website_news:2022150202

អាជ្ញាធរស្រុកសំពៅលូន បានទទួលពលករខ្មែរ ៤៩នាក់ វិលត្រឡប់មកពីថៃ រកឃើញវិជ្ជមានកូវីដ ២នាក់

https://www.postkhmer.com/ ភ្នំពេញ ប៉ុស្តិ៍ | Publication date 12 February 2022 | 10:06 ICT

បាត់ដំបងៈ អាជ្ញាធរស្រុកសំពៅលូន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ បានទទួលពលករវិលត្រឡប់មកពីប្រទេសថៃ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ចំនួន ៤៩នាក់ក្នុងនោះមានស្រី ២៤នាក់ ក្មេង ០៨នាក់ (ក្មេងស្រី ០៤ នាក់) ហើយត្រូវបានធ្វើតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២ នាក់។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពីទទួលពលករទាំងនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ ធ្វើការអប់រំណែនាំ និងសុំឱ្យពលករទាំងនោះ សហការជាមួយកម្លាំងសមត្ថកិច្ចដើម្បីត្រួតពិនិត្យសម្ភារហាមឃាត់ (ចំពោះអ្នកត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក)។ ពលករទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក សំពៅលូន ធ្វើតេស្តរហ័ស និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ហើយជាលទ្ធផល រកឃើញពលករ ២ នាក់ (ស្រី ១នាក់) វិជ្ជមានកូវីដ១៩។ បន្ទាប់មកក្រុមគ្រូពេទ្យ បានអនុញ្ញាតឱ្យពលករ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ចំនួន ៣១ នាក់ ក្នុងនោះមានស្រី ១៣នាក់ ក្មេង ០៧នាក់ ក្មេងស្រី ០៣នាក់ (ចំពោះអ្នកមានបណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ)។ ចំណែកអ្នកមានវិជ្ជមានកូវីដ១៩ និងអ្នកមានបណ្ណចាក់វ៉ាក់សាំងតែស្គ៊ែនអត់ចេញ ចំនួន ១៨ នាក់ ស្រី ១១នាក់ (ក្មេងស្រី ០១នាក់) ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ចំណុចរោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

website_news/2022150202.txt · Last modified: 2022/02/15 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki