website_news:2022170304

មួយរយៈក្រោយនេះ ពលករខ្មែរមកថៃ ត្រូវបានរកឃើញផ្ទុកអូមីក្រុង ប្រមាណ២០នាក់ក្នុងមួយថ្ងៃ

https://btv.com.kh/ 03/16/2022 02:03 PM

ឧត្ដរមានជ័យ៖ មួយរយៈពេលចុងក្រោយនេះ ដែលជិតដល់ពេលចូលឆ្នាំខ្មែរផងនោះ ពលករខ្មែររាប់រយនាក់ ក្នុងមួយថ្ងៃៗ បានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានរកឃើញផ្ទុកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ប្រមាណ២០នាក់ដែរ។ ការវិលត្រឡប់របស់ពលករខ្មែរនេះ គឺតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពី ម្សិលមិញពលករខ្មែរ ចំចួនជិត៣០០នាក់ បានវិលមកពីប្រទេសថៃ ដែលក្នុងចំនួននេះ ត្រូវបានរកឃើញ មានវិជ្ជមានកូវីដ-១៩ អូមីក្រុង ចំនួន២១នាក់ ខណៈកំពុងសម្រាកព្យាបាល ៣០០នាក់ និងធ្វើចត្តាឡីស័ក ៤០០នាក់។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ខណៈពេលមានរំហូរពលករខ្មែរដូច្នេះ វិធានការសុខាភិបាល កាន់តែត្រូវបានរឹតបន្តឹង ពិសេសគឺការធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឱ្យមានការនាំចូលមក ចម្លងក្នុងសហគមន៍បន្ថែមទៀត។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រុមការងារសុខាភិបាលជួរមុខ តែងតែពិនិត្យរកឃើញអ្នកវិជ្ជ មានកូវីដ-១៩ លើពលករមកពីថៃ ក្នុងរយៈពេលចុងក្រោយនេះ ហើយក្នុងចំណោមអ្នកទាំងអស់នោះ អ្នកខ្លះបានចាក់វ៉ាក់សាំងរួច ឯខ្លះទៀត ក៏ពុំទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ ចំពោះអ្នកដែលពុំទាន់បានចាក់វ៉ាក់សាំង ក្រុមការងារ តម្រូវឲ្យស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័កជាបណ្តោះអាសន្នសិន ដើម្បីតាមដានសុខភាព ទោះបីជាពួកគេពុំមានវិជ្ជមានកូវីដ-១៩ យ៉ាងណាក្តី។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបញ្ជាក់ថា ការវិលត្រលប់ពលករខ្មែរមកពីថៃ មានការកើនឡើង ច្រើនជារៀងរាល់ថ្ងៃយ៉ាងដូច្នេះ គឺដោយសារកត្តាភាគច្រើនពួកគេពុំសូវមានការងារធ្វើឲ្យបានទៀងទាត់ ព្រមជាមួយនឹងពិធីបុណ្សចូលឆ្នាំខ្មែរ ក៏បានខិតជិតមកដល់ផង៕អត្ថបទ៖ ឃិន សារិទ្ធ

website_news/2022170304.txt · Last modified: 2022/03/17 21:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki