website_news:2022170305

ក្រុមគ្រូពេទ្យរកឃើញពលករខ្មែរ៨នាក់ក្នុងចំណោម១៤០នាក់ វិជ្ជមានកូវីដ-១៩ បន្ទាប់ពីភាគីថៃចាប់បញ្ជូនមកវិញ

https://www.kampucheathmey.com/ ថ្ងៃពុធ ១៦ មីនា ២០២២ដោយ Sokhom Khon

ពលករខ្មែរ ដែលចូលក្នុងប្រទេសថៃករកការងារធ្វើ ដោយប្រថុយប្រថានខុសច្បាប់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនជាបន្តបន្ទាប់រហូតមានចំនួន១៤០នាក់ ហើយបានបញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាវិញ។

សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះ អាជ្ញាធររួមជាមួយកម្លាំងចម្រុះការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានសហការគ្នាដើម្បីទៅទទួលពលករខ្មែរពីសមត្ថកិច្ចថៃដែលបានបញ្ជូនឲ្យវិលត្រឡប់មកស្រុកវិញសរុបចំនួន១៤០នាក់ នៅចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំពោះពលករទាំង១៤០នាក់ រួមមានបុរសចំនួន៦៥នាក់ ពលករស្ត្រី៥៦នាក់ និងក្មេងចំនួន១៩នាក់ផងដែរ ដោយក្នុងនោះក្រុមគ្រូពេទ្យក៏បានពិនិត្យរកឃើញពលករ៨នាក់ មានផ្ទុកជំងឺកូវីដ១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលភ្លាមៗផងដែរ។

មន្ត្រីសុខាភិបាលបានឲ្យដឹងដែរថា ពលរដ្ឋដែលជាពលករទាំងអស់ខាងលើក្រោយការពិនិត្យឃើញចំនួន១១៣នាក់មានកាតចាក់វ៉ាក់សាំងត្រូវក្រុមគ្រូពេទ្យណែនាំអប់រំហើយអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ រីឯពលករដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវគ្រូពេទ្យបានបញ្ជូនទៅមណ្ឌលដើម្បីសម្រាកព្យាបាលជំងឺ និងធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាពនៅពេលក្រោយ៕ អត្ថបទ៖ សៅ សារិទ្ធ

website_news/2022170305.txt · Last modified: 2022/03/17 21:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki