website_news:2022160502

លេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋផងដែរ។ អង្គប្រជុំក៏បានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំបានដាក់ចេញកាលពីលើកកិច្ចប្រជុំកន្លងទៅ និងបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានក្រុង ស្រុក ភូមិ ឃុំ ដូចជាធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ធនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណ: ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងការធ្វើចំណាកស្រុកដោយសុវត្ថិភាព ។

កិច្ចប្រជុំ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្នុងកិច្ចប្រជុំនោះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានមានប្រសាសន៍លើកឡើងថា សូមឲ្យក្រុមការងាររបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ទំាងអស់ ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងវិធីសាស្ត្រធ្វើចំណាកស្រុកដោយសុវត្ថិភាព ដើម្បីធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានញឹកញាប់ និងបញ្ជ្រាបឲ្យពួកគាត់មានការយល់ដឹងអំពីនិតិវិធី និងបញ្ហាផ្សេងៗ ក្នុងការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស គឺបងប្អូនត្រូវមានឯកសារគ្រប់គ្រាន់ និងទៅតាមរយ:ក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីរាជរដ្ឋាភិបាល ។

នៅក្នុងកិច្ចប្រជុំពិភាក្សា និងការត្រួតពិនិត្យលើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងកិច្ចការពារជនរងគ្រោះ គឺអង្គប្រជុំបានដាក់នូវរបៀបវរ:សម្រាប់អនុវត្ត និងដោះស្រាយ មួយចំនួនដូចជា៖

១. មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ត្រូវធ្វើការផ្សព្វផ្សាយអំពីកម្រងប្រកាសពាក់ព័ន្ធនឹងទម្រង់ធ្ងន់ធ្ងរពលកម្មកុមារ ជូនមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូ ដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ។

២.មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: មន្ទីរសង្គមកិច្ច ស្នងការនគរបាលខេត្ត កងរាជអាវុធ ហត្ថខេត្ត ធ្វើការចុះអធិការកិច្ចជាលក្ខណ:បែបទស្សនកិច្ចរួមគ្នា ដើម្បធ្វើការសំយោគ និងកំណត់អំពីនីតិវិធី លើការទប់ស្កាត់ និងដកហូតកុមារ ឱ្យស្របតាមកម្រងប្រកាសរបស់ក្រសួងការងារ និងគោលនយោបាយកាត់បន្ថយកុមារស្នាក់នៅក្នុងមណ្ឌល។

៣. រដ្ឋបាលស្រុកពួក ពិនិត្យ និងជួយសម្រួលដល់ពលករ ដែលបាត់ដំណឹងលើសពី ៣ឆ្នាំ ក្នុងការដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ឬអធិការ និងការបញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត ។

៤. រដ្ឋបាលស្រុកសូទ្រនិគម ពិនិត្យលើបញ្ហារបស់កម្មករ ដែលមិនទទួលបានប្រាក់ឈ្នួល ថាតើពួក គាត់មិនទទួលបានពីមេការ អ្នកម៉ៅការ ឬពីក្រុមហ៊ុនសាងសង់ប្រលានយន្តហោះអន្តរជាតិថ្មីផ្ទាល់ និងត្រូវធ្វើកិច្ចសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លើការដោះស្រាយបញ្ហារបស់កម្មករ ដោយត្រូវជំរុញឱ្យកម្មករដាក់ពាក្យបណ្តឹងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត។

៥. រដ្ឋបាលស្រុកស្វាយលើ ត្រូវសហការជាមួយមន្ទីរកិច្ចការនារី និងអធិការស្រុក ដោយប្រើយន្តការ តាមនីតិវិធីរបស់សមត្ថកិច្ច ក្នុងការអញ្ជើញភាគីខាងពាក់ព័ន្ធ ដើម្បីចូលមកធ្វើការដោះស្រាយនៅក្រៅប្រព័ន្ធ តុលាការ ទៅតាមបែបបទនីតិវិធី (ករណ៏ព្រមព្រៀងបែបអនីតិសង្វា)។

៦. រដ្ឋបាលស្រុកអង្គរធំ ពិនិត្យ និងកែសម្រួលសមាសភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សឡើងវិញ និងធ្វើការរៀបចំផែនការសកម្មភាព និងថវិកា ដោយប្រើប្រាស់ថវិកា នៅក្នុងកញ្ចប់ថវិកាសេវា សង្គម សម្រាប់ដំណើរការកិច្ចប្រជុំ និងសកម្មភាពផ្សព្វផ្សាយក្នុងការទប់ស្កាត់ពើជួញដូរមនុស្ស ៕

website_news/2022160502.txt · Last modified: 2022/05/16 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki