website_news:2022150805

លោកស្រី ជូ ប៊ុនអេង៖ រាជរដ្ឋាភិបាលកម្ពុជាមិនបានព្រងើយកន្តើយចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សទេ

https://www.postkhmer.com/ មុំ គន្ធា | Publication date 12 August 2022 | 14:57 ICT

មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ណាស់នៅក្នុងការការពារជនរងគ្រោះ ដោយការជួញដូរមនុស្ស បើទោះបីជាជនរងគ្រោះជាជនជាតិកម្ពុជាជាជនបរទេសក៏ដោយ គឺវិសាលភាពនៃច្បាប់របស់ប្រទេសកម្ពុជា នៅតែទទួលខុសត្រូវចំពោះអ្នកដែលស្ថិតក្នុងដែននៃប្រទេសកម្ពុជា និងទៅលើប្រជាជនកម្ពុជាទោះបីជាស្ថិតនៅទីណាក៏ដោយ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានថ្លែងឡើងដូចនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី ១២ ខែសីហានេះ។ លោកស្រីមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាមិនបានព្រងើយកន្តើយចំពោះកិច្ចខិតខំប្រឹងប្រែងនូវក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សទេ ដោយយើងរិះរកគ្រប់មធ្យោបាយ និងបានធ្វើយុទ្ធនាការអន្តរសាសនា ដោយរួមគ្នាក្នុងការធ្វើឱ្យអំពើជួញដូរមនុស្សនៅកម្ពុជាត្រូវបានកាត់បន្ថយ ឬសាបរលាប និងការងារជាច្រើនទៀតពាក់ព័ន្ធនឹងការជួញដូរមនុស្សនេះ»។ ជាមួយគ្នានោះដែរ លោកស្រីក៏បានលើកឡើងផងដែរ ដែលកម្ពុជាកំពុងរៀបចំបង្កើតនូវផែនការប្រតិបត្តិការពិសេស ក្នុងការស្រាវជ្រាវរកនូវការលាក់កំបាំងករណីជួញដូរមនុស្សនៅទូទាំងប្រទេសកម្ពុជា ដែលប្រតិបត្តិការនេះអាចនឹងចាប់ផ្តើមអនុវត្តនាពេលឆាប់ៗខាងមុខនេះ។

នៅឆ្នាំ ២០២១ គឺជាឆ្នាំដែលកម្ពុជាបង្ក្រាបបានច្រើនជាងឆ្នាំណាទាំងអស់ ថ្វីដ្បិតតែជាអំឡុងពេលដែលកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩ ក៏ដោយ ដែលឆ្នាំ ២០២១ គឺជាការបង្ក្រាបដើម្បីបង្ការការទប់ស្កាត់។ បើតាមលោកស្រី ជូ ប៊ុនអេង ក្នុងឆ្នាំ ២០២១ បង្ក្រាបករណីជួញដូរមនុស្សបានចំនួន ៣៥៩ ករណី កើនឡើងទ្វេដងជាងឆ្នាំ ២០១៩ ដែលមានតែ ១៥៥ ករណី។ កម្ពុជាក៏បានជួយសង្គ្រោះជនរងគ្រោះ ១៥៧៧ នាក់ ខណៈឆ្នាំ ២០១៩ មានតែ ៤៦៧ នាក់ និងបានកសាងសំណុំរឿងទៅតុលាការបានចំនួន ៥៣៨ ករណី ខណៈឆ្នាំ ២០១៩ មានចំនួន ១៩៣ ករណី។ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា៖ «កម្ពុជាមិននៅស្ងៀមនោះទេលើការងារទប់ស្កាត់ ការ បង្ក្រាប និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស តែយើងឈឺចាប់នៅពេលដែលនៅតែមានសកម្មភាពថ្មីៗរបស់ជនល្មើសកើតមានឡើងលើទឹកដីកម្ពុជា ពីព្រោះយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារប្រជាពលរដ្ឋមិនឱ្យរងគ្រោះដោយអំពើជួញដូរមនុស្សក៏ដោយ តែទីបំផុតគេនៅតែយកទឹកដីកម្ពុជា ដើម្បីយកមកធ្វើបទល្មើសឱ្យយើងប្រឈមជាមួយនឹងបទល្មើសនេះទាល់តែបាន»។ ចំណុចនេះដែរ លោកស្រីបានលើកឡើងដែរថា អ្វីដែលកម្ពុជារកឃើញគឺនៅក្នុងអំឡុងខែមិថុនា ឬខែកក្កដា ដែលវាផុតកំណត់ពីការវាយតម្លៃទៅហើយ ដែលលោកស្រីមិនដឹងថាតើការងារនេះ ឬបញ្ហានេះត្រូវផ្គួបផ្សំជាមួយនឹងការវាយតម្លៃឆ្នាំមុននោះទេ។

លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា៖«យើងមិនប្រកែកទេ នៅពេលដែលគេសួរថាទទួលយកបានទេ? មានអីប្រកែកបើផ្សព្វផ្សាយទូទាំងពិភពលោកហើយហ្នឹង។ យើងទទួលយកប៉ុន្តែយើងក៏ត្រូវរិះរកគ្រប់មធ្យោបាយក្នុងការឆ្លើយតបទៅវិញផងដែរ ព្រោះយើងទទួលស្គាល់ដែរថាកម្ពុជាមិនមែនជាប្រទេសដែលមានសក្តានុពលគ្រប់គ្រាន់នៅក្នុងប្រឆាំងបទល្មើសគ្រប់បែបយ៉ាងនោះទេ ប៉ុន្តែយើងចាត់ទុកការប្រឆាំងបទល្មើសជាអាទិភាពទី ១ ដោយសារយើងចង់ឱ្យកម្ពុជាមានសុវត្ថិភាព និងសុខសន្តិភាព សម្រាប់មនុស្សគ្រប់គ្នា»។ លោកស្រីថា បច្ចុប្បន្ននេះកម្ពុជាបានបង្កើតផែនការប្រតិបត្តិការ ពិសេសសម្រាប់ការស្រាវជ្រាវរកនូវស្ថានភាពការលាក់កំបាំងករណីជួញដូរមនុស្សនៅទូទាំងប្រទេស ដែលនឹងធ្វើឡើងក្នុងពេលខាងមុខនេះ។ នាឱកាសនោះដែរ លោកស្រីក៏បានលើកឡើងដែរថា កម្ពុជាមិនដែលបដិសេធចំពោះការបង្ក្រាបបទល្មើសនេះទេ ហើយកម្ពុជាក៏បានព្យាយាមធ្វើការទំនាក់ទំនងជាមួយបណ្តាប្រទេសពាក់ព័ន្ធ ហើយប្រទេសដែលធ្វើការជាមួយនឹងកម្ពុជាបានដឹង និងសប្បាយចិត្ត ដោយសារកម្ពុជាបានបើកទូលាយឱ្យសមត្ថកិច្ចនៃប្រទេសពាក់ព័ន្ធធ្វើការជាមួយគ្នា ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់គាត់។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីការជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសអាមេរិក បានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងការបង្ក្រាបការជួញដូរមនុស្សដែលវាជារឿងមិនពិត និងជារឿងអយុត្តិធម៌សម្រាប់កម្ពុជា៕

website_news/2022150805.txt · Last modified: 2022/08/15 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki