website_news:2022140906

ស្ថានទូតចិនប្រចាំកម្ពុជា អំពាវនាវជាថ្មីកុំឱ្យពលរដ្ឋរបស់ខ្លួនជឿការឆបោករបស់ឧក្រិដ្ឋជនថា មកធ្វើការនៅកម្ពុជាបានប្រាក់ខែខ្ពស់

https://www.postkhmer.com/national/2022-09-11-1552-240852.html សេក ប្រាក់ and ឡាយ សាមាន | Publication date 11 September 2022 | 15:52 ICT

ភ្នំពេញៈ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានអំពាវនាវជាថ្មី កុំឱ្យប្រជាពលរដ្ឋរបស់ខ្លួនចាញ់បោកការឃោសនាពីក្រុមឆបោកមួយចំនួន ដែលអះអាងថា ការមកធ្វើការនៅកម្ពុជានឹងទទួលបានប្រាក់ខែខ្ពស់ ខណៈកន្លងមក កម្ពុជា មានកិច្ចសហការល្អជាមួយស្ថានទូតក៏ដូចជារដ្ឋាភិបាលនៃប្រទេសចិន ចំពោះបញ្ហានេះ។ តាមរយៈគេហទំព័ររបស់ខ្លួននៅថ្ងៃទី ៧ ខែកញ្ញា ស្ថានទូតចិនប្រចាំកម្ពុជា បានរំឭកពលរដ្ឋកុំឱ្យចាញ់បោកក្រុមឧក្រិដ្ឋជន ខណៈបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា កំពុងកើនឡើង។ ស្ថានទូតចិនប្រចាំកម្ពុជា បានកត់សម្គាល់ថា ពលរដ្ឋចិនត្រូវបានចាប់ជំរិត និងរឹតត្បិតសេរីភាពផ្ទាល់ខ្លួន ដោយក្រុមបោកប្រាស់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ នៅមួយរយៈចុងក្រោយនេះ។ ភាគច្រើននៃការចាប់ជំរិត គឺដោយសារ ពលរដ្ឋចិនបានចាញ់បោកការឃោសនាអំពីឱកាសការងារនៅកម្ពុជាថានឹងទទួលបានកម្រៃខ្ពស់។ បញ្ហានេះ ស្ថានទូតចិនបានរំឭកពលរដ្ឋខ្លួនជាថ្មីថា៖ «កុំឱ្យជឿលើការឃោសនាក្លែងក្លាយ នៃក្រុមល្បែងស៊ីសង និងក្រុមបោកប្រាស់ ហើយរត់មកកម្ពុជាខុសច្បាប់»។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គជបជ) មានប្រសាសន៍ថា ការអំពាវនាវរបស់ស្ថានទូតចិនប្រចាំកម្ពុជានាពេលនេះ គឺជាសារក្រើនរំឭកដល់ពលរដ្ឋខ្លួន កុំឱ្យបន្តចាញ់បោកមេខ្យល់បន្តទៀត។ លោកស្រីបញ្ជាក់ថា៖ «កន្លងកម្ពុជា មានកិច្ចសហការល្អជាមួយស្ថានទូតក៏ដូចជារដ្ឋាភិបាលនៃប្រទេសចិន ដោយសារកន្លងមកនៅពេលណាយើងមានការបង្ក្រាបបទល្មើសគឺពួកគាត់ស្ម័គ្រចិត្ត មកយកប្រជាពលរដ្ឋគាត់ទៅដោយខ្លួនឯង បើនិយាយពីជនល្មើសវិញគឺគាត់ស្នើសុំទៅកាត់ទោសឬដំណើរការនីតិវិធីនៅប្រទេសគាត់ ព្រោះខាងគាត់ក៏តឹងតែងដែរមិនធូរប៉ុន្មានទេ»។ ជាមួយគ្នានេះដែរ លោកស្រីអំពាវនាវសុំឱ្យប្រទេសនីមួយៗ គួរមានវិធានការទប់ស្កាត់ ហាមឃាត់ពលរដ្ឋខ្លួនឯងកុំចេះតែចាញ់បោកគេ ពីព្រោះមេខ្យល់មាននៅតាមប្រទេសរៀងៗខ្លួន។ ប្រឈមនឹងបញ្ហាដូច្នេះ រដ្ឋាភិបាលកម្ពុជានិងចិន បានសហការគ្នា បន្ថែមសេវាកម្មពិសេសសម្រាប់បណ្តាញជនជាតិចិន ដើម្បីរាយការណ៍ដល់អាជ្ញាធរស្នើសុំការអន្តរាគមន៍ជាបន្ទាន់។

បើតាមក្រសួងមហាផ្ទៃ បច្ចុប្បន្នអាជ្ញាធរបានបង្កើតប្រព័ន្ធ Hotline ពិសេស ដើម្បីទទួលការរាយការណ៍ពីករណីឆបោក និងជួញដូរមនុស្សនៅកម្ពុជា។ ត្រឹមថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០២២ គណនីហ្វេសប៊ុកមួយ ក្នុងចំណោមគណនី និងប្រព័ន្ធ Hotline ចំនួន ៤ ដែលបើកទទួលពាក្យបណ្ដឹងពីពលរដ្ឋ ហើយទទួលបានបណ្ដឹងសុំអន្តរាគមន៍ចំនួន ១១៧ បណ្ដឹង ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ បណ្តឹងទាំង ១១៧ នោះ គឺពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដែលបានអះអាងថាត្រូវបានបង្ខាំង និងជួញដូរកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា។ បើតាមក្រសួងមហាផ្ទៃ អំពើបង្ខាំង និងជួញដូរកម្លាំងពលកម្ម ភាគច្រើនកើតមាននៅតាមក្រុមហ៊ុនល្បែងស៊ីសង ឬកាស៊ីណូ ខណៈជនរងគ្រោះភាគច្រើន ជាជនជាតិ ចិន វៀតណាម និងម៉ាឡេស៊ី។ ក្រសួងមហាផ្ទៃបញ្ជាក់ថា ជនបរទេសមួយចំនួនធំ បានចូលមកកម្ពុជាដោយខុសច្បាប់ តាមរយៈមេខ្លោងនៅប្រទេសរបស់គេ និងបក្ខពួកនៅកម្ពុជា ដោយសន្យាផ្ដល់ការងារប្រាក់ខែខ្ពស់។ ករណីនេះ គឺពួកគេត្រូវបានចាញ់បោក និងគំរាមកំហែងក្រោមរូបភាពផ្សេងៗ ដូចជា ការធ្វើការលើសកម្លាំងពលកម្មដោយមិនទទួលបានប្រាក់ខែនិងត្រូវបានផ្ទេរពីក្រុមហ៊ុន ១ ទៅក្រុមហ៊ុន១ទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ នេះ អាជ្ញាធរកម្ពុជាបានជួយសង្រ្គោះជនរងគ្រោះចំនួន ៨៦៥ នាក់ ពីបទល្មើសជួញដូរមនុស្ស ខណៈជនសង្ស័យ ៦០ នាក់ ត្រូវបានឃាត់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៦ សីហា។ ទោះបីកំពុងប្រឈមខ្លាំងនឹងបទល្មើសជួញដូរមនុស្សក្តី តែលោក ស ខេង បានបញ្ជាក់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោក ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន និងសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងជួយការពារជនរងគ្រោះទាំងពលរដ្ឋកម្ពុជា និងជនបរទេស៕

website_news/2022140906.txt · Last modified: 2022/09/14 20:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki