website_news:2022161205

មន្ត្រីសិក្ខាមមកពីអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ សរុប៨៤នាក់ ទទួលបានវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីកិច្ចការងារការពារកុមារ

https://www.information.gov.kh/articles/93743 ចេញផ្សាយ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២

ភ្នំពេញ៖ មន្រ្តីសិក្ខាកាមមកពីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សរុប ៨៤នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គបំប៉នជំនាញស្តីពីកិច្ចការងារការពារកុមារ ដើម្បីបង្ការទប់ស្កាត់នូវរាល់អំពើហិង្សាលើកុមារគ្រប់ប្រភេទ ការកេងប្រវញ្ច និងរំលោភបំពានលើកុមារ នៅគ្រាដែលគេមើលឃើញថាការបំពាន និងការប្រព្រឹត្តបទល្មើសខុសច្បាប់ទៅលើកុមារពីសំណាក់ជនទុច្ចរិតត្រូវបានកើតឡើងជារឿយនៅក្នុងប្រទេសកម្ពុជា។

ពិធីបើកវគ្គបណ្តុះបណ្តាលធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ គឹម សុធី អនុប្រធាននាយកដ្ឋានកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងតំណាង ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ គឹម សុធី អនុប្រធាននាយកដ្ឋានកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាល លើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាមនគរបាលអនុវត្តច្បាប់ក្នុងការពង្រឹងសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងមានការយល់ដឹងពីផ្នែកច្បាប់បានទូលំទូលាយក្នុងការកំណត់អត្តសញ្ញាណ និងការផ្តល់សេវាដល់កុមារគ្រប់រូបពិសេសកុមារដែលប្រឈមការប្រើអំពើហិង្សា ការកេងប្រវញ្ច និងការរំលោភបំពាន ពីព្រោះថាការបំពេញភារកិច្ចរបស់អស់លោកលោកស្រីនាពេលបច្ចុប្បន្នគឺមានបទ ពិសោធន៍មិនទាន់គ្រប់គ្រាន់នៅឡើយនោះទេលើការងារកិច្ចការងារការពារកុមារ ដោយសារតែស្ថានភាពនៃភាពរីកចម្រើនហេតុការណ៍បទល្មើសកើតឡើងវិវឌ្ឍថ្មីៗរហូតគ្រប់ស្ថានភាពដូច្នេះទាមទារមន្រ្តីនគរបាលត្រូវតែរៀន សូត្រនិងទទួលយកចំណេះដឹងឱ្យបានច្រើនមានសមត្ថភាពខ្ពស់ក្នុងការកិច្ចការងារទប់ស្កាត់រាល់ការព្រព្រឹត្តអំពើខុសច្បាប់ទៅលើកុមារ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង បានលើកឡើងថា កិច្ចការងារការពារកុមារនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងបានដាក់ចេញនូវបទបញ្ជានិងផែនការនានាក្នុងការយកចិត្តទុកដាក់លើកិច្ចការពារបង្ការទប់ស្កាត់រាល់អំពើហិង្សាលើកុមារគ្រប់ប្រភេទ ការកេងប្រវញ្ច និងរំលោភបំពានលើកុមារ ពីព្រោះថាកុមារជាទំពាំងស្នងប្ញស្សីសម្រាប់ប្រទេសជាតិ ហើយកន្លងមមកជនល្មើសដែលបានប្រព្រឹត្តបទល្មើសគ្រប់ទំរង់ទៅលើកុមារតែងត្រូវបានចាប់ឃាត់ខ្លួនយកទៅអនុវត្តច្បាប់ ដោយមិនលើកលែងនោះទេ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីកិច្ចការងារការពារកុមារ គឺដំណើរការរៀនសូត្ររយៈ ពេល៣ថ្ងៃ សិក្ខាកាមជាអធិការរង នាយផ្នែក នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ដែលទទួល ការងារព្រហ្មទណ្ឌ ការងារកិច្ចការប៉ុស្តិ៍រដ្ឋបាល និង គ្រឿងញៀនមកទទួលយកការបណ្តុះបណ្តាលនេះ៕ ប្រភព៖ ទទក សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2022161205.txt · Last modified: 2022/12/16 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki