website_news:2022140904

សម្ដេច ស ខេង ឲ្យអាជ្ញាធរខេត្តព្រះសីហនុ បន្តខិតខំប្រឹងប្រែង បង្ក្រាបគ្រប់ទម្រង់ អំពើជួញដូរមនុស្ស

https://dap-news.com/national/2022/09/12/278362/ ByPH104Posted on September 12, 2022

ភ្នំពេញ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវបន្តខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ ក្នុងកិច្ចប្រតិបត្តិការ ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម។

ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា កិច្ចប្រជុំនាថ្ងៃនេះ ជាផ្នែកមួយនៃការជួយគាំទ្របន្ថែមទៀត ដល់ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ ដែលមានការប្រឈម ទៅនឹងបទល្មើសប្រភេទនេះ។ សម្ដេច ក៏បានរំលឹកជាថ្មីទៀត អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសអនុសាសន៍ជំរុញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ។ សម្ដេចបន្តថា កាលពីពេលថ្មីៗនេះ ក្រសួងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការកិច្ចប្រតិបត្តិការ លើការងារនេះ ហើយក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជូរមនុស្ស សម្ដេច ក៏បានអំពាវនាវឱ្យមានការគាំទ្រ និងចូលរួមក្នុងការងារនេះ ដោយបានផ្ដល់បណ្ដាញ និងលេខទូរសព្ទទំនាក់ទំនង រាយការណ៍អំពីករណីនេះ។

សម្ដេច ស ខេង មានប្រសាសន៍ថា «ជំរុញរដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តការខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ ក្នុងកិច្ចប្រតិបត្តិការ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស បណ្ដាញ និងមេក្លោងពាក់ព័ន្ធមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ»។ សូមរំលឹកថា ចាប់ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី១០ កញ្ញា ហ្វេសប៊ុក សម្ដេច ស ខេង បានទទួលពាក្យបណ្ដឹង ចំនួន ១៨៦បណ្តឹង ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថា បង្ខាំង និងជួញដូរកម្លាំងពលកម្ម ៣៧៥នាក់៕

website_news/2022140904.txt · Last modified: 2022/09/14 20:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki