website_news:2022150305

ពលករនាំគ្នាសម្រុកមកស្រុកកំណើតវិញ ត្រឹមមួយថ្ងៃមិនតិចជាង២០០នាក់នោះទេ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៤ ខែ មីនា ឆ្នាំ ២០២២

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរធ្វើការនៅប្រទេសថៃ បានកំពុងនាំគ្នាសម្រុកចូលមកស្រុកខ្មែរវិញ ត្រឹមតែ១ថ្ងៃប៉ុណ្ណោះមិនតិចជាង២០០នាក់ឡើយ តាមច្រកអូរបីជាន់ ដើម្បីមកជួបជុំគ្រួសារនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ដោយយោងតាមរបាយការណ៍ក្រុមការងារទទួលពលករខ្មែរ ច្រកអូរបីជាន់ ស្រុកអូរជ្រៅ ថា រយៈពេល៣ថ្ងៃមកនេះ ឃើញមានពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ បន្តចូលច្រើនខុសពីធម្មតា ដោយពួកគាត់ម្នាក់ៗបាននិយាយឱ្យដឹងថា ឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២២ ទើបពួកគាត់សម្រេចមកលេងស្រុកកំណើត ដើម្បីជួបជុំគ្រួសារ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងក្រុមការងារទទួលពលករខ្មែរត្រឡប់ពីថៃច្រកអូរបីជាន់ បានប្រាប់ថា ៖ រយៈពេល៣ថ្ងៃនេះ គេឃើញមានពលករខ្មែរបានសម្រុកត្រឡប់មកស្រុកកំណើតវិញខុសពីធម្មតា ដែលក្រុមការងារច្រកអូរបីជាន់ ស្រុកអូរជ្រៅ បានទទួល គឺមាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ មានចំនួន២៣៤នាក់ ក្នុងនោះស្រី១១៧នាក់ កុមារ២៦នាក់ ស្រី១៦នាក់ មានវិជ្ជមានកូវីដ១៩ ចំនួន៥នាក់ (ស្រី៣នាក់) ។ ចំណែកនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២វិញ គឺមានចំនួន២៥៥នាក់ ក្នុងនោះស្រី១២១នាក់ កុមារ៣៦នាក់ ស្រី១៦នាក់ វិជ្ជមានកូវីដ១៩ ចំនួន១១នាក់ (ស្រី៦នាក់ កុមារ២នាក់)។ រីឯនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ ក៏មានពលករខ្មែរចំនួន២១៥នាក់ ក្នុងនោះស្រី១០៤នាក់ កុមារចំនួន៣០នាក់ ស្រី១១នាក់ មានវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ (ស្រី៩នាក់ កុមារ២នាក់)។ លោកបានបញ្ជាក់ថា ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ដែលរកឃើញមានវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌល និងអ្នកដែលមានឯកសារចាក់វ៉ាក់សាំងដូសទី២ និងទី៣ ត្រូវបានអោយបន្តទៅស្រុកកំណើតវិញ៕

website_news/2022150305.txt · Last modified: 2022/03/15 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki