website_news:2022150802

កម្ពុជា ត្រៀមបើកប្រតិបត្តិការពិសេសដើម្បីស្រាវជ្រាវរុករក និងបង្ក្រាបករណីជួញដូរមនុស្ស នៅទូទាំងប្រទេស

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១២ សីហា ២០២២ដោយ sopheak khoun

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអះអាងថា នាពេលខាងមុខ នឹងមានប្រតិបត្តិការពិសេសមួយនៅទូទាំងប្រទេស ដើម្បីស្រាវជ្រាវរុករក និងបង្ក្រាបករណីជួញដូរមនុស្ស នៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» នៅព្រឹកថ្ងៃទី ១២ ខែសីហានេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការប្រតិបត្តិការពិសេស ដើម្បីស្រាវជ្រាវរុករកករណីជួញដូរមនុស្ស ដែលមាននៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជា។លោកស្រី ជូ ប៊ុនអេង បានថ្លែងថា «រហូតដល់បច្ចុប្បន្ននេះ យើងបាននិងកំពុងតែរៀបចំនូវផែនការប្រតិបត្តិការពិសេស សម្រាប់ការស្រាវជ្រាវរកនូវស្ថានភាព ដែលលាក់កំបាំងក្នុងរឿងជួញដូរមនុស្ស ដែលមាននៅលើទឹកដីកម្ពុជាហ្នឹងហើយ ប្អូនៗអ្នកសារព័ត៌មាន គង់តែទទួលបានលទ្ធផលទេ ថាធ្វើយ៉ាងម៉េច? តែសុំទោសពេលដែលយើងប្រតិបត្តិការ មិនមែនជាពេលវេលាដែលត្រូវចង្អុលបង្ហាញថា កន្លែងនេះមានជនល្មើស កន្លែងនេះមានបទល្មើសទេ ពីព្រោះយើងមានពេលខ្លះគេហៅថា ជាគេហៅថា វិធីសាស្រ្ដ ឬក៏នីតិវិធីនៅក្នុងការបង្រ្កាប យើងអត់វៃស្មៅបង្អើលពស់ទេ យើងគ្រាន់តែប្រាប់ថា យើងមានកិច្ចប្រតិបត្តិការទូទាំងប្រទេស»។ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរអំពីបញ្ហាជួញដូរមនុស្សនេះជាយូរណាស់មកហើយ តាំងពីពេលទទួលបានព័ត៌មានថា មានករណីជួញដូរមនុស្សនេះកើតឡើងនៅកម្ពុជា គឺអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ និងបង្រ្កាបបញ្ហានេះ៕ អត្ថបទ៖ ឃួន សុភ័ក្រ

website_news/2022150802.txt · Last modified: 2022/08/15 10:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki