website_news:2022150201

អង្គការនៃអង្គភាពការពារកុមារ និងគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកាសបន្តប្តេជ្ញាប្រយុទ្ធប្រឆាំងបទល្មើសលើកុមារទូទាំងប្រទេសកម្ពុជា

https://www.postkhmer.com/ រី សុចាន់ | Publication date 13 February 2022 | 17:52 ICT

ភ្នំពេញៈ អង្គការនៃអង្គភាពការពារកុមារហៅថា CPU និងគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ប្រកាសបន្តប្តេជ្ញាប្រយុទ្ធប្រឆាំងបទល្មើសលើកុមារទូទាំងប្រទេសកម្ពុជាខណៈកាលពីដើមខែនេះ មានករណីឃាតកម្មទៅលើមនុស្សមួយគ្រួសារ ដែលមានមនុស្សពេញវ័យ ២ នាក់ និងកុមារ ៣ នាក់ ថែមទាំងមានការប៉ុនប៉ងសម្លាប់កុមារម្នាក់ទៀតនៅខេត្តមណ្ឌលគិរី។ ការប្រកាសបន្តការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរវាងមន្ត្រីអង្គការ CPU និងលោកស្រី ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃ គ.ជ.ប.ជ នាថ្ងៃទី ១០ ខែកុម្ភៈ។ អង្គការ CPU បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១១ ខែកុម្ភៈ ថា កិច្ចប្រជុំនេះធ្វើឡើង គឺដើម្បីពិភាក្សាអំពីគម្រងសម្រាប់ថ្ងៃអនាគតរបស់អង្គការ CPU និងបន្តការប្តេជ្ញារវាងភាគីទាំង២ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសលើកុមារទូទាំងប្រទេសកម្ពុជា។ ហ្វេសប៊ុក CPU បញ្ជាក់ថា៖ «យើងបានធ្វើកិច្ចប្រជុំដ៏ល្អមួយជាមួយ លោកជំទាវ ជូ ប៊ុន អេងរួមទាំងអគ្គប្រធាននៃការិយាល័យផ្នែកផ្សេងៗ ដើម្បីពិភាក្សាអំពីគម្រោងសម្រាប់ថ្ងៃអនាគតរបស់អង្គភាពការពារកុមារ (CPU) និងបន្តការប្តេជ្ញារបស់យើងក្នុងការប្រយុទ្ធប្រឆាំងបទល្មើសលើកុមារទូទាំងប្រទេសកម្ពុជា»។ អង្គការ CPU បន្តថា៖ «លោកជំទាវ [ជូ ប៊ុនអេង] បានថ្លែងអំណរគុណដល់ក្រុមការងាររបស់អង្គភាពការពារកុមារ ចំពោះការបំពេញភារកិច្ច និងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នេះគឺជាឧកាសដ៏ល្អមួយដើម្បីបង្ហាញពីគម្រោងសេវាកម្ម និងវគ្គបណ្តុះបណ្តាល ដែលយើងកំពុងរៀបចំសម្រាប់ប៉ុន្មានឆ្នាំខាងមុខនេះ។ អង្គភាពការពារកុមារ (CPU) និងលោកជំទាវ បានបង្ហាញភាពប្តេជ្ញាក្នុងការបន្តកិច្ចសហការនេះ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសលើកុមារ និងការអនុវត្តគម្រងសំខាន់ៗបន្ថែម»។

លោកស្រី ជូ ប៊ុនអេង ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៣ ខែកុម្ភៈ ថា លោកស្រីគាំទ្រចំពោះ CPU ដែលត្រៀមស្ថាបនាអគារសម្រាប់ជួយជនរងគ្រោះជាកុមារ ជាពិសេសចំពោះបទឧក្រិដ្ឋទៅលើកុមារ ព្រោះ CPU មានក្រុមគ្រូពេទ្យ កន្លែងធ្វើកោសលវិច័យ កន្លែងផ្តល់សេវាប្រឹក្សា ឬមានជម្រកបណ្តោះអាសន្នសម្រាប់ការសង្គ្រោះ ដើម្បីសហការជាមួយសមត្ថកិច្ចនៅក្នុងប្រតិបត្តិការស្រាវជ្រាវចំពោះបទឧក្រិដ្ឋ។ លោកស្រីថ្លែងថា៖ «យើងនឹងធ្វើកិច្ចការជាមួយគ្នាពាក់ព័ន្ធទៅនឹងបង្ការទប់ស្កាត់ ដោយសារយើងអត់ចង់ឱ្យជនរងគ្រោះហ្នឹងក្លាយទៅជាជនរងគ្រោះ ហើយ បានយើងជួយសង្គ្រោះ [តាមក្រោយ] គឺយើងចង់បង្ការទប់ស្កាត់កុំឱ្យគាត់រងគ្រោះតែម្តង»។ លោកស្រី ជូ ប៊ុនអេង បន្តថា៖«អ៊ីចឹង យើងនឹងយកទិន្នន័យដែលបានមកពីខាង CPU ឬមួយក៏ក្រសួងស្ថាប័នពាក់ព័ន្ធហ្នឹង ដើម្បីយកមកចងក្រងធ្វើជាឯកសារដើម្បីធ្វើការអប់រំផ្សព្វផ្សាយហ្នឹង ហើយនិងរកគ្រប់វិធីដើម្បីបង្ការទប់ស្កាត់និងការពារកុមារហ្នឹងពីភាពរងគ្រោះដោយឧក្រិដ្ឋកម្មផ្សេងៗ»។

លោក James McCabe នាយកប្រតិបត្តិនៃអង្គការ CPU មិនបានឆ្លើយតបទៅនឹងសំណួរភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែកុម្ភៈ តាមប្រព័ន្ធតេឡេក្រាមនោះទេ។

គួរបញ្ជក់ថា កាលពីថ្ងៃទី ១ កុម្ភៈ មានអំពើឃាតកម្មដ៏ឃោរឃៅមួយកើតឡើងទៅលើក្រុមគ្រួសារជនជាតិដើមភាគតិចព្នង ១ គ្រួសារ នៅចំណុចព្រៃចោត ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ អំពើឃាតកម្មនោះ មានជនរងគ្រោះក្មេង ចាស់ ប្រុស ស្រី ៥ នាក់បានស្លាប់ និងកុមារាអាយុ ១២ ឆ្នាំម្នាក់ទៀតបានរងរបួសធ្ងន់ ហើយក្រោយមក កុមារាដ៏កំសត់នោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ ១សប្តាហ៍ក្រោយអំពីឃាតកម្មនេះ គឺនៅថ្ងៃទី ៨ ខែកុម្ភៈតុលាការខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ជនសង្ស័យ ៦ នាក់ក្នុងអំពើឃាតកម្មដ៏ព្រៃផ្សៃនេះពីបទ «ឃាតកម្មគិតទុកជាមុន»និងបទ «ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន»៕

website_news/2022150201.txt · Last modified: 2022/02/15 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki