website_news:2022150803

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បង្ហាញលេខទូរស័ព្ទ Hotline ដើម្បីឲ្យពលរដ្ឋ និងអ្នកពាក់ព័ន្ធរាយការណ៍ជុំវិញករណីជួញដូរមនុស្ស

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១២ សីហា ២០២២ដោយ sopheak khoun

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានបង្ហាញអំពីលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) និងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដើម្បីឲ្យប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ក៏ដូចជាអ្នកពាក់ព័ន្ធរាយការណ៍ព័ត៌មានជុំវិញករណីជួញដូរមនុស្ស ដើម្បីឲ្យមានការបង្រ្កាបទាន់ពេលវេលា។

លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរង អគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ក្នុងសន្និ សីទសារព័ត៌មាន ស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» នាព្រឹកថ្ងៃទី ១២ ខែសីហានេះថា អគ្គស្នងការដ្ឋានគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែខិតខំប្រឹងបង្រ្កាបបទល្មើសជួញដូរមនុស្សជាបន្តបន្ទាប់ ទោះបីប្រទេសជាតិស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ឬក៏ជួបបញ្ហាប្រឈមអ្វីក៏ដោយ។ ក្នុងនោះដែរ លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា ក៏បានបង្ហាញអំពីលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) និងទំព័រហ្វេសប៊ុក ដើម្បីទទួលព័ត៌មានជុំវិញករណីជួញដូរមនុស្ស ផងដែរ។ លោកស្រីអគ្គស្នងការរង បានថ្លែងថា «Hotline របស់នាយកដ្ឋានយើងមានមួយទៀត គឺHotline ១២៨៨ ដែលHotline របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ហើយនៅពេលដែលយើងបង្ការថា ប្រសិនបើមានការទូរស័ព្ទមក Hotline ហ្នឹងវាមានច្រើន ហើយវាមានការរអាក់រអួល គឺយើងមានហ្វេសប៊ុកផេករបស់នាយកដ្ឋានថែមទៀត ដើម្បីលោកអាចផ្ញើព័ត៌មាន ដើម្បីយើងបានដឹង យើងសហការគ្នាស្រាវជ្រាវ ហើយនិងប្រសិនជារបស់ថ្នាក់ក្រោមជាតិ យើងនឹងចាត់ចំណាត់ការភ្លាម ដើម្បីបើកការស្រាវជ្រាវ»។

លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា បានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ ជាមួយអាជ្ញាធរមានសមត្ថកិច្ច តាមរយៈការផ្ដល់ព័ត៌មានអំពីការជួញដូរមនុស្សនេះ ដើម្បីអាចបង្ការទប់ស្កាត់ និងចុះបង្រ្កាបបានទាន់ពេលវេលា៕ អត្ថបទ៖ ឃួន សុភ័ក្រ

website_news/2022150803.txt · Last modified: 2022/08/15 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki