website_news:2022140907

អ.ស.ប. ៖ ទាសករបែបថ្មី ឡើងដល់ជិត៥០លាននាក់ នៅឆ្នាំ២០២១

https://www.rfi.fr/km//20220912?ref=tg_i ចុះផ្សាយនៅថ្ងៃ៖ 12/09/2022 - 13:09 ដោយ៖អៀង សុខម៉ិញ

ចំនួនមនុស្សរងគ្រោះធ្វើពលកម្មដោយបង្ខំ និងរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ បានកើនឡើងជាលំដាប់ ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ពន្លឿនបន្ថែមដោយវិបត្តិកូវីដ នៅក្នុងឆ្នាំ២០២១ មានមនុស្សជិត៥០លាននាក់ បានធ្លាក់ខ្លួនជាទាសករបែបថ្មី។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃចន្ទទី ១២ កញ្ញា ២០២២។ អង្គការសហប្រជាជាតិមានផែនការលុបបំបាត់ទាសភាពបែបថ្មី នៅឆ្នាំ២០៣០ ប៉ុន្តែបើតាមរបាយការណ៍ចុងក្រោយរបស់អង្គការពលកម្មអន្តរជាតិ និងអង្គការដើម្បីអន្តោប្រវេសន៍អន្តរជាតិ សហការជាមួយអង្គការក្រៅរដ្ឋាភិបាល Walk Free Foundation នៅឆ្នាំ២០២១ ចំនួនជនរងគ្រោះ ធ្វើពលកម្មដោយបង្ខំ និងរៀបការដោយបង្ខំ បានកើនឡើង១០លាននាក់បើប្រៀបទៅនឹងឆ្នាំ២០១៦។ ក្នុងចំណោមទាសករបែបថ្មី ទាំងជិត៥០លាននាក់ ជិត២៧,៦លាននាក់ជាជនរងគ្រោះដោយពលកម្មដោយបង្ខំ និង២២លាននាក់ បានរៀបការដោយបង្ខំ។ ជាងពីរភាគបីនៃជនរងគ្រោះរៀបអាពាហ៍ពិពាហ៍ដោយបង្ខំជានារីនិងកុមារី ហើយបួនលើប្រាំនាក់ ស្ថិតក្នុងស្ថានភាពរកស៊ីផ្លូវភេទ។

ជាសរុបស្ត្រីតំណាងឱ្យ ៥៤%នៃទាសភាពបែបថ្មី។ ឯពលករអន្តោប្រវេសន៍ងាយរងគ្រោះដោយពលកម្មដោយបង្ខំ ជាងបីដងលើសពលករពេញវ័យមិនមែនជាជនអន្តោប្រវេសន៍។ នេះបើតាមរបាយការណ៍ដដែលរបាយការណ៍បានលម្អិតទៀតថា ទាសភាពបែបថ្មី មាននៅក្នុងគ្រប់ប្រទេសទាំងអស់លើពិភពលោក តែជាងពាក់កណ្តាល (៥២%) នៃជនរគ្រោះធ្វើពលកម្មដោយបង្ខំ និង១/៤នៃការរៀបការដោយបង្ខំ ស្ថិតនៅក្នុងប្រទេសមានចំណូលទាបនិងមធ្យម នៅតំបន់ អាស៊ី និងប៉ាស៊ីហ្វិក។ ក្រៅពីជំងឺរាតត្បាតសកលកូវីដ ដែលបានធ្វើឱ្យលក្ខខណ្ឌការងារធ្លាក់ចុះ និងឡើងបំណុល របាយការណ៍បានពន្យល់ថាមានជាមូលហេតុរួមផ្សំជាច្រើនផ្សេងទៀតដែលជំរុញឱ្យមានកំណើនទាសភាពបែបថ្មី។ ជម្លោះប្រដាប់អាវុធ និងវិបត្តិអាកាសធាតុប្រែប្រួល បានរំខានវិស័យការងារនិងអប់រំ បានធ្វើឱ្យមានភាពក្រីក្រកាន់តែធ្ងន់ធ្ងរ បានបង្ខំឱ្យមនុស្សធ្វើអន្តោប្រវេសន៍ ប្រថុយនឹងគ្រោះថ្នាក់។

កាន់តែគួរឱ្យព្រួយបារម្ភ ស្ថានភាពទាសភាពបែបថ្មីមិនមែនជាហេតុការណ៍មួយសំណើទេ តែជាបញ្ហាត្រាំត្រែងយូរ។ ហេតុដូច្នេះហើយបានជានៅក្នុងសេចក្តីថ្លែងការណ៍ អគ្គនាយកអង្គការពលកម្មអន្តរជាតិ បានសម្តែងភាពតក់ស្លុតនឹងស្ថានភាពទាសភាពបែបថ្មីដែលមិនប្រសើរឡើងសោះ ដោយបានអំពាវនាវឱ្យរដ្ឋាភិបាល សហជីព អង្គការនិយោជក សង្គមស៊ីវិល និងពលរដ្ឋទូទៅ នាំគ្នាប្រយុទ្ធប្រឆាំងនឹងការរំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ របាយការណ៍បានស្នើឱ្យបញ្ចេញសកម្មភាពមួយចំនួនដូចជា ធ្វើ -អនុវត្តច្បាប់ត្រួតពិនិត្យការងារឱ្យបានល្អជាងមុន រដ្ឋត្រូវបញ្ចប់ពលកម្មដោយបង្ខំ ពង្រីកកិច្ចការពារសង្គម ពង្រឹងកិច្ចការពារតាមផ្លូវច្បាប់ ដោយកំណត់ឱ្យរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅដោយគ្មានករណីលើកលែង៕

website_news/2022140907.txt · Last modified: 2022/09/14 20:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki