website_news:2022160801

កម្ពុជា ស្នើអាមេរិកប្រាប់ពីកង្វល់របស់ខ្លួន លើករណីជួញដូរមនុស្ស ដើម្បីកែលម្អ ជាជាងយកទៅផ្សព្វផ្សាយ

https://www.btv.com.kh/ 2022/08/12 02:45:46 pm

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានស្នើទៅអាមេរិក ក្នុងនាមជាប្រទេសមានកិច្ចសហប្រតិបត្តិរួមគ្នា ប្រាប់ពីកង្វល់របស់ខ្លួនមកកាន់ម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើការរួមគ្នាកែលម្អ ជាជាងយកទៅផ្សព្វផ្សាយដុតឲ្យខ្លោចរោចឲ្យឆៅ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា អំពើជួញដូរមនុស្សកំពុងកក្រើកមានភាពស្មុគស្មាញ ព្រោះជាបញ្ហាសកល ដែលកើតឡើងទាំងនៅក្នុងប្រទេសតូច និងប្រទេសធំ ហើយមិនអាចប្រទេសណាមួយធ្វើតែម្នាក់ឯងបាននោះទេ ។ លោកជំទាវ បានបន្តថា ចំពោះកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ លើការងារប្រយុទ្ធប្រឆាំង តាមរយៈការអនុវត្តនូវគោលការណ៍ចំនួន ដែលប្រទេសក្នុងពិភពលោកធ្វើដូចគ្នា ក្នុងនោះ គឺការទប់ស្កាត់ ការបង្ក្រាប ការដាក់ទោសលើជនល្មើស និងការធ្វើកិច្ចសហប្រតិបត្តិជាមួយប្រទេសដៃគូនានា ។

លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា ទោះបីជាកម្ពុជា និងដៃគូបានខិតខំទប់ស្កាត់ បង្ក្រាបបទល្មើសអំពើជួញដូរមនុស្សជាបន្តបន្ទាប់ ប៉ុន្តែជនល្មើសនៅឆ្លៀតឱកាស ក្នុងការប្រព្រឹត្តិ ហើយក្នុងនាមជាប្រទេសជាដៃគូរ បើមានកង្វល់អ្វីលើអំពើជួញដូរមនុស្សនៅកម្ពុជាគួរប្រាប់ផ្ទាល់ ដែលវាល្អប្រសើរជាងយកទៅផ្សព្វផ្សាយ ព្រោះកម្ពុជាមិនដែលព្រងើយកន្ដើយនោះឡើយ លើបញ្ហាជួញដូរមនុស្ស និងទទួលយកនូវកិច្ចសហប្រតិបត្តិការ ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា កាលពីឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូ បានចុះផ្សព្វផ្សាយអប់រំពីបញ្ហាអំពើជួញដូរមនុស្ស ទៅប្រជាពលរដ្ឋបានជាង ៦លាននាក់ ជួយរំដោះពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្សជាង ១០០០នាក់ បានបញ្ជូនករណីល្មើសទៅតុលាការចំនួនជាង ៥០០ករណី ខណៈបច្ចុប្បន្នពលរដ្ឋខ្មែរ កំពុងធ្វើការចំណាក់ស្រុកទៅក្រៅប្រទេសមានជាង ១លាននាក់ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ នៃការជួញដូរមនុស្ស ដែលការដាក់ចំណាត់ថ្នាក់មិនល្អនេះ ត្រូវបានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ជាការផ្ដល់ភាពអយុត្តិធម៌ ដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា និងដៃគូផ្សេងៗ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

website_news/2022160801.txt · Last modified: 2022/08/16 11:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki