website_news:2022141203

ជនជាតិឥណ្ឌូនេស៊ីបន្ថែមទៀតត្រូវបានសង្គ្រោះពីក្រុមជួញដូរនៅកម្ពុជា

https://www.khmertimeskh.com/501201675// Khmer Times December 13, 2022

ក្រសួងការបរទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា នគរបាលកម្ពុជាបានជួយសង្គ្រោះជនជាតិឥណ្ឌូនេស៊ីចំនួន៣៤ នាក់ដែលត្រូវបានចាញ់បោកឱ្យធ្វើការដោយបង្ខំ បន្ទាប់ពីពួកគេបានមកប្រទេសនេះក្នុងគោលបំណងធ្វើការងារដែលមានប្រាក់ខែខ្ពស់។ ជនរងគ្រោះម្នាក់បានព្យាយាមទាក់ទងទៅស្ថានទូតឥណ្ឌូណេស៊ីនៅភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ហើយស្ថានទូតដឹងថាមានជនជាតិឥណ្ឌូនេស៊ីជាង៣០នាក់កំពុងត្រូវបានឃុំខ្លួនឱ្យធ្វើការនៅក្នុងក្រុមហ៊ុនបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតក្នុងក្រុងប៉ោយប៉ែតក្បែរព្រំដែនជាមួយប្រទេសថៃ។ ភ្លាមៗនោះ មន្ត្រីស្ថានទូតបានទាក់ទងនគរបាលក្នុងតំបន់ ដើម្បីជួយសង្គ្រោះពលករទាំងនោះ នេះបើយោងតាម Judha Nugraha ប្រធានការពារជនជាតិឥណ្ឌូនេស៊ីនៅក្រៅប្រទេស។

Judha បានប្រាប់អ្នកយកព័ត៌មាន BTV ថា “កាលពីថ្ងៃទី៩ ខែធ្នូ នគរបាលបានជួយសង្គ្រោះមនុស្ស៣១ នាក់ បន្ថែមពីលើបីនាក់ទៀតដែលត្រូវបានជួយសង្គ្រោះកាលពីមុន ដូច្នេះជនជាតិឥណ្ឌូនេស៊ី ៣៤ នាក់ត្រូវបានជួយសង្គ្រោះពីក្រុមហ៊ុនបោកប្រាស់តាមអ៊ីនធឺណិត” ។ “បច្ចុប្បន្ន ពួកគេមានសុវត្ថិភាព” ។ លោកបានបន្តថា ជនរងគ្រោះទាំងអស់កំពុងត្រូវបានសួរចម្លើយនៅស្នងការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយអាចចំណាយពេលមួយសប្តាហ៍សម្រាប់ការស៊ើបអង្កេតដើម្បីសន្និដ្ឋានមុននឹងបញ្ជូនពួកគេទៅស្ថានទូតឥណ្ឌូនេស៊ី។ Judha បាននិយាយថា ចាប់តាំងពីឆ្នាំ២០២០ ជនជាតិឥណ្ឌូនេស៊ីជាង ១,០០០ នាក់បានក្លាយជាជនរងគ្រោះនៃបណ្តាញជួញដូរមនុស្សក្នុងតំបន់ដែលប្រតិបត្តិការនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជាប្រទេសកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ និងប្រទេសថៃ។

ពួកគេត្រូវបានសន្យាថានឹងទទួលបានប្រាក់ខែ ១,២០០ ដុល្លារក្នុងមួយខែដោយមិនចាំបាច់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ មន្ត្រីរូបនេះបាននិយាយថា ពួកគេគ្រាន់តែត្រូវធ្វើលិខិតឆ្លងដែន ហើយធ្វើដំណើរទៅប្រទេសជិតខាងដើម្បីទទួលបានការងារ។ Judha បានបន្ថែមថា “នៅពេលបានទៅដល់ប្រទេសគោលដៅ ពួកគេត្រូវបានបង្ខំឱ្យធ្វើការងារបោកប្រាស់ និងទទួលរងការគំរាមកំហែងប្រសិនបើពួកគេមិនបំពេញតាមគោលដៅបាន” ។ បណ្តាញក្នុងតំបន់បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្តល់ឱកាសការងារក្លែងក្លាយ ដូចជាបុគ្គលិកផ្នែកសេវាកម្មអតិថិជន ដែលមិនតម្រូវឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ លោកបាបនិយាយទៀតថា «ក្នុងចំណោមជនជាតិឥណ្ឌូនេស៊ី ១,០១៨ នាក់ដែលជាជនរងគ្រោះ មាន ៦៧៩ នាក់ត្រូវបានជួយសង្គ្រោះនៅកម្ពុជា។ វាជាការដាស់តឿនឲ្យយើងចាត់វិធានការបង្ការ»។ លោកបានបន្ថែមថា នគរបាលឥណ្ឌូណេស៊ីនឹងតាមដានការស៊ើបអង្កេតនៅពេលដែលជនជាតិឥណ្ឌូនេស៊ីទាំងអស់ត្រឡប់ទៅផ្ទះវិញ៕

website_news/2022141203.txt · Last modified: 2022/12/14 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki