website_news:2022170102

កម្ពុជានឹងនៅបន្តធ្វើការសន្ទនាគ្នាជាមួយនឹងខាងភាគីប្រទេសថៃ ក្នុងការផ្តល់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ចាក់ជូនពលករខ្មែរដែលធ្វើការនិងស្នាក់នៅប្រទេសនេះ

https://www.postkhmer.com/national/ មុំ គន្ធា | Publication date 15 January 2022 | 09:23 ICT

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា ប្រទេសកម្ពុជានឹងនៅបន្តធ្វើការសន្ទនាគ្នាជាមួយនឹងខាងភាគីប្រទេសថៃ ក្នុងការផ្តល់វ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនពលករខ្មែរដែលធ្វើការនិងស្នាក់នៅប្រទេសនេះ ខណៈដែលកម្ពុជាបានធ្វើការត្រៀមរួចរាល់ហើយ។ ទាក់ទងនឹងចំណុចនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងឱ្យដឹងក្នុងពេលលោកស្រីចុះពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៣ ខែមករា ថា ការយកវ៉ាក់សាំងទៅចាក់បាន លុះត្រាតែមានកិច្ចសហប្រតិបត្តិការ ពិសេសត្រូវមានការឯកភាព យល់ព្រមពីសាម៉ីប្រទេសដែលបងប្អូនពលករខ្មែររស់នៅផងដែរ។ លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ៖ «យើងមិនអាចកាន់វ៉ាក់សាំងយកទៅចាក់នៅស្រុកគេបានទេ ដែលវាជារឿងមួយរំលោភនូវអធិបតេយ្យភាពរបស់ប្រទេសគេ។ ដូចនេះយើងត្រូវតែគោរពនូវច្បាប់អន្តរជាតិ គោរពនូវអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ហើយយើងត្រូវឈរលើសហប្រតិបត្តិការល្អរវាងប្រទេសដែលយើងត្រូវការធ្វើកិច្ចសហប្រតិបត្តិការជាមួយគេ»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា កម្ពុជាបានធ្វើការត្រៀមរួចហើយនូវវ៉ាក់សាំងសម្រាប់ចាក់ជូនពលករខ្មែរ ប៉ុន្តែកម្ពុជានៅតែរង់ចាំនូវការអនុញ្ញាតពីប្រទេសនោះនៅឡើយ។ លោកស្រី ឱ វណ្ណឌីនថា ៖ «រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានចម្លើយអ្វីទាំងអស់ យើងនៅតែរង់ចាំរហូតមកដល់ពេលនេះ។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានព្យាយាមហើយ ហើយស្ថានទូតកម្ពុជាប្រចាំប្រទេសនោះ ខ្ញុំសុំមិននិយាយចំឈ្មោះប្រទេសនោះចុះ គឺបានខិតខំប្រឹងប្រែងហើយ តែអ្វីដែលសំខាន់គេនៅធ្វើការថ្លឹងថ្លែងសិន»។

គួររំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកថា កម្ពុជាចាំបាច់ត្រូវធ្វើការជាមួយភាគីថៃ ដោយលោកចង់ជូនវ៉ាក់សាំងទៅឱ្យភាគីថៃជួយគ្រប់គ្រង ដឹកជញ្ជូន និងជួយចាក់ជូនពលករខ្មែរនៅក្នុងប្រទេសថៃ។ ក៏ប៉ុន្តែ ការធ្វើបែបនេះទៅបាន លុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ។ លោកបានថ្លែងឱ្យដឹងថា ៖ «យើងមិនបានភ្លេចទៅដល់ពលរដ្ឋរបស់យើងដែលកំពុងធ្វើការនៅបរទេស ជាពិសេស នៅក្នុងព្រះរាជាណាចក្រថៃ ប៉ុន្តែបានឬមិនបានយ៉ាងណានោះ ក៏សុំឱ្យបងប្អូនពលករនៅក្នុងប្រទេសថៃមានការយោគយល់។ បើនៅក្នុងដីរបស់យើង អ្នកស្ម័គ្រចិត្តចាក់ គឺត្រូវតែបានចាក់»៕

website_news/2022170102.txt · Last modified: 2022/01/17 10:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki