website_news:2022160304

លំហូរចូលនៃពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃមុនពិធីបុណ្យចូលឆ្នាំខ្មែរបង្កើនការព្រួយបារម្ភលើករណីឆ្លងវីរុស Omicron

https://www.khmertimeskh.com/ យឹម ស្រីលីន /ខ្មែរថាមស៍ 15/03/2022

នាពេលជិតចូលឆ្នាំខ្មែរនេះ មានចលនាពលករចំណាកស្រុកច្រើនកុះករនៅតាមខេត្តមួយចំនួនជាប់ព្រំដែនជាមួយប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម។ ប្រការនេះកំពុងបង្កការព្រួយបារម្មណ៍យ៉ាងខ្លាំងដល់អាជ្ញាធរខេត្ត ខណៈពួកគេក៏កំពុងមើលឃើញការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ប្រសិនបើមិនបានដោះស្រាយ និងគ្រប់គ្រងឲ្យបានត្រឹមត្រូវនឹងអាចនាំឲ្យមានការផ្ទុះឡើងនៃសហគមន៍មួយទៀត។ ចាប់តាំងពីដើមខែនេះ ពលករ ចំណាកស្រុកជាង ១,៣០០នាក់ បានចាប់ផ្តើមត្រឡប់ទៅខេត្តបន្ទាយមានជ័យវិញ ខណៈជាង ១.០០០ ទៅ ១.៥០០នាក់ទៀតទៅខេត្តឧត្តរមានជ័យពីប្រទេសថៃ។

កាលពីម្សិលមិញលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និយាយថា មានការកើនឡើងគួរឲ្យកត់សម្គាល់ នៃពលករចំណាកស្រុកដែលវិលត្រឡប់មកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ។ លោកបន្តថាក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ពលករចំណាកស្រុកមិនតិចជាង ២០០ នាក់បានឆ្លងព្រំដែនពីប្រទេសថៃ ហើយជាមួយនឹងការប្រារព្ធពិធីក្នុងរយៈពេលមួយខែទៀត មនុស្សជាច្រើនគ្រោងនឹងត្រលប់មកវិញ ហើយការគ្រប់គ្រងលំហូរនៃពលករចំណាកស្រុកនឹងក្លាយជាបញ្ហាប្រឈមសម្រាប់ មន្ត្រីពាក់ព័ន្ធ។ លោកថា៖ «អ្វីដែលយើងបានរកឃើញនោះគឺថា មានតែពលករមួយចំនួនដែលបានត្រលប់មកវិញតាំងពីដើមខែនេះ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ខណៈពលករជាច្រើនមិនបានចាក់វ៉ាក់សាំង។ យើងក៏ត្រូវធ្វើឲ្យប្រាកដថាពួកគេមិនមានឆ្លងជំងឺកូវីដដែរ»។

ដោយលើកឡើងពីអ្វីដែលបានកើតឡើងកាលពីចុងសប្តាហ៍ លោកថានៅកាលពីថ្ងៃសុក្រ ពលករចំណាកស្រុកចំនួន ៥៣៦ នាក់បានត្រឡប់ទៅខេត្តវិញ ខណៈថ្ងៃសៅរ៍មាន ៤៦៣ នាក់ និងថ្ងៃអាទិត្យ ៣៦៥ នាក់ ហើយក្នុងចំណោមចំនួនសរុបមាន ២០ ភាគរយនៃពលករដែលបានឆ្លងវីរុសនេះ។ លោកបន្ថែមថា៖ «អ្វីដែលយើងបារម្ភនោះគឺថា ក្នុងចំណោមពលករចំណាកស្រុកក៏មានអ្នកឆ្លងកូវីដច្រើនដែរ ហើយពួកគេភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។ យើងរំពឹងថានឹងឃើញលំហូរនៃពលករចំណាកស្រុកត្រឡប់មកវិញដូចក្នុងខែសីហាឆ្នាំមុនដែរ»។លោកថានៅតាមព្រំដែន ការធ្វើតេស្តរហ័សគឺធ្វើឡើងលើពលករចំណាកស្រុកទាំងអស់ ដោយមិនថាចាក់វ៉ាក់សាំង ឬមិនទាន់ចាក់វ៉ាក់សាំងទេ ហើយអ្នកដែលរកឃើញថាវិជ្ជមាន នឹងត្រូវបញ្ជូនទៅកាន់មណ្ឌលព្យាបាលមួយក្នុងចំណោមមណ្ឌលចត្តាឡីស័កកងវ៉ា និងកូបធំភ្លាមៗ ដែលបច្ចុប្បន្នមានអ្នកជំងឺចំនួន ៦៨០នាក់។ លោកថា៖ «អ្នកដែលត្រូវបានចាក់វ៉ាក់សាំងនឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃខណៈអ្នកដែលមិនបានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ»។

ជាមួយគ្នានេះ លោកឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបាននិយាយកាលពីម្សិលមិញថា ពលករចំណាកស្រុកទាំងអស់ ដែលមកពីប្រទេសថៃ អាចចូលខេត្តបានតែតាមច្រកទ្វារអន្តរជាតិអូរស្មាច់ចាប់តាំងពីដើមឆ្នាំខែនេះរហូតដល់ចូលឆ្នាំខ្មែរ។ លោកបន្តថា៖ «ឥឡូវនេះ ពលករចំណាកស្រុកត្រឡប់មកវិញបានកើនពី ២៥០ នាក់ក្នុងមួយថ្ងៃដល់ជិត ៥០០ នាក់ក្នុងមួយថ្ងៃ។ ក្នុងរយៈពេលពីរខែចុងក្រោយនេះ ពលករមិនតិចជាង ២០០នាក់ ដែលត្រឡប់មកពីប្រទេសថៃវិញទេ ប៉ុន្តែតួលេខពេលនេះកើនឡើងទ្វេដង និងអាចកើនឡើងបីដង ដោយយ៉ាងហោចណាស់ ១៥ ភាគរយនៃពួកគេបានឆ្លងជំងឺកូវីដ-១៩»។ នៅខេត្តឧត្តរមានជ័យ ពលករចំណាកស្រុកដែលបានចាក់វ៉ាក់សាំងពេញលេញទាំងអស់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ខណៈអ្នកមិនបានចាក់វ៉ាក់សាំងតម្រូវឲ្យធ្វើចត្តាឡីស័ក។ លោកបន្ថែមថា៖ «ឥឡូវនេះមិនមានកម្មករចំណាកស្រុកច្រើនជាង ២០០ នាក់ទេដែលស្ថិតក្រោមការធ្វើចត្តាឡីស័កនៅក្នុងខេត្តនេះ ប៉ុន្តែយើងមានអ្នកជំងឺជាង ៣០០ នាក់ដែលកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌល»៕

website_news/2022160304.txt · Last modified: 2022/03/16 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki