website_news:2022141106

ពលករខ្មែរបន្តឆ្លងដែនខុសច្បាប់ទៅថៃ ដើម្បីរកការងារធ្វើ

https://www.rfa.org/khmer/news/social-economy/cambodian-people-still-crossing-to-thailand-to-find-jobs-11132022072956.htm ដោយ យ៉ង ចាន់តារា2022.11.13

ពលករខ្មែរមួយចំនួននៅតែឆ្លងដែនទាំងប្រថុយប្រថាន និងខុសច្បាប់ចូលទៅរកការងារធ្វើនៅប្រទេសថៃ ព្រោះបញ្ហាជីវភាពខ្វះខាត ជំពាក់បំណុលធនាគារ ធ្វើស្រែចម្ការបានផលតែគ្មានទីផ្សារ និងគ្មានការងារធ្វើក្នុងស្រុក។ ពួកគាត់ថា មិនចង់ឃ្លាតឆ្ងាយពីស្រុកកំណើតមកធ្វើការខុសច្បាប់ក្នុងស្រុកថៃនោះទេ ព្រោះប្រឈមនឹងប៉ូលិសថៃចាប់គ្រប់ពេល ហើយការងារធ្វើក៏មិនទៀងទាត់ទៀត តែពុំមានជម្រើស។ ប្រជាពលរដ្ឋខ្មែរមួយចំនួន បន្តធ្វើ ចំណាកស្រុកទាំងគ្មានឯកសារត្រឹមត្រូវ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ យកប្រាក់មកដោះបំណុល ផ្គត់ផ្គង់គ្រួសារ និងចាយវាយប្រចាំថ្ងៃ។

ពលករមួយរូប លោក ពេញ ឡុញ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែវិច្ឆិកា ថា លោក និងប្រពន្ធបានលួចឆ្លងដែនចូលមកធ្វើការក្នុងប្រទេសថៃបានជិតមួយឆ្នាំហើយ ដោយសារនៅស្រុកលោកធ្វើស្រែមិនបានផល រកការងារធ្វើគ្មាន និងជំពាក់បំណុលធនាគារទៀត។ លោកបន្តថា ការឆ្លងដែនចូលមកប្រទេសថៃដោយខុសច្បាប់នេះ ប្រឈមនឹងគ្រោះថ្នាក់ ប៉ុន្តែដោយសារកត្តាជីវភាព ទើបលោកបង្ខំចិត្តធ្វើបែបនេះ។ លោកឱ្យដឹងថា ពេលលោកឆ្លងដែនចូលមកប្រទេសថៃ មានពលករខ្មែររាប់រយនាក់ចូលមកដោយគ្មានឯកសារត្រឹមត្រូវ ហើយពួកគាត់បានដើរឆ្លងកាត់ព្រៃ កាត់ស្ទឹងចូលមកថៃដែរ។ លោក ពេញ ឡុញ៖ «ដោយសារតែយើងនៅនោះវាអត់មានការងារធ្វើ យើងត្រូវតែមករកការងារធ្វើរកប្រាក់ចំណូល ព្រោះបើយើងនៅផ្ទះវាអត់មានការងារអី រកប្រាក់ចំណូលមិនបានវា យើងត្រូវការចំណាយទិញហូបចុករាល់ថ្ងៃនោះ ហើយណាមួយយើងជំពាក់បំណុលគេផង បើយើងមិនមកធ្វើម៉េចបានប្រាក់សងបំណុលគេ អ៊ីចឹងយើងត្រូវមក»។

ស្រដៀងគ្នានេះដែរ ពលករម្នាក់ទៀតលោកស្រី រេន បញ្ញា ប្រាប់ថា លោកស្រីបានចូលមកប្រទេសថៃ តាមផ្លូវកាត់ដោយមានមេខ្យល់ជាអ្នកនាំផ្លូវ ហើយគេយកក្នុងម្នាក់បីពាន់បាត ឬជិត ១រយដុល្លារ។ លោកស្រីបន្តថា លោកស្រីបានមកធ្វើការ និងរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់១០ឆ្នាំហើយ ហើយលោកស្រីទើបតែទទួលបានប័ណ្ណការងារ ដើម្បីធ្វើការស្របច្បាប់។ លោកស្រីថា បើនៅកម្ពុជាមានការងារធ្វើសមរម្យ លោកស្រីនឹងមិនមកថៃធ្វើការនោះទេ។ លោកស្រី រេន បញ្ញា៖ «ចាសឆ្លងដែនមកកាត់ដុបកាត់ព្រៃដូចតែគេដូចតែឯងដែរហ្នឹង។ មូលហេតុមកពីខ្ញុំខាងអ្នកស្រែអ្នកចម្ការទៅ ដល់ពេលយើងធ្វើស្រែធ្វើចម្ការចេះតែខាត ខាតទៅ ធ្វើឲ្យយើងជំពាក់បំណុលគេទៅបានសម្រេចចិត្តរត់មកថៃ រត់មកធ្វើការដោះបំណុលគេ»។

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ពួកគេប្រឈមនឹងបញ្ហាច្រើនយ៉ាង ដូចជាថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បង្ខំធ្វើការហួសកម្លាំង ប្រើហិង្សាលើរាងកាយ ប្រមាថមើលងាយ និងមិនបើកប្រាក់ខែឲ្យជាដើម។ ពួកគាត់មិនដែលបានទទួលយុត្តិធម៌នោះទេ នៅពេលពួកគាត់ទៅប្ដឹងពីការរំលោភសិទ្ធិការងារពីសំណាក់ថៅកែថៃ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា ដោយទូរស័ព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។

ជុំវិញរឿងនេះដែរ មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំប្រទេសថៃ លោក លឹង សុផុន លើកឡើងថា ពលករខ្មែរដែលបន្តឆ្លងដែនចូលមករកការងារនៅប្រទេសថៃ ដោយខុសច្បាប់ នៅតែមានច្រើន ហើយពួកគាត់អាចប្រឈមនឹងបញ្ហាច្រើនយ៉ាង ដូចជាការត្រួតពិនិត្យរបស់ប៉ូលិសថៃជាដើម។ លោកលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ដែលចង់ទៅធ្វើការនៅក្រៅប្រទេស គួរតែមកធ្វើការដោយស្របច្បាប់ ទើបមានសុវត្ថិភាព ហើយរដ្ឋាភិបាលគួរតែជួយសម្រួលដល់ដំណើរការធ្វើឯកសារដល់ពួកគាត់។ លោក លឹង សុផុន៖ «បើសិនជាពលករ ដែលគាត់មកដោយត្រឹមត្រូវ មកស្របច្បាប់ មកតាមប្រព័ន្ធ MOU ហ្នឹង ខ្ញុំជឿថា វាសុវត្ថិភាពខ្ពស់ វាល្អជាង មិនសូវមានបញ្ហាប្រឈមណាបាទ! ហើយអាហ្នឹងបើតាមតែខ្ញុំគិត ខ្ញុំចង់ឲ្យបងប្អូនពលករហ្នឹង គាត់មករកការងារធ្វើហ្នឹងមកតាមប្រព័ន្ធ MOU តាមស្របច្បាប់ តាមច្បាប់ការងាររបស់ថៃហ្នឹង ខ្ញុំគិតថាគាត់មិនសូវមានបញ្ហាប្រឈមទេ សម្រាប់ការស្វែងរកការងារនៅថៃហ្នឹងណា»។

របាយការណ៍របស់ក្រសួងការងារកម្ពុជា ឲ្យដឹងថា ពលករខ្មែរដែលកំពុងធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ មានប្រមាណមួយលានពីរសែននាក់ ប៉ុន្តែអង្គការសង់ត្រាល់ប៉ាន់ស្មានថា ពលករខ្មែរនៅប្រទេសថៃ មានជិត ២លាននាក់ ដោយរាប់ទាំងពលករស្របច្បាប់ និងមិនស្របច្បាប់៕

website_news/2022141106.txt · Last modified: 2022/11/14 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki