website_news:2022150806

មន្ត្រីក្រសួងយុត្តិធម៌ ៖ ទោះបីចំណាត់ថ្នាក់កម្ពុជាយ៉ាងណា ក៏ការងារប្រឆាំងការជួញដូរមនុស្សនៅតែបន្តយ៉ាងសកម្ម

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១២ សីហា ២០២២ដោយ sopheak khoun

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បញ្ជាក់ថា បើទោះបីជាចំណាត់ថ្នាក់កម្ពុជាទទួលបានយ៉ាងណាក៏ដោយ តែបេសកកម្មសម្រាប់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់កម្ពុជានៅតែបន្ត ដរាបណាការងារមួយនេះមិនទាន់សម្រេចតាមគោល ដៅរបស់ខ្លួន។ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ១២ ខែសីហានេះ នាទីស្ដីការគណៈរដ្ឋមន្ត្រី។

លោក កេង សុម៉ារិទ្ធ លើកឡើងថា បើទោះបីនៅក្នុងឆ្នាំនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៣ ដែលវាយតម្លៃដោយសហរដ្ឋអាមេរិកក៏ដោយ តែជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចក្រឡាហោម ស ខេង ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺតែងតែយកចិត្តទុកដាក់ខ្ពស់ប្រកបដោយឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យមានប្រសិទ្ធភាព និងកាត់បន្ថយបទល្មើសជាបន្តបន្ទាប់។

លោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ការខិតខំរបស់កម្ពុជាលើការងារប្រឆាំងអំពើជួញដូរមនុស្សនេះ គឺមិនមែនដើម្បីតែចំណាត់ថ្នាក់ទេ បើទោះបីចំណាត់ថ្នាក់កម្ពុជា ទទួលបានយ៉ាងណាក៏ដោយ ក៏បេសកកម្មមួយនេះនៅតែបន្តដដែល ពោលគឺដរាបណាមិនទាន់បានសម្រេចគោលដៅដែលខ្លួនចង់បាន។ លោកបន្តថា ក្នុងនាមជារដ្ឋមួយ គឺកម្ពុជាមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ និងការធានាការពារសិទ្ធសេរីភាពរបស់ពលរដ្ឋ និងជនបរទេសទាំងឡាយដែលរស់នៅកម្ពុជា កុំឲ្យក្លាយជាជនរងគ្រោះដោយសារការជួញដូរ។ ជាមួយគ្នានេះ លោក កេង សុម៉ារិទ្ធ បញ្ជាក់ដែរថា ក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងការពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា គឺក្រសួងបានយកចិត្តទុកដាក់យ៉ាងមោះមុត និងយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ផងដែរ៕ អត្ថបទ៖ ធឿន វ៉ាន់សុង

website_news/2022150806.txt · Last modified: 2022/08/15 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki