website_news:2022160804

កម្ពុជាប្តេជ្ញាបង្ក្រាបការជួញដូរមនុស្ស

https://www.khmertimeskh.com/ Khmer Times August 13, 2022

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាបានបង្រ្កាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ដោយបានដោះស្រាយចំនួន ៣៥៩ករណី ក្នុងឆ្នាំ២០២១ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន ១៥៥ករណី ក្នុងឆ្នាំ២០២០។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ដោយសាររដ្ឋាភិបាលកំពុងមមាញឹកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឧក្រិដ្ឋជនមួយចំនួនបានព្យាយាមរត់ពន្ធមនុស្សឆ្លងព្រំដែនកាលពីឆ្នាំមុន។ មន្ត្រីរូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា “ឆ្នាំ២០២១ គឺជាឆ្នាំដែលយើងបានកត់ត្រាចំនួនខ្ពស់បំផុតនៃការបង្ក្រាបករណីជួញដូរមនុស្ស”។ លោកស្រីបានបន្ថែមថា “នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីការពារ និងជួយសង្គ្រោះមនុស្សពីការជួញដូរមនុស្សគ្រប់ទម្រង់”។ លោកស្រី ជូ ប៊ុនអេង ដែលជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សផងដែរនោះ មានប្រសាសន៍ថា នៅឆ្នាំ២០២១ មានជនសង្ស័យជួញដូរមនុស្សចំនួន ៥៣៨នាក់ ត្រូវបានបញ្ជូនទៅតុលាការ ខណៈជនរងគ្រោះចំនួន ១,៥៧៧ នាក់ត្រូវបានសង្គ្រោះ។ លោកស្រីបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលប្តេជ្ញាលុបបំបាត់រាល់ទម្រង់នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ៕ ស៊ីនហួ

website_news/2022160804.txt · Last modified: 2022/08/16 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki