website_news:2022160802

មន្ត្រី៖ តុលាការកម្ពុជាកាត់ក្ដីយ៉ាងម៉ឺងម៉ាត់រាល់អំពើជួញដូរមនុស្ស និងការផ្ដន្ទាទោសជនល្មើស

https://www.btv.com.kh/ 2022/08/12 03:44:05 pm

ភ្នំពេញ៖ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងថា រាល់ករណីអំពើជួញដូរមនុស្ស គឺតុលាការកម្ពុជា បានកាត់ក្ដីយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុត រួមទាំងបានផ្ដន្ទាទោសចំពោះជនល្មើស ហើយរាល់នីតិវិធី ធ្វើឡើយតាមដំណាក់កាល ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កេង សុម៉ារិទ្ធ មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ មិនអាចស្នើសុំឲ្យស្ថាប័នតុលាការ ដាក់ទោសទណ្ឌលើបុគ្គលណាមួយ ក្នុងកម្រិតធ្ងន់ ឬកម្រិសស្រាលបាននោះទេ ដែលនោះជាឯករាជ្យភាពរបស់តុលាការ ។ ឯកឧត្តមបានបន្តថា ប៉ុន្តែក្រសួងយុត្តិធម៌បានយកចិត្តទុកដាក់ណែនាំ ដោយស្នើសុំនូវកិច្ចសហការ និងជំរុញការអនុវត្តទៅលើការបង្ក្រាប ការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្ដន្ទាទោស ដែលត្រូវអនុវត្តឲ្យម៉ឺងម៉ាត់បំផុត ចំពោះករណី ឬរឿងក្ដីទាំងឡាយណា ដែលបានបញ្ជូនមកតុលាការ ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្ថែមថា កន្លងមកមានសំណុំរឿងជាច្រើន ដែលបានកសាងជាទិន្ន័យ ហើយធ្វើការរាយការណ៍ជាប្រចាំ ឃើញថាស្ថាប័នតុលាការ រាប់ទាំងដំណាក់កាលព្រះអយ្យការ ដំណាក់កាលស៊ើបសួរ ដំណាក់កាលជំនុំជម្រះ គឺយកចិត្តទុកដាក់ខ្ពស់ទាំងលើចំណាត់ការនៃរឿងក្ដីទាំងអស់នេះ ទាំងអនុវត្តតាមច្បាប់ នីតិវិធីជាធរមានយ៉ាងម៉ឺងម៉ាត់ រហូតឈានដល់ការផ្ដន្ទាទោស ចំពោះជនល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្ស ដែលការកាត់ទោសនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ដោយប្រព័ន្ធតុលាការកម្ពុជា ។ ឯកឧត្តម កេង សុម៉ារិទ្ធ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២ នៅស្ថាប័នអយ្យការទទួលបានសំណុំរឿងចំនួន១៩៥រឿង ពាក់ព័ន្ធអំពើជួញដូរមនុស្ស ក្នុងនោះចំនួន១៥៣រឿង បានចាត់ការរួចរាល់ នៅសល់ចំនួន ៤២រឿងទៀត កំពុងបន្តនីតិវិធី ។ នៅក្នុងដំណាក់កាលស៊ើបសួរ ទទួលបានចំនួន ១៧៨សំណុំរឿង ដំណាក់កាលជំនុំជម្រះទទួលបាន ២៨០សំណុំរឿង ៕ អត្ថបទ ៖ បាន សុខរិទ្ធ

website_news/2022160802.txt · Last modified: 2022/08/16 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki