website_news:2022141101

កម្ពុជា និងអាមេរិកប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស

https://www.rfa.org/khmer/news/human-rights/cambodia-and-us-commit-to-combat-human-trafficking-crimes-11132022081221.html ដោយ មាន ឫទ្ធិ2022.11.13

កម្ពុជា និងសហរដ្ឋអាមេរិក បន្តប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។ មន្ត្រីសង្គមស៊ីវិល យល់ថា នេះជាសញ្ញាល្អបន្ថែមទៀតដែលកម្ពុជានឹងទទួលបានយុទ្ធសាស្ត្របង្ក្រាបក្រុមឧក្រិដ្ឋជន និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព។ ក្នុងចំណោមប្រធានបទសំខាន់ៗ ដែលមេដឹកនាំទាំងពីរបានលើកឡើង ជំនួបទ្វេភាគីរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joseph R. Biden) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានពិភាក្សាអំពីការបន្តសកម្មភាព នៃកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា អំពីលទ្ធផលនៃជំនួបរវាងលោក ហ៊ុន សែន និងលោក ចូ បៃឌិន។

ជំនួបធ្វើនេះ ធ្វើស្របពេលដែលប្រធានាធិបតីអាមេរិកលោក (Joseph R. Biden) បានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ដែលកម្ពុជាជាប្រធានអាស៊ានប្ដូរវេនសម្រាប់ ឆ្នាំ២០២២។ នៅមុនជំនួបទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ផាទ្រិក ម័រហ្វី (Patrick Murphy) ធ្លាប់បានបញ្ជាក់ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថា សហរដ្ឋអាមេរិកក៏ត្រៀមផ្ដល់កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងសហការជាមួយអន្តរក្រសួងពាក់ព័ន្ធនៅកម្ពុជា ព្រមទាំងជំរុញឱ្យកម្ពុជាខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងដើម្បីពិភាក្សាការងារអនុវត្តច្បាប់នៃ សហរដ្ឋអាមេរិក និងកម្ពុជាដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងពង្រឹងស្តង់ដារ។

នៅមុនពេលចាប់ផ្ដើមជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលោក ហ៊ុន សែន ហាក់ផ្ដោតសំខាន់ក្នុងការទទួលជំនួបទ្វេភាគីជាមួយសម្ព័ន្ធមិត្តដែកថែបចិន និងវៀតណាម។ ជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) កាលពីថ្ងៃទី៨ វិច្ឆិកា ភាគីទាំងពីរក៏អះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្ថែមទៀត ដោយផ្ដោតលើការបង្រ្កាបនៃឧក្រិដ្ឋកម្មជួញដូរមនុស្ស ល្បែងអនឡាញ បទល្មើសឆបោកតាមប្រព័ន្ធអ៊ីធឺណែត និងឧក្រិដ្ឋកម្មនានា។ ទោះបីជាភាគីចិន និងកម្ពុជា អះអាងបែបនេះក្ដី ក៏កន្លងទៅលំហូរនៃឧក្រិដ្ឋកម្មនានា ពិសេសអំពីជួញដូរមនុស្ស និងបង្ខាំងមនុស្សនៅកម្ពុជាភាគច្រើនបង្កឡើងដោយជនជាតិចិន។ មិនតែប៉ុណ្ណោះ សារព័ត៌មានអន្តរជាតិធំៗមួយចំនួនបានលាតត្រដាងថា រដ្ឋាភិបាលលោក ហ៊ុន សែន ផ្ទាល់ព្រមទាំងមន្ត្រីគ្រាកៗក្នុងជួររដ្ឋាភិបាលលោកមានទំនាក់ទំនងជាមួយក្រុមហ៊ុនចិន ដែលប្រតិបត្តិការលើមុខជំនួញបែបឧក្រិដ្ឋនៅកម្ពុជា។

ក្រសួងមហាផ្ទៃឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បានចំនួន ១២២ករណី គឺថយចុះជាង ៥០% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួន ២៦៩ករណី។ គេហទំព័រក្រសួងមហាផ្ទៃផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឲ្យដឹងថា សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ ក្នុងនោះស្រី ១៩០នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានក្មេងអាយុក្រោម ១៥ឆ្នាំ ចំនួន ១០០នាក់ និងក្មេងអាយុចន្លោះ ពី ១៥ ទៅ១៧ឆ្នាំ ចំនួន ២៩នាក់។ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន ១៤៧ករណី ក្នុងនោះ ជនសង្ស័យជាជនបរទេសចំនួន ២២នាក់ មាន ៤សញ្ជាតិ រួមមានចិន ថៃ វៀតណាម និងបង់ក្លាដេស។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១៣ ខែវិច្ឆិកា។

ជុំវិញរឿងនេះ នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងអំពើលាងលុយកខ្វក់ គឺជាកង្វល់សម្រាប់ប្រទេសជុំវិញពិភពលោក។ លោក ជំរុញដល់រដ្ឋាភិបាលកម្ពុជាត្រូវតែបង្កើនកិច្ចសហប្រតិបត្តិជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបង្ហាញឆន្ទៈពិតប្រាកដ និងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត ទើបអាចទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សនេះមានប្រសិទ្ធភាព៖ «ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់នេះ គឺអាចធ្វើទៅបានដោយកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសនៅក្នុង ពិភពលោក ក៏ដូចជា ក្នុងតំបន់ និងប្រទេសជិតខាង ហើយនេះជាឱកាសល្អ ដែលមេដឹកនាំប្រទេសធំៗ លើពិភពលោកដូចជា ក្នុងអាស៊ាន បានជួបជុំគ្នាក្នុងការប្រជុំអាស៊ាន មានការលើកឡើង និងការតាំងចិត្ត ក្នុងការប្ដេជ្ញាទប់ស្កាត់ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់នេះ»។

របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់បំផុត និងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។ អាមេរិករកឃើញថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្សនេះទេ ដោយសារបញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជនដែលប្រព្រឹត្តនូវអំពើជួញដូរមនុស្សនៅកម្ពុជា៕

website_news/2022141101.txt · Last modified: 2022/11/14 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki