website_news:2022150901

រាជរដ្ឋាភិបាល នឹងបង្កើនការស្រាវជ្រាវ បង្រ្កាប និងអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងចំពោះទីតាំង និងបុគ្គល ពាក់ព័ន្ធនឹងអំពើជួញដូរ និងរត់ពន្ធមនុស្សគ្រប់ទម្រង់

http://freshnewsasia.com/index.php/en/localnews/257109-2022-09-13-06-43-34.html 2022-09-13 01:43pm

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនការស្រាវជ្រាវ បង្ក្រាប ហើយអនុវត្តច្បាប់ ដោយស្មើភាព និងម៉ឹងម៉ាត់ ដោយគ្មានការលើកលែងចំពោះទីតាំង និងបុគ្គល ពាក់ព័ន្ធនឹងអំពើជួញដូរ និងរត់ពន្ធមនុស្សគ្រប់ទម្រង់ នៅក្នុងប្រទេសកម្ពុជា។

ការសម្រេចរបស់រាជរដ្ឋាភិបាល បានធ្វើឡើងតាមរយៈចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើរបាយការណ៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីស្ថានភាព និងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង រត់ពន្ធមនុស្ស។ យោងតាមលិខិត របស់ទីស្ដីការ គណៈរដ្ឋមន្ត្រីដែលបណ្ដាញព័ត៌មាន Fresh New ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានឃើញរបាយការណ៍របស់ សម្ដេចក្រឡាហោម និងឯកភាពដូចខាងក្រោម៖

១៖ បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសង្គ្រោះជនរងគ្រោះ ស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលមានការពាក់ព័ន្ធ។

២៖ ចំពោះករណីដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សពិតប្រាកដ ឬការជួញដូរកម្លាំងពលកម្ម ឬការឆបោកតាមប្រព័ន្ធអនឡាញ ត្រូវពន្លាតការស្រាវជ្រាវនោះសំដៅទៅរក បទល្មើសសម្អាតប្រាក់ថែមទៀត។

៣៖ អនុវត្តដោយស្មើភាពស្របតាមច្បាប់ជាធរមាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់នៅគ្រប់ទីតាំង ដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរ និងរត់ពន្ធមនុស្សគ្រប់ទម្រង់ ដោយអនុវត្តវិធានការច្បាប់ ម៉ឺងម៉ាត់លើទីតាំង និងបុគ្គលដែលត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ហើយត្រូវទទួលរងទណ្ឌកម្មស្របតាមការកំណត់នៃច្បាប់ដោយគ្មានការលើកលែង។

៤៖ សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការវាយបក និងឆ្លើយតបទាន់ពេលវេលារាល់ការផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ និងស្នើឱ្យកែតម្រូវចំណុចដែលផ្ទុយពីការពិត ដើម្បីបន្សាបឥទ្ធិពលវាយប្រហារ អវិជ្ជមានពីមជ្ឈដ្ឋាននានា ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងបញ្ចៀសផលប៉ះពាល់មកលើបរិយាកាស នយោបាយ និងសន្តិសុខសង្គម។

៥៖ បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ សំដៅត្រួតពិនិត្យ និងរៀបចំរបៀបរៀបរយនៅតាម បណ្ដាទីតាំងដែលមានការប្រមូលផ្ដុំការស្នាក់នៅ ការធ្វើអាជីវកម្ម និងការប្រើប្រាស់កម្លាំងពលកម្មជនបរទេស សំដៅគ្រប់គ្រងជនបរទេសឱ្យបានហ្មត់ចត់ និងទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែន៕

website_news/2022150901.txt · Last modified: 2022/09/15 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki