website_news:2022150905

ពលរដ្ឋម៉ាឡេស៊ីចំនួន ២៩នាក់ ដែលត្រូវបានជឿថាជាជនរងគ្រោះនៃការបោកប្រាស់ឲ្យមកធ្វើការងារក្លែងក្លាយនៅកម្ពុជា នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ចាប់ពីចុងខែកញ្ញា

https://www.khmertimeskh.com/501150546//?p=1150546 Khmer Times September 14, 2022

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា Datuk Eldeen Mohd Hasshin បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី Bernama ថា ជនជាតិម៉ាឡេស៊ី ២៩នាក់ ក្នុងចំណោម ៥៣នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណ និងជឿថា ត្រូវបានរត់ពន្ធ ឬល្បួងឲ្យមកធ្វើការងារឲ្យក្រុមឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ចាប់ពីចុងខែកញ្ញា។ Datuk Eldeen បាននិយាយថា ក្រុមចុងក្រោយក្នុងចំណោម២៩ នាក់ គឺស្ថិតក្នុងចំណោមជនរងគ្រោះដែលត្រូវគេបោកប្រាស់ចំនួន ៥៣នាក់ដែលត្រូវបានជួយសង្គ្រោះ ប៉ុន្តែត្រូវឃុំខ្លួនដោយសារតែពួកគេមិនមានឯកសារធ្វើដំណើរត្រឹមត្រូវ។ កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ពលរដ្ឋម៉ាឡេស៊ី ២៤នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីកម្ពុជា អមដោយរដ្ឋមន្ត្រីការបរទេសលោក Datuk Seri Saifuddin Abdullah ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ Datuk Seri Saifuddin ក៏បានទៅសួរសុខទុក្ខជនជាតិម៉ាឡេស៊ីមួយចំនួនដែលត្រូវបានឃុំខ្លួននៅឯមន្ទីរឃុំឃាំងកម្ពុជាផងដែរ មុនពេលជិះយន្តហោះត្រឡប់ទៅវិញជាមួយនឹងអ្នកទាំង២៤ ដែលមានអាយុចន្លោះពី២០ ទៅ៣០ ឆ្នាំ។

“អ្នកទាំង ២៩ នាក់នេះ អត់មានលិខិតឆ្លងដែន បើពួកគេមានលិខិតឆ្លងដែន លិខិតទាំងនោះមិនមានសុពលភាពទៀតទេ ឬពួកគេអាចលួចចូលក្នុងប្រទេស។ ពួកគេកំពុងត្រូវបានស៊ើបអង្កេត ហើយដំណើរការត្រូវការពេលវេលា ព្រោះជនរងគ្រោះមិនត្រឹមតែជាជនជាតិម៉ាឡេស៊ីទេ ក៏មានជនរងគ្រោះមកពីប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី ជាដើម ដូច្នេះយើងនឹងត្រូវរង់ចាំសិន។ លោកបានបន្ថែមថា “យើងបានទទួលព័ត៌មានថាការស៊ើបអង្កេតជិតរួចរាល់ហើយ ហើយយើងនឹងព្យាយាមនាំពួកគេមកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែយើងមិនអាចនាំពួកគេទាំងអស់គ្នាបានទេ ដោយសារករណីកំពុងត្រូវបានដោះស្រាយជាលក្ខណៈបុគ្គល” ។ Eldeen បាននិយាយថា ជនជាតិម៉ាឡេស៊ីចំនួន៣០ នាក់ទៀតត្រូវបានគេរាយការណ៍ថាជាជនរងគ្រោះនៃក្រុមបោកប្រាស់ឲ្យធ្វើការងារក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីតាមដានកន្លែងលាក់ខ្លួនរបស់ពួកគេ។ លោកបានសង្កត់ធ្ងន់ថា “សរុបមក យើងបានទទួលរបាយការណ៍ចំនួន១៤៨ នៅស្ថានទូតរបស់យើង ហើយយើងបានជួយសង្គ្រោះមនុស្សចំនួន១១៨ នាក់មកទល់ពេលនេះ” ។

ការសែតខ្មែរថាមស៍ បានទទួលព័ត៌មានដ៏គួរឱ្យទុកចិត្តថា សម្រាប់ពលរដ្ឋម៉ាឡេស៊ី ១០នាក់ ដែលអង្វរឱ្យធ្វើមាតុភូមិនិវត្តន៍ ឬជួយសង្គ្រោះ មានចំនួនស្មើគ្នាទៅនឹងអ្នកដែលមិនព្រមវិលត្រឡប់មកវិញខណៈពួកគេពេញចិត្តធ្វើការនៅមជ្ឈមណ្ឌលហៅទូរស័ព្ទដែលអាចរកប្រាក់ចំណូលបានច្រើនតាមដែលពួកគេអាចបំពេញតាមគោលដៅរបស់ពួកគេ។ ករណីបែបនេះមានចំពោះជាតិសាសន៍ផ្សេងទៀតដែរ៕ Bernama/Khmer Times

website_news/2022150905.txt · Last modified: 2022/09/15 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki