website_news:2022161206

ប៉ូលីសអន្តរជាតិចាប់ឃាត់ខ្លួនឈ្មួញជួញដូរមនុស្ស ២៧០នាក់

https://www.rfi.fr/km//20221214-ref=tgi ចុះផ្សាយនៅថ្ងៃ៖ 14/12/2022 - 16:16ដោយ៖ហេង ឧត្តម

ប៉ូលីសអន្តរជាតិ បានចាប់ឃាត់ខ្លួនឈ្មួញជួញដូរមនុស្ស ប្រមាណ ២៧០នាក់ នៅតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប។ ពួកជនល្មើសទាំងនោះ បានជួញដូរមនុស្សនិងជនភៀសខ្លួនខុសច្បាប់ ជាង ៩ ពាន់នាក់។ នេះជាការបញ្ជាក់របស់នគរបាលអាំងទែរប៉ូល មូលដ្ឋាននៅទីក្រុងលីយ៉ុង ប្រទេសបារាំង នៅថ្ងៃពុធ ទី១៤ធ្នូ គឺក្រោយពីបានចេញប្រតិបត្តិការពិសេស ចំនួន៥ថ្ងៃ។ ប៉ូលីសអន្តរជាតិ អាំងទែរប៉ូល បានបើកប្រតិបត្តិការពិសេស នៅក្នុងប្រទេសចំនួន ៣៥ ដែលចុះសកម្មភាពនៅតាមតំបន់សំខាន់ៗ គឺតាមផ្លូវទឹកនាវាចរណ៍ នៅអាកាសយានដ្ឋាន ស្ថានីយរថភ្លើង និង ច្រព្រំដែន។ តុល្យការបឋម ផ្សាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់នគរបាលអាំងទែរប៉ូល គឺជនល្មើសច្បាប់ ចំនួន ២៦៨ នាក់ ត្រូវចាប់ខ្លួន និងបញ្ចូលក្នុងពន្ធនាគារ ដោយត្រូវជាប់ចោទពីបទល្មើសជួញដូរមនុស្ស ជួញជនអន្តោប្រវេសន៍ខុសច្បាប់ ហើយនិងបទល្មើសក្លែងបន្លំឯកសារ ព្រមទាំងអំពើល្មើសសេពសន្ធវៈ ជាដើម។

ករណីបង្ក្រាបបណ្តាញជួញដូរនេះ ប៉ូលីសអន្តរជាតិ បានរកឃើញជនរងគ្រោះ ជាសរុប ប្រមាណ ជាង ៩ ពាន់នាក់ ភាគច្រើនសុទ្ធសឹងជាជនភៀសខ្លួនខុសច្បាប់ និងគ្មានទីកន្លែងចតពិតប្រាកដ។ ជនភៀសខ្លួនខុសច្បាប់ ភាគច្រើនមកពីតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ហើយមានទិសដៅចង់ទៅ តំបន់អាមេរិកខាងជើង។ ករណីនេះ គឺចេញតាមច្រកប្រទសម៉ិចស៊ិក ចំនួន ២ ៤០០នាក់ ដែលមកពីប្រទេសដើម គឺ វេណេស៊ុយអេឡា និងគុយបា។ បើមកពីទ្វីបអាហ្វ្រិក គឺភាគច្រើនចេញពីប្រទេស អង់ហ្គូឡា ប៊ួគីណាហ្វាសូ ហ្គីណេ និង អេត្យូពី។ ចំណែក តំបន់អាស៊ី គឺមានចេញពី នេប៉ាល់ និងបង់ក្លាដែស ជាដើម។ នៅប្រទេស នីហ្គារ៉ាហ្គ័រ ប៉ូលីសពិសេសអន្តរជាតិ រកឃើញជនភៀសខ្លួនខុសច្បាប់ ជាង ២ពាន់នាក់ ដែលចេញពីអាស៊ីកណ្តាល មានកោះហៃទី និង អេក្វាទ័រ ដែលមានចិត្តចង់ទៅបន្តជីវិត នៅសហរដ្ឋអាមេរិក និងកាណាដា។ នៅហុងឌុយរ៉ាស មានករណីជួញដូរក្មេងស្រី តាមរយៈបង្ខំឲ្យរកស៊ីបម្រើផ្លូវភេទ។ នៅសាវ៉ាដ័រ ម្តាយមួយចំនួន លក់កូនស្រីឲ្យបម្រើផ្លូវភេទ ហើយក្នុងនោះ ក៏មានដែរ ក្មេងស្រីពិការ ដែលត្រូវបង្ខំឲ្យលក់ខ្លួន។

ប៉ូលីស អាំងទែរប៉ូល ឲ្យឈ្មោះប្រតិបត្តិការពិសេស លើកនេះថា Turquesa IV ដែលធ្វើសកម្មភាពសកម្មជាប់ៗគ្នា ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី ២៨វិច្ឆិកា ដល់ ២ ធ្នូ ដោយមានជំនួយគាំទ្រហិរញ្ញវត្ថុពីក្រសួងការបរទេសកាណាដា។ ប្រតិបត្តិការកម្ចាត់ខ្សែជួញដូរមនុស្សនេះ បានធ្វើដែរ នៅប្រទេសក្វាតេម៉ាឡា ប៊ូលីវី បេរ៉ូ ប៉ារ៉ាហ្គាយ និងប្រេស៊ីល។ អគ្គលេខាធិការប៉ូលីសអន្តរជាតិ Jürgen Stock មានប្រសាសន៍បញ្ជាក់ថា ការជួយដូរមនុស្ស និងជួញដូរជនអន្តោប្រវេសន៍ខុសច្បាប់ គឺជាឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ និងរកបានលុយខុសច្បាប់រាប់ពាន់លានដុល្លារ។ ជនល្មើសយកលុយខុសច្បាប់ទាំងនោះ ទៅបំប៉នឧក្រិដ្ឋកម្មធំៗផ្សេងទៀត ដ៏គ្រោះថ្នាក់ និងដែលបំពាន់លើគោលការណ៍សិទ្ធជាមនុស្សដ្ឋានរបស់មនុស្ស៕

website_news/2022161206.txt · Last modified: 2022/12/16 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki