website_news:2022141204

ឆមាសទី១នៃឆ្នាំ២០២២ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១

https://www.information.gov.kh/articles/93602 វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៣.១២.២០២២

អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា ឆមាសទី១នៃឆ្នាំ២០២២ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹង ឆ្នាំ ២០២១ ដោយសារអត្រានៃបទល្មើសបានថយចុះគួរឱ្យកត់សម្គាល់ ។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងកម្មវិធីទិវាជាតិប្រឆាំងការជួញដូរ មនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយបញ្ហា ដែលជះឥទ្ធិពលពីវិបត្តិកូវីដ១៩ គួបផ្សំនឹងការប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងគ្រោះធម្មជាតិ ដែល បានយារយីនៅគ្រប់ទីកន្លែង ជាពិសេសចំពោះការធ្វើសមាហរណកម្មពលករ ដែលបានត្រឡប់ពីប្រទេស គោលដៅប្រមាណជាង៣០ម៉ឺននាក់ ដែលភាគច្រើនជាអ្នកចាកចេញពីភូមិស្រុកក្នុងរយៈពេលយូរ ខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាពនិងងាយរងគ្រោះ ឱ្យទទួលបានស្ថានភាពល្អប្រសើរ មានការងារមុខរបរ ជាប្រក្រតី និងទទួលបានសេវាសង្គមទាំងឡាយ ។

លោកជំទាវ បានបន្តថា ក្នុងនោះនៅក្នុងឆមាសទី១ នៃឆ្នាំ២០២២កន្លងទៅ ស្ថានភាពនៃការជួញដូរមនុស្ស ក៏មានភាពល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ដោយសារតែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ពង្រឹង ការអនុវត្តន៍ច្បាប់ បង្កើនកិច្ចការពារជនរងគ្រោះ លើកកម្ពស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសលើក កម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ។ សំឡេង៖ « នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២កន្លងទៅនេះ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាព ល្អប្រសើរ ដោយអត្រាដែលបទល្មើសបានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ក្នុងនោះ នៅពេលដែលស្ថានភាពទូទៅបានរៀបរយល្អប្រសើរហើយ ចំពោះសកម្មភាពការទប់ស្កាត់ និង បង្ក្រាបបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បែរជាកើតមានបទល្មើសថ្មីនៅលើ ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្កឡើងដោយឧក្រិដ្ឋជនមួយចំនួន ដែលសម្ងំលាក់ខ្លួនប្រព្រឹត្ត បទល្មើសក្នុងអាជីវកម្មបន្លំភ្នែក ដោយប្រើប្រាស់ឱកាសដ៏ល្អដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ឲ្យ សម្រាប់ការវិនិយោគ ដើម្បីការអភិវឌ្ឍនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចធំៗ ដូចជាខេត្តព្រះសីហនុ រាជធានី ភ្នំពេញជាដើម និងបណ្ដាខេត្តមួយចំនួនទៀត ដែលធ្វើសកម្មភាពឧក្រិដ្ឋប្រឆាំងនឹងសិទ្ធិមនុស្ស» ។

លោកជំទាវបានបន្ថែមថា ឧក្រិដ្ឋជន ដែលបានប្រព្រឹត្តសកម្មភាពឃោរឃៅទៅលើជនរងគ្រោះ ដោយពលកម្មដោយបង្ខំ ការឆបោកតាមប្រព័ន្ធអនឡាញ ការអូសទាញជនងាយរងគ្រោះពីក្រៅប្រទេស ដើម្បីបង្ខំឱ្យបម្រើសកម្មភាពឆបោកខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលភាគច្រើនប្រព្រឹត្តដោយ ជនបរទេសទៅលើជនបរទេសដូចគ្នាផង និងមានបណ្តាញទាក់ទងគ្នាយ៉ាងសកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានឬអនឡាញ ប្រទាក់ក្រឡាពីប្រទេសមួយទៅប្រទេសមួយផងដែរ ។ លោកជំទាវ ក៏បានមានប្រសាសន៍បន្ថែមថា នេះជាភាពប្រឈមថ្មីដែលរាជរដ្ឋាភិបាលកម្ពុជា មិនអាច ព្រងើយកន្តើយបានឡើយ ហើយត្រូវឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាតបទល្មើសយ៉ាងមាន ប្រសិទ្ធភាព នោះគឺ «ផែនការប្រតិបត្តិការបង្កើន ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើស ពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គ.ជ.ប.ជ និងបង្កើតក្រុមការងារប្រតិបត្តិការ ដឹកនាំដោយ អគ្គស្នង ការដ្ឋាននគរបាលជាតិ និងបើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើស បណ្តាញជនល្មើស និង សង្គ្រោះជនរងគ្រោះ នៅតាមទីតាំងដែលមានការសង្ស័យយ៉ាងសកម្ម ៕

website_news/2022141204.txt · Last modified: 2022/12/14 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki