website_news:2022160201

ពលករខ្មែរជាង ១០០នាក់ ត្រូវទាហានថៃ ចាប់បញ្ជូនមកកាន់ស្រុកកំណើតវិញ

https://www.gntimes.com/ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២

បាត់ដំបង៖ កម្លាំងទាហានថៃ បានចាប់បញ្ជូនពលករខ្មែរប្រុសស្រីជាង ១០០នាក់ ប្រគល់ត្រឡប់មកឱ្យអាជ្ញាធរកម្ពុជាវិញ ក្រោយរកឃើញថា ពួកគាត់លួចឆ្លងដែនដោយគ្មានច្បាប់អនុញ្ញាត ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានឱ្យដឹងថា កាលពីថ្ងៃទី ១៤ ខែ កុម្ភ: ឆ្នាំ ២០២២ ម្សិលមិញនេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយុទ្ធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ លោកបន្តថា បន្ទាប់ពីសាកសួរកត់ឈ្មោះរួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាថ្ងៃនេះ សរុបមាន ១៣៣នាក់ ក្នុងនោះ ស្រី ៥១នាក់ ក្មេង២៤នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតែស្តរហ័ស ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់ ប៉ុន្តែពលករចំនួន ៤៩នាក់ ស្រី ១៥នាក់ និងក្មេង ៧នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ។ ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំង ៨៤នាក់ ស្រី ៣៦នាក់ និងក្មេង ១៧នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវីដ-១៩ រួចអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

website_news/2022160201.txt · Last modified: 2022/02/16 10:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki