website_news:2022160503

អង្គការសង់ត្រាល់សម្ពោធមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ដើម្បីប្រឹក្សាយោបល់ពីសុវត្ថិភាពចំណាកស្រុក

https://www.postkhmer.com/ មុំ គន្ធា | Publication date 15 May 2022 | 18:57 ICT

បន្ទាយមានជ័យៈ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានសម្ពោធនូវមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ហៅកាត់ថា MRC ក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៣ ខែឧសភា ដើម្បីបម្រើសេវាប្រឹក្សាយោបល់ពីសុវត្ថិភាពចំណាកស្រុកដល់ប្រជាពលរដ្ឋ ជាពលករដែលចង់ស្វែងយល់ពីព័ត៌មានទាក់ទងនឹងការធ្វើចំណាកស្រុកដោយសុវត្ថិភាព។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានលើកឡើងថា អង្គការសង់ត្រាល់បានបើកមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC) នេះឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ ក្នុងការជួយដល់ប្រជាពលរដ្ឋ ពលករ ស្វែងយល់ពីការចំណាកស្រុក។ លោកបានថ្លែងថា ៖ «ទី ១ MRCជាទីតាំងដែលផ្ដល់ព័ត៌មាន ស្ដីពីសុវត្ថិភាពចំណាកស្រុក ជួយផ្ដល់សេវា ដោយឥតគិតថ្លៃដល់ពលករចំណាកស្រុក និងអតីតពលករចំណាកស្រុកឬជនរងគ្រោះដោយសារការជួញដូរមនុស្ស និង ជួញដូរកម្លាំងពលកម្ម»។ លោក មឿន តុលា បានបន្តថា ទី ២ គឺ MRC ជាទីតាំងធនធាន បណ្ណាល័យ សម្រាប់ពលករចំណាកស្រុក ពលរដ្ឋ និងសិស្សនិស្សិតសម្រាប់ការស្រាវជ្រាវ ទាក់ទង នឹងវិស័យការងារ ទី ៣ គឺជាកន្លែងផ្ដល់វគ្គបណ្ដុះបណ្ដាល ឬ ជាកន្លែងសម្រាប់រៀបចំបណ្ដុះបណ្ដាល ដល់ពលករ ពីសិទ្ធិពលករ ឬសុវត្ថិភាពចំណាកស្រុក។ ចំណែកគោលបំណងទី ៤ គឺជាកន្លែង សម្រាប់ពលករចំណាកស្រុក និងក្រុមអ្នកប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុក ឬហៅថា SMA ជួបជុំគ្នា ពិភាក្សា ពីបទពិសោធ និងមេរៀនសម្រាប់ផ្សព្វផ្សាយដល់ពលរដ្ឋតាមសហគមន៍ហើយទី ៥ គឺជាកន្លែង សម្រាប់ទំនាក់ទំនងគ្នា ចងបណ្ដាញរវាងវិស័យផ្សេងទៀត។

លោក មឿន តុលា បានលើកឡើងទៀតថា៖ «ខ្ញុំសង្ឃឹមថាមជ្ឈមណ្ឌលថ្មីនេះនឹងអាចចូលរួមចំណែកជាមួយនឹងអាជ្ញាធរមូលដ្ឋានក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម និងការជួញដូរនានាក្នុងខេត្តបន្ទាយមានជ័យនេះនឹងទទួលបានព័ត៌មានច្បាស់អំពីសុវត្ថិភាពចំណាកស្រុកមុនពេលសម្រេចចិត្តធ្វើចំណាកស្រុក និងអាចឈានដល់ការកាត់បន្ថយនូវហានិភ័យនានាផងដែរ»។

អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ លោក ហុង ប្រកប បានលើកឡើងថា ការផ្តល់ការប្រឹក្សា និងការផ្តល់ព័ត៌មានជាក់លាក់មួយពាក់ព័ន្ធនឹងសុវត្ថិភាពការងារចំណាកស្រុកទៅដល់ពលករពិតជាមានសារៈសំខាន់ណាស់ហើយរាជរដ្ឋាភិបាលបានខិតខំក្នុងការបង្កើតនូវលិខិតបទដ្ឋានគតិយុត្តជាច្រើនដើម្បីការពារសិទ្ធិពលករ។ លោកបានមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះទៅ យើងមានមជ្ឈមណ្ឌលមួយដើម្បីសម្រាប់ពលករយើងទទួលព័ត៌មានជាក់លាក់មួយសម្រាប់ពលករយើង ឬប្រជាពលរដ្ឋយើងចង់ទៅធ្វើការនៅក្រៅប្រទេស។ ពលករយើងនឹងទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់ការទៅធ្វើការនៅក្រៅប្រទេស»។

ជាមួយគ្នានោះដែរ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានអំពាវនាវទៅដល់ប្រជាពលរដ្ឋក៏ដូចជា ពលករខ្មែរ កុំជឿលើមេខ្យល់ក្នុងការនាំទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដោយសារកិច្ចការងារអ្វីក៏ដោយត្រូវតែធ្វើដោយស្របច្បាប់ត្រឹមត្រូវ។ លោកស្រីមានប្រសាសន៍ថា៖ «គ្រាន់តែមេខ្យល់ក្នុងមួយរដូវនៃបរិបទកូវីដនេះយើងបានចាប់គាត់បានរហូតដល់ជាង១០០នាក់។ ខ្ញុំបានសម្ភាសផ្ទាល់ជាមួយបងប្អូនពលរដ្ឋយើងមួយចំនួននៅក្នុងមណ្ឌលចត្តាឡីស័ក គឺពួកគាត់ចាញ់បោកគេដោយបានចំណាយលុយឱ្យមេខ្យល់តែត្រូវបានគេយកទៅទម្លាក់ចោលមិនមានការងារឱ្យ។ នេះដោយសារតែពួកគាត់មិនទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការធ្វើចំណាកស្រុក»។ លោកស្រី ក៏បានស្នើទៅដល់ពលករដែលមានបទពិសោច្រើនមានចំណេះដឹងច្រើនទាក់ទងនឹងការធ្វើចំណាកស្រុកនេះ ជួយធ្វើការផ្សព្វផ្សាយដល់យុវជនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រុមគ្រួសារដើម្បីឱ្យពួកគាត់បានយល់ច្បាស់អំពីបញ្ហាទាំងអស់នេះ ដើម្បីចៀសវាងការចាញ់បោកមេខ្យល់ក្នុងការធ្វើចំណាកស្រុកនេះ៕

website_news/2022160503.txt · Last modified: 2022/05/16 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki