website_news:2022161209

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៦ ក្រោមប្រធានបទ "រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព" !

https://www.information.gov.kh/articles/93831 ចេញផ្សាយ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២

សៀមរាប៖ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅកាត់ថា គ.ខ.ប.ជ បានមានប្រសាសន៍ថា ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូ តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការបំផុសការយល់ដឹងអំពីព្រឹត្តការណ៍ និងស្ថានភាពពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលបាននឹងកំពុងកើតមាននៅក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការដាស់តឿនក្រើនរំលឹកអំពីភាពងាយរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងបង្ហាញអំពីការបេ្តជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់។

មានប្រសាសន៍នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ខួបលើកទី១៦ នាពេលព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រី យូ សុភា បានថ្លែងគាំទ្ររាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលនៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយអំពើឧក្រឹដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្ម ដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើប គួរឱ្យភ័យខ្លាចនិងស្អប់ខ្ពើមបំផុត។ លោកស្រីបន្តថា ការងារអនុវត្តច្បាប់មអាជ្ញាធរខេត្តសៀមរាប ក្នុងឆ្នាំ២០២២នេះ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបានបទល្មើសពាក់ព័ន្ធ នឹងការជួញដូរមនុស្សបានចំនួន ០៨ករណី (ថយចុះ៦ករណីបៀបនឹងឆ្នាំ២០២១ មាន ១៤ករណី) រួមមាន សញ្ចារកម្ម, អំពើជួញដូរមនុស្ស ១ករណី (ការនាំយកចេញដោយមិនស្របច្បាប់), រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ, ប្រទូស្តកេរខ្មាស់, អំពើហិង្សាក្នុងគ្រួសារ និងករណីសំអាតប្រាក់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្នុងនោះអាជ្ញាធរខេត្ត បេ្តជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព មិនអនុញ្ញាតឱ្យជនល្មើសមានឱកាសធ្វើសកម្មភាពលើទឹកដីនៃខេត្តសៀមរាបបានឡើយ។ បន្ថែមពីនោះរដ្ឋបាលខេត្តនឹងធ្វើការជំរុញបន្ថែមទៅដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការពង្រីកយន្តការ ការគ្រោងកញ្ចប់ថវិកាសេវាសង្គម បង្កើនការផ្សព្វផ្សាយ ការបង្ការទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាបបទល្មើស សង្គ្រោះជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើសជួញដូរមនុស្សឱ្យខានតែបាន។

ក្នុងឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានជួបប្រទះ ហើយក្នុងនោះប្រទេសកម្ពុជារបស់យើង ក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ រាជរដ្ឋាភិបាលកម្ពុជា តាមរយ:គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបន្តរៀបចំ និងកែសម្រួលទៅលើយន្តការគាំទ្រជាបន្តបន្ទាប់ ដើម្បីជាការឆ្លើយតប ទៅនឹងការវិវត្តនៃកលល្បិចរបស់ឧក្រិដ្ឋជន ដែលយន្តការជាតិនោះមានលក្ខណ:ទូលំទូលាយ ព្រមទាំងបានដាក់ចុះនូវផែនការយុទ្ធសាស្រ្តជាតិ ដោយបានផ្តោតសំខាន់លើការបង្ការទប់ស្កាត់ បង្ក្រាប កិច្ចការពារជនរងគ្រោះ យុត្តិធម៌ព្រហ្មទណ្ឌ (ការផ្ដន្ទាទោស) និងកិច្ចសហប្រតិបត្តិការជាដើម។

លោកជំទាវ បន្តថា កម្ពុជា នៅតែបន្តប្តេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់ឧក្រឹដ្ឋម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស ដើម្បីការពារផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ ប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធ និងកិច្ចការពាសុវត្ថិភាពមនុស្សជាតិទាំងមូល។ ជាមួយពីនោះ អង្គពិធីក៏មានហែរក្បួនព្យុះហយាត្រា នៅក្នុងក្រុងសៀមរាប ដើម្បីបង្ហាញដល់សាធារណជនឱ្យយកចិត្តទុកដាក់ចូលរួមការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2022161209.txt · Last modified: 2022/12/16 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki