website_news:2022160904

ពលករខ្មែរម្នាក់ធ្វើការលើទូកនេសាទថៃរៀបរាប់ពីភាពជូរចត់ ពេលបានមកធ្វើការលើដីគោកវិញ

https://www.rfa.org/khmer/news/social-economy/a-cambodian-worker-on-thai-fishing-boat-describes-his-bitterness-when-worked-in-middle-of-the-sea-09132022050003.html ដោយ សុជីវី2022.09.13

ពលករខ្មែរម្នាក់ធ្វើការលើទូកនេសាទនៅកណ្ដាលសមុទ្រប្រទេសថៃ ដែលបានរួចជីវិតពីការធ្វើបាបកំឡុងពេលជាប់លើទូក រៀបរាប់ពីភាពជូរចត់ដែលបានហែលឆ្លងកាត់ ពេលបានមកធ្វើការលើដីគោកវិញ។ ពលករខ្មែររូបនេះថា លោកនៅតែដក់ជាប់ក្នុងអារម្មណ៍ជានិច្ចនូវទង្វើអមនុស្សធម៌ ដែលថៅកែថៃគាបសង្កត់ កេងកម្លាំងពលកម្ម ប្រើអំពើហិង្សា និងបង្ខំឲ្យធ្វើការ ដោយមិនបើកប្រាក់ឲ្យជាច្រើនឆ្នាំក្នុងពេលធ្វើការនៅកណ្ដាលសមុទ្រ។ អង្គុយមូរថ្នាំជក់ក្នុងបន្ទប់ជួលមួយជាយក្រុងបាងកក ពលករខ្មែរដែលធ្លាប់ចាញ់បោកមេខ្យល់ បញ្ឆោតយកទៅលក់បង្ខំឲ្យធ្វើការលើទូកនេសាទអស់រយៈពេល៣ឆ្នាំ នៅលើសមុទ្រជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ទម្លាយពីប្រវត្តិជីវិតជូរចត់នៅពេលធ្វើការលើទូកនេសាទ ដែលថៅកែថៃបានធ្វើបាបលោក និងពលករខ្មែរដទៃទៀតជិត៣០នាក់។

ពលករខ្មែរធ្លាប់ធ្វើការលើទូកនេសាទ ក្នុងខេត្តត្រាត (Trat) ប្រទេសថៃ មានស្រុកកំណើតនៅខេត្តតាកែវ លោក ញឹក គីម ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ថា ពេលលោកឈានជើងចូលប្រទេសថៃមុនដំបូង បានទៅធ្វើការតាមមេខ្យល់ណែនាំនៅលើទូកនេសាទមួយ ដោយថៅកែជនជាតិថៃទទួលឱ្យធ្វើការងារជាមួយដោយមិនចាំបាច់មានឯកសារស្របច្បាប់ទេ ។ លោកបន្តថា លោកបានធ្វើការនៅទីនោះប្រមាណ ៤ខែ ដោយថៅកែមិនបានបើកប្រាក់ខែឲ្យឡើយ ទើបលោកដឹងខ្លួនថា គេបោកលោកយកមកលក់ឱ្យជនជាតិថៃ។ លោកបន្តថា លើទូកនេសាទមានមេការ ៥នាក់ប្រដាប់ដោយកាំភ្លើងខ្លីគ្រប់ដៃចាំមើលការខុសត្រូវលើកម្មករនេសាទ ៣០នាក់ និងតែងតែគំរាមកំហែងបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ដោយឲ្យសម្រាកតែបន្តិចណាឡើយ ។ លោកប្រាប់ថា ពេលកម្មករឈឺ មេការមិនយកចិត្តទុកដាក់មើលថែនោះទេ ហើយបើកម្មករធ្វើការលែងបានមេការចាប់បោះទៅក្នុងសមុទ្រ។

លោកនិយាយទាំងឈឺចាប់ទៀតថា មេការប្រើកម្មករនេសាទឲ្យធ្វើការដូចសត្វធាតុ ពួកគេមិនបានចាត់ទុកពលករខ្មែរនៅលើទូកនេសាទទាំងនោះជាមនុស្សទេ ពេលដែលគេខឹងម្ដងៗ គេគប់ដបអំបែងខ្ទាតមកត្រូវកម្មករជាញឹកញយ រហូតបែកក្បាលចេញឈាមក៏មាន។ លោកបន្តថា កន្លែងដេករបស់កម្មករនេសាទ គឺមិនបានត្រឹមត្រូវទេ គ្រាន់តែចងអង្រឹងដេកជាជួរ ខ្លះក៏ដេកលើក្ដារបាតទូកតែម្ដង ពេលភ្លៀងធំទឹកសាចទទឹកអស់ ហើយរងាខ្លាំងដោយពុំបានដេកពួនទេ។ លោកអះអាងថា មានកម្មករនេសាទជាច្រើននាក់ ដែលត្រូវមេខ្យល់បោកយកទៅលក់ ឲ្យធ្វើជាទាសករលើទូកនេសាទថៃ កម្មករទាំងនោះមាន លាវ (Lao) ភូមា (Myanmar) និងខ្មែរ។ លោកឲ្យដឹងទៀតថា លោកបានជាប់លើទូកនេសាទអស់៣ឆ្នាំ ក្រោយមកគេបាននាំទូកចូលចត គេក៏បានផ្ដល់លុយថ្លៃពលកម្មមួយចំនួន ប៉ុន្តែពេលឡើងមកលើច្រាំងក៏ត្រូវប៉ូលិសមកចាប់ភ្លាមៗ យកទៅសាកសួរ ហើយពិន័យប្រាក់ចំនួនបីម៉ឺន(៣០.០០០)បាត។ «»

ចំណែកប្រពន្ធលោក ញឹក គីម គឺលោកស្រី ភា រុន ធ្វើការជាអ្នកលក់បាយឲ្យថៅកែជនជាតិថៃ ប្រាប់ថា ពេលបាត់ប្ដីមិនដឹងដំណឹង លោកស្រីបារម្ភពីប្ដីជាខ្លាំងនិងបានដើរសួររកប្ដី តែគ្មាននរណាស្គាល់។ លោកស្រីថា លោកស្រីចង់ទៅប្ដឹងប៉ូលិសឲ្យជួយតាមរកប្ដី តែមិនហ៊ានទៅ ព្រោះលោកស្រីមកធ្វើនៅប្រទេសថៃដោយខុសច្បាប់ ម្យ៉ាងទៀតពេលនោះលោកស្រីមិនទាន់ចេះភាសាថៃ មិនដឹងទៅពឹងនរណាឱ្យជួយនោះទេ។ លោកស្រីឲ្យដឹងទៀតថា ពេលប្ដីមិននៅលោកស្រីខំធ្វើការរកលុយមកចិញ្ចឹមកូនទាំងពីរប្រុស១ ស្រី១ ដោយលំបាក ទើបក្រោយមកបានដឹងដំណឹងប្ដីថា នៅរស់ និងបានមកជួបលោកស្រីនិងកូន។ «»

ទាក់ទងបញ្ហានេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរី ថា ករណីប្រើកម្លាំងពលករខ្មែរលើទូកនេសាទថៃ គឺមានច្រើនដូចការរាយការណ៍មែន ហើយអ្នកស្រីថា ខាងរដ្ឋាភិបាលបានចាត់វិធានការលើរឿងនេះហើយ ចំណែកពលករដែលរងគ្រោះពីការប្រើកម្លាំងទាំងបង្ខំ ពួកគេអាចដាក់ពាក្យបណ្ដឹងមកអាជ្ញាធរ ដើម្បីងាយស្រួលសមត្ថកិច្ចចុះស៊ើបអង្កេត និងបង្ក្រាបទាន់ពេល។ «»

ជុំវិញរឿងនេះដែរ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ អង្គការសង់ត្រាល់លោក ឌី ថេហូយ៉ា យល់ថា ដើម្បីរារាំងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលករឆ្លងដែនខុសច្បាប់ រដ្ឋាភិបាលត្រូវផ្សព្វផ្សាយចំណេះដឹងដល់ពលរដ្ឋខ្មែរឲ្យបានទូលំទូលាយជាងនេះ ចៀសវាងពលរដ្ឋខ្មែរធ្វើចំណាកស្រុកដោយខុសច្បាប់ ទៅតាមការបញ្ចុះបញ្ចូលពីមេខ្យល់។ លោកបន្តថា កត្តាដែលបណ្ដាលឲ្យពលរដ្ឋធ្វើចំណាកស្រុក ហើយចាញ់បោកមេខ្យល់ គឺភាគច្រើនពលរដ្ឋនៅតាមទីជនបទ ដែលខ្វះព័ត៌មាន ហើយមិនយល់ដឹងអំពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់។ «»ការស្ទង់មតិបង្ហាញថា ២០ភាគរយនៃកម្មករ និងប្រហែល ៥០ភាគរយនៃជនរងគ្រោះដោយការជួញដូរក្នុងវិស័យនេសាទរបស់ថៃ ទទួលរងគ្រោះថ្នាក់ការងារ ក៏ប៉ុន្តែពួកគេមិនទទួលបានសំណងអ្វីឡើយ។

ធនាគារពិភពលោករាយការណ៍ថា ប្រទេសថៃមានចំនួនកម្មករចំណាកស្រុកខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជិត ៤ លាននាក់ (៣.៧៦) នៅក្នុងឆ្នាំ២០១៥ ក្នុងនោះ ៥៣ ភាគរយមកពីប្រទេសភូមា ២៦ ភាគរយមកពីប្រទេសឡាវ និង២១ភាគរយមកពីកម្ពុជា។ ចំណែកទិន្នន័យរបស់រដ្ឋាភិបាលថៃវិញ បង្ហាញថា កម្មករចំណាក ស្រុកកម្ពុជា ឡាវ និងភូមា ដែលបានចុះឈ្មោះរួចរាល់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួនជិត ២លាននាក់ (១,៧២៦,៤១៥) ក្នុងនោះជិត ៥ម៉ឺននាក់ ចុះឈ្មោះធ្វើការក្នុងឧស្សាហកម្មនេសាទ។

របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់កំពុង ធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការ (Central) បង្ហាញថា មានពលករខ្មែរកំពុង ធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃប្រមាណ ២លាននាក់ធ្វើការ នៅក្នុងប្រទេសថៃ និងភាគច្រើនពួកគាត់កំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ច៕

website_news/2022160904.txt · Last modified: 2022/09/16 09:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki