website_news:2022140903

សម្ដេចក្រឡាហោម ស ខេង អំពាវនាវឲ្យគ្រប់មជ្ឈដ្ឋានគាំទ្រ និងចូលរួមរាយការណ៍អំពីអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

http://freshnewsasia.com/index.php/en/localnews/257003-2022-09-12-09-59-10.html 2022-09-12 04:59pm

(ព្រះសីហនុ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអំពាវនាវឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់គាំទ្រ និងចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយត្រូវរាយការណ៍មកកាន់បណ្ដាញសង្គម និងលេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមការងារសម្ដេច ដែលធ្លាប់ផ្ដល់ជូន។ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ នាព្រឹកមិញនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានទទួលបណ្ដឹង និងការរាយការណ៍ចំនួន១៨៦ករណី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះជាផ្នែកមួយ នៃការជួយគាំទ្របន្ថែមទៀត ដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ ដែលមានការប្រឈមទៅនឹងបទល្មើសប្រភេទនេះ។ សម្ដេចក៏បានរំលឹកជាថ្មីទៀត អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសអនុសាសន៍ជំរុញណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំអំពីវឌ្ឍនភាព នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសន្សនៅខេត្តព្រះសីហនុ ក្រោមកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះរួមទាំងលទ្ធផល នៃកិច្ចប្រតិបត្តិការក្រោយពីមានការដាក់ចេញផែនការដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិ។

សម្ដេចក្រឡាហោម ស ខេង បានជំរុញរដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តការខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ក្នុងកិច្ចប្រតិបត្តិការ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស បណ្ដាញ និងមេក្លោងពាក់ព័ន្ធមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ។ សូមជម្រាបថា ការផ្តល់ព័ត៌មានអាចធ្វើទៅបានតាមរយៈ៖

១៖ គេហទំព័រ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

២៖ លេខទូរសព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ: ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥

៣៖ គេហទំព័រ Facebook: អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of Natioral Police

៤៖ គេហទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI៕

website_news/2022140903.txt · Last modified: 2022/09/14 20:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki