website_news:2022161202

ជនជាតិតៃប៉ិរហូតដល់៣០០នាក់ដែលជាប់ពាក់ព័ន្ធនឹងការងារឆបោកនៅតែបន្តជាប់នៅក្នុងប្រទេសកម្ពុជា

https://www.khmertimeskh.com/501202366// Khmer Times December 14, 2022

មន្រ្តីតៃប៉ិម្នាក់កាលពីថ្ងៃអង្គារបាននិយាយថានៅតែមានជនជាតិតៃប៉ិប្រហែល ៣០០ នាក់ដែលត្រូវបានគេជឿថាជាជនរងគ្រោះនៃការងារឆបោកនៅប្រទេសកម្ពុជាមិនទាន់បានវិលត្រឡប់មកប្រទេសវិញទេសូម្បីតែបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់រដ្ឋាភិបាលក្នុងការនាំយកពួកគេមកផ្ទះវិញក៏ដោយ។

Wallace Chow អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេស បាននិយាយថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ រដ្ឋាភិបាលតៃប៉ិបានជួយក្នុងការបញ្ជូនជនជាតិតៃប៉ិចំនួន៤០៣ នាក់មកប្រទេសវិញ ដែលភាគច្រើនត្រូវបានគេបោកបញ្ឆោតឲ្យមកកម្ពុជាដើម្បីធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់ ហើយបន្ទាប់មកត្រូវបានគេបង្ខំឱ្យធ្វើការខុសច្បាប់អោយក្រុមជនពាល។ លោក Chow បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានជនជាតិតៃប៉ិចំនួន២៩៦ នាក់កំពុងស្ថិតនៅក្នុងស្ថានភាពនោះ ដោយមិនទាន់បានត្រឡប់មកទីក្រុងតៃប៉ិវិញទេ។ នៅពេលសួរថាតើអ្វីដែលធ្វើឱ្យមានការលំបាកក្នុងការជួយជនជាតិតៃប៉ិជិតចំនួន៣០០ នាក់ឱ្យត្រឡប់មកវិញ លោក Chow បាននិយាយថា ថ្មីៗនេះនគរបាលសកម្ពុជាបានដឹងថាមានក្រុមជនពាលជាច្រើនបានចាកចេញពីប្រទេសកម្ពុជាទៅលាក់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ឬឡាវ បន្ទាប់ពីនគរបាលក្នុងតំបន់បានបើកការវាយឆ្មក់ជាបន្តបន្ទាប់ដើម្បីតាមចាប់ពួកគេ។

លោក Chow បានបន្តថា ដូច្នេះ ជនជាតិតៃប៉ិ ២៩៦ នាក់នេះ ជាច្រើននាក់ ក៏អាចត្រូវបែកខ្ចាត់ខ្ចាយ នៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗគ្នា ដែលធ្វើឱ្យរដ្ឋាភិបាលតៃប៉ិពិបាកស្វែងរកពួកគេ ដើម្បីជួយសង្រ្គោះ។លោកក៏សង្ស័យថា ពួកគេខ្លះអាចជាសមាជិកនៃក្រុមជនពាល ឬអាចមានចេតនាផ្តាច់ទំនាក់ទំនងជាមួយគ្រួសាររបស់ពួកគេ។ លោក Chow បានបន្ថែមថា៖ «យើងអាចសង្គ្រោះបានតែអ្នកដែលត្រូវការការសង្គ្រោះប៉ុណ្ណោះ។

ចំនួនជនជាតិតៃប៉ិសរុបដែលគេជឿថាជាប់ក្នុងប្រទេសកម្ពុជាកាលពីមុនមានចំនួន៦៩៩នាក់ នេះបើយោងតាមតួលេខផ្តល់ដោយទីភ្នាក់ងារនគរបាលជាតិ (NPA)។ តួលេខនោះគឺជាការប៉ាន់ស្មានដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងតៃប៉ិ បន្ទាប់ពី NPA បានចាប់ផ្តើមត្រួតពិនិត្យទូទាំងប្រទេសក្នុងខែសីហា ដើម្បីទៅសួរសុខទុក្ខសមាជិកគ្រួសារនៃប្រជាជាតិតៃប៉ិចំនួន ៤,០០០ ដែលគេដឹងថាកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងពេលចុះសួរសុខទុក្ខ សមាជិកគ្រួសារមួយចំនួនបានរាយការណ៍ប្រាប់នគរបាលថា សាច់ញាតិរបស់ពួកគេបានបាត់ខ្លួន ឬអាចជាជនរងគ្រោះនៃការងារក្លែងក្លាយ បន្ទាប់ពីពួកគេមានការពិបាកក្នុងការទាក់ទងសាច់ញាតិរបស់ពួកគេ។ ទន្ទឹមនឹងនោះមនុស្សមួយចំនួនក្នុងចំណោម៦៩៩នាក់បានទូរស័ព្ទទៅការិយាល័យនៅក្រៅប្រទេសរបស់តៃប៉ិដើម្បីសុំជំនួយ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះជនជាតិតៃប៉ិដែលជាប់នៅក្នុងប្រទេសកម្ពុជាត្រូវបានចាប់ផ្តើមបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានលាតត្រដាងពីស្ថានភាពជនជាតិតៃប៉ិដែលបានធ្លាក់ចូលទៅក្នុងអន្ទាក់នៃការងារក្លែងក្លាយ។

ជាការឆ្លើយតប រដ្ឋាភិបាលក្រុងតៃប៉ិកាលពីថ្ងៃទី៨ ខែសីហា បានបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហា និងជួយនាំយកអ្នកដែលជាប់នៅទីនោះឲ្យមកផ្ទះវិញ។ ក្រុមការងារកំពុងធ្វើការដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីហានិភ័យទាក់ទងនឹងការងារ និងការធ្វើដំណើរទៅប្រទេសកម្ពុជា រួមទាំងតម្រូវអោយនគរបាលអាកាសយានដ្ឋានក្នុងទីក្រុងតៃប៉ិកាន់ស្លាកក្រើនរំលឹកអ្នកធ្វើដំណើរទៅកម្ពុជាអំពីការងារឆបោកនៅទីនោះ។

លោក Chow បាននិយាយថា ដោយសារតែកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ចំនួនមនុស្សដែលអះអាងថាជាជនរងគ្រោះដែលស្វែងរកជំនួយពីការិយាល័យនៅក្រៅប្រទេសរបស់តៃប៉ិនៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ទោះជាយ៉ាងនេះក្តី លោកបានរំលឹកថា ចំនួនជនរងគ្រោះអាចនឹងកើនឡើងម្តងទៀតក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទីក្រុងតៃប៉ិ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបន្ធូរបន្ថយវិធានការត្រួតពិនិត្យព្រំដែន ដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលមានជនជាតិតៃប៉ិកាន់តែច្រើនធ្វើដំណើរមកកម្ពុជា។ Focus Taiwan

website_news/2022161202.txt · Last modified: 2022/12/16 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki