website_news:2022150207

អាជ្ញាធរថា លែងមានការលួចឆ្លងដែនទៅកាប់គ្រញូងនៅប្រទេសថៃ តាមច្រកខេត្តឧត្តរមានជ័យ

https://btv.com.kh/ 02/14/2022 12:02 PM

ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានអះអាងថា រយៈពេលចុងក្រោយនេះ ករណីលួចឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋ តាមច្រកព្រំដែនជាប់ខេត្តឧត្តរមានជ័យ ទៅកាប់គ្រញូងនៅប្រទេសថៃ លែងមានទៀតហើយ ។

លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការរងខេត្តឧត្តរមានជ័យ ទទួលបន្ទុកសេនាធិការ បានឱ្យដឹង ថា កន្លងទៅ ករណីលួចឆ្លងដែនទៅកាប់គ្រញូងនៅប្រទេសថៃ តាមច្រកខេត្តឧត្តរមានជ័យ គឺមានច្រើន តាមរយៈការអូសទាញផ្សេងៗ ពីសំណាក់ឈ្មួញ ប៉ុន្តែបច្ចុប្បន្ន គឺលែងមានហើយ ព្រោះអាជ្ញាធរ បានចាត់វិធានការទប់ស្កាត់និងការអប់រំផ្សេងៗ ។ លោកឧត្តមសេនីយ៍ត្រី បានបន្តថា មួយវិញទៀត ដើមឆ្នាំ២០២២នេះ ករណីលួចឆ្លងដែនខុស ច្បាប់ទៅប្រទេសថៃ តាមច្រកខេត្តឧត្តរមានជ័យ ក៏ពុំមានផងដែរ ព្រោះអាជ្ញាធរ មានសមត្ថកិច្ចនៅតាម បន្ទាត់ព្រំដែន បានទប់ស្កាត់យ៉ាងតឹងរឹងបំផុត ហើយពលរដ្ឋ បានយល់ដឹងច្រើនពីបញ្ហាលួចឆ្លងដែននេះ រួមទាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃច្រើនករណីក្នុងមួយថ្ងៃៗនោះ ។ ឧត្តមសេនីយ៍ត្រី រៀម សរ បានបញ្ជាក់ថា កាលពីឆ្នាំ២០២១ អាជ្ញាធរខេត្ត បានចាប់ខ្លួនមេខ្យល់ ដែលតែងនាំពលករលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ បានចំនួន៣នាក់ ដែលពួកគេទាំងនោះ តែងតែ លួងលោម អូសទាញ និងញុះញង់ពលរដ្ឋឲ្យលួចឆ្លងដែន៕អត្ថបទ៖ បាន សុខរិទ្ធិ

website_news/2022150207.txt · Last modified: 2022/02/15 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki