website_news:2022160805

ឆ្នាំ២០២១ កម្ពុជាបង្ក្រាបអំពើដូរមនុស្សជាង ៣៥០ករណី និងសង្គ្រោះជនរងគ្រោះជាង១៥០០នាក់

https://btv.com.kh/ 2022/08/13 12:44:07 pm

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាបង្ក្រាបបទល្មើសជួញដូរ មនុស្សបានជាង ៣៥០ករណី ដែលការបង្ក្រាបនេះ បានច្រើនជាងឆ្នាំណាៗទាំងអស់ និងបានជួយ សង្គ្រោះជនរងគ្រោះចំនួនជាង ១៥០០នាក់ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា នៅឆ្នាំ២០២១ ក្នុងដំណាក់កាល ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូ បានធ្វើការផ្សព្វផ្សាយពីករណីជួញដូរមនុស្ស ទៅដល់ប្រជាពលរដ្ឋចំនួនជាង ១២ម៉ឺន៨០០០លើក ស្នើមនុស្ស ជាង៦លាននាក់ ។

លោកជំទាវ បានបន្តថា នៅក្នុងឆ្នាំ២០២១ ការបង្ក្រាបបទល្មើសជួញដូរមនុស្ស បានរហូតដល់ ៣៥៩ករណី និងបានបញ្ជូនជនសង្ស័យជាច្រើននាក់ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ខណៈ ឆ្នាំ២០១៩ បង្ក្រាបបានត្រឹម១៥៥ករណី គឺកើនឡើងទ្វេដង ហើយបានសង្គ្រោះជនរងគ្រោះរហូតដល់១ ៥៧៧នាក់ ដែលកាលពីឆ្នាំ២០១៩ គឺសង្គ្រោះបានត្រឹម ៤៦៧នាក់ ។ ក្នុងសន្និសីទនេះដែរ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានលើកឡើង ថា ប្រសិនបើពលរដ្ឋ ចង់រាយការណ៍ព័ត៌មានពាក់ព័ន្ធការជួញដូរមនុស្ស ដើម្បីឲ្យមានការបង្រ្កាបទាន់ពេលវេលា អាចទាក់ទង «Hotline របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស គឺ (១២៨៨) ហើយនៅពេល ដែលទូរស័ព្ទទៅ Hotlineនេះ មានការរអាក់រអួល គឺនៅមានហ្វេសប៊ុកផេករបស់នាយកដ្ឋានថែមទៀត ដែលអាចផ្ញើព័ត៌មានចូល ដើម្បីសហការគ្នាស្រាវជ្រាវ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

website_news/2022160805.txt · Last modified: 2022/08/16 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki