសឧក្រិដ្ឋនានា ឱ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។ ការថ្លែងរបស់លោក ស ខេង ដូច្នេះ គឺបន្ទាប់ពីលោកទទួលបានរបាយការណ៍ពីស្នងការប៉ូលីសខេត្តព្រះសីហនុ ដែលបង្ហាញពីបទល្មើសសាហាវៗកន្លងមក។ លោកថារូបភាពសាហាវឃោរឃៅនៅខេត្តព្រះសីហនុ វានឹងប៉ះពាល់ដល់កេរឈ្មោះកម្ពុជាទាំងមូល នៅពេលដែលមានការផ្សព្វផ្សាយនៅទូទាំងពិភពលោក៕

website_news/2022140304.txt · Last modified: 2022/03/14 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki