website_news:2022160202

ថ្ងៃនេះ! ថៃទទួលពលករខ្មែរជាង២០០នាក់ឲ្យទៅធ្វើការនៅលើទឹកដីថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ១២:៤៥

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរជាង២០០នាក់ ត្រូវបានភាគីថៃអនុញ្ញាតឲ្យចូលទៅធ្វើការលើទឹកដីរបស់គេ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ហើយនេះជាលើកទី៣ហើយ សម្រាប់ពលករខ្មែរដែលបានចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតគិតត្រឹមថ្ងៃនេះ។ ពលករដែលចេញទៅធ្វើការលើទឹកដីថៃនៅថ្ងៃនេះ គឺតាមរយៈក្រុមហ៊ុន CAPRICORN MANPOWER ទៅធ្វើការផ្នែករោងចក្រសាច់មាន់ ក្នុងខេត្តនគររាជសីម៉ា នេះបើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុនខាងលើ។

តំណាងក្រុមហ៊ុន សុំមិនអាចបញ្ជាក់លម្អិតពីចំនួនពលករ និងស្រីប្រុសប៉ុន្មាននោះទេ ដោយត្រឹមប្រាប់ថា ចំនួនពលករសរុបជាង២០០នាក់តែប៉ុណ្ណោះ ប៉ុន្តែមានអ្នកខ្លះអវត្តមាន ហើយថានេះជាលើកទី១ សម្រាប់ក្រុមហ៊ុនខ្លួនដែលនាំពលករទៅធ្វើការលើទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ គួរបញ្ជាក់ថា ក្រោយភាគីថៃបើកទទួលពលករកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ គឺមានក្រុមហ៊ុនចំនួន២ បាននាំពលករទៅធ្វើការលើទឹកដីថៃ ដោយក្រុមហ៊ុន ទូចម៉ាណាក់ម៉ែនផៅវ័រស៊ុប្លាយ បាននាំចេញ២លើក គឺលើកទី១ នៅថ្ងៃទី១ ខែកុម្ភៈ ចំនួន១៨៥នាក់ ហើយលើកទី២ នៅថ្ងៃទី៥ ខែកុម្ភៈ ចំនួន១៤២នាក់ និងថ្ងៃនេះ គឺក្រុមហ៊ុនCAPRICORN MANPOWER ជាង២០០នាក់ផងដែរ។

លោកវរសេនីយ៍ សេម មករា ប្រធានសេនាធិការនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា ចំនួនពលករដែលចេញពីកម្ពុជាទៅធ្វើការលើទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាថ្ងៃនេះ មិនទាន់ទទួលបានទិន្ន័យច្បាស់លាស់ពីខាងក្រុមហ៊ុននាំពលករនៅឡើយទេ។ លោកថា នេះជាលើកទី៣ហើយ ដែលភាគីថៃទទួលយកពលករខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផ្អែកលើអនុសារណៈ MOU រវាងក្រសួងការងារកម្ពុជា និងថៃ៕

website_news/2022160202.txt · Last modified: 2022/02/16 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki