website_news:2022160303

រំហូរពលករខ្មែរមកពីថៃ តាមច្រកខេត្តបាត់ដំបងថយចុះ ប៉ុន្តែមានកំណើនករណីកូវីដ-១៩

https://btv.com.kh/ 03/15/2022 02:03 PM

បាត់ដំបង៖ លំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង មានការថយចុះជាបន្តបន្ទាប់ ប៉ុន្តែចំនួនពលករដែលត្រូវបានរកឃើញឆ្លងកូវីដ-១៩ មានការកើនឡើង ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែន ត្រូវបានរឹតបន្តឹង។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង វិធានការសុខាភិបាលនៅច្រកព្រំដែន ត្រូវបានរឹតបន្តឹងដោយគ្មានការធ្វេសប្រហែសឡើយ ទោះបីរំហូរពលករខ្មែរវិល ត្រឡប់មកពីប្រទេសថៃ មានការថយចុះ ហើយពលករភាគច្រើន មានកាតចាក់វ៉ាក់សាំងចាប់ពី២ដូសឡើងទៅ។ លោក បានឱ្យដឹងបន្ថែមថា ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបានយកសំណាកធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ នៅច្រកព្រំដែន ហើយចំពោះអ្នកវិជ្ជមាន ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាលអ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ហើយអ្នកអវិជ្ជមានមានកាតចាក់វ៉ាក់សាំងគ្រប់២ដូស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

ប្រធានច្រកព្រំដែនរូបនេះ បានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ រំហូរពលករថយចុះ ប៉ុន្តែ ក្នុងចំណោមពលករចូលមកជាង ១០០នាក់ក្នុងមួយថ្ងៃ មានចន្លោះពី ៣ទៅ ៥នាក់ ត្រូវបានធ្វើតេស្តរហ័ស រកឃើញឆ្លងជំងឺកូវីដ-១៩ ខណៈពេលមុន រំហូរពលករកើនឡើង ក្នុងចំនួនចន្លោះពីជាង ២០០នាក់ទៅជិត ៣០០នាក់ តែការរកឃើញឆ្លងកូវីដ-១៩ មានតិចតួច ឬស្ទើរតែគ្មាន។

គួរកត់សម្គាល់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបង មានការហក់ឡើងបន្តិចវិញ ក្រោយមានការស្ងប់ស្ងាត់មួយរយៈពេលធំ។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កងកម្លាំងចម្រុះការពារព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយមិនស្របច្បាប់៕អត្ថបទ៖ នឿត សុភក្ត្រ

website_news/2022160303.txt · Last modified: 2022/03/16 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki